ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ បានធ្វើកូដកម្មឈានដល់ថ្ងៃទីពីរហើយ ដើម្បីទាមទារប្រាក់ឈ្នួលរហូតដល់៩៣ដុល្លារអាមេរិក។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានកូដកម្មនេះបាននិយាយថា ចំនួនកម្មករចូលរួមធ្វើកូដកម្មបានកើនឡើងរហូតដល់៤៥%បើប្រៀបធៀបកាលពីថៃចន្ទ។ ក៏ប៉ុន្តែសមាគមកាត់ដេរកម្ពុជាបាននិយាយថា ចំនួនកម្មករបានថយចុះដោយកន្លែង។ ការធ្វើកូដកម្មថៃ្ងទីពីរនេះ មិនមានអំពើហិង្សាកើតឡើងរវាងក្រុមកម្មករ និងអាជ្ញាធរទេ។
«ការទាមទារថ្ងៃនេះ គឺមិនមែនតែសម្រាប់យើងទេ គឺសម្រាប់កូនយើង សម្រាប់ខ្លួនយើង សម្រាប់កូនចៅយើង ក្រោយៗមកទៀត»។
នៅតាមបណ្តោយផ្លូវជាតិលេខ២ ពីទីក្រុងភ្នំពេញឆ្ពោះទៅខេត្តកណ្តាល កម្មករកាត់ដេរជាច្រើនរាប់ស៊ិបនាក់ នៅតាមបណ្តារោងចក្រមួយចំនួន បានបន្តធ្វើកូដកម្មរបស់ខ្លួនឈានដល់ថ្ងៃទីពីរហើយ ។
ក្រុមកម្មករ បានចាក់ឧគ្ឃោសនាសព្ទបំពងសំឡេង និងចងបដាជាច្រើនផ្ទាំង នៅតាមបណ្តារោងចក្រមួយចំនួន ដើម្បីទាមទារឲ្យដំឡើងប្រាក់បៀវត្សរ៍រហូតដល់៩៣ដុល្លារអាមេរិកក្នុងមួយខែ ក្រោមការឃ្លាំមើលពីកម្លាំងសមត្ត្ថកិច្ចប្រដាប់ដោយអាវុធជាច្រើនរាប់សិបនាក់។ ក៏ប៉ុន្តែពុំទាន់មានរបាយការណ៍ អំពីអំពើហិង្សា និងការប៉ះទង្គិចគ្នារវាងក្រុមកម្មករ និងអាជ្ញាធរមានសមត្តកិច្ចទេ។
កញ្ញាម៉ាង សារី អាយុ៣០ឆ្នាំ ជាកម្មករកាត់ដេរសម្លៀកបំពាក់មួយនៅក្រុមហ៊ុន Golden Brother Investment បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា នៅថ្ងៃនេះ មានការចូលរួមរបស់ក្រុមកម្មករ ប្រហែលជាង៣០០នាក់។ កញ្ញាបានឲ្យដឹងទៀតថា កម្មករមិនចូលធ្វើការទេ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពីព្រោះគេចង់ទាមទារឲ្យក្រុមកម្មករទាំងអស់មានប្រាក់ឈ្នួលសមរម្យ។ កញ្ញាថ្លែងដូច្នេះថា៖
«គោលបំណងដែលធ្វើហ្នឹង ធ្វើដើម្បីទាមទារប្រាក់ខែពី៧៥ឡើងទៅដល់៩៣ដុល្លារ។ មានលុយអតីតភាព១០ដុល្លារ ហើយលុយមួយឆ្នាំពីរដុល្លារថែម»។
កំពុងតែឈរនៅមុខរោងចក្ររបស់ខ្លួនអ្នកស្រីខិន សាវង អាយុ៣៣ឆ្នាំ បាននិយាយថា បច្ចុប្បន្ន ប្រាក់បៀវត្សរ៍របស់កម្មករមិនអាចចំណាយគ្រប់គ្រាន់សម្រាប់ជីវភាពរបស់ពួកគេទេ។ អ្នកស្រីនិយាយបណ្តើរ បានបង្ហាញបង្កាន់ដៃបើកប្រាក់បណ្តើរ។ អ្នកស្រីនិយាយថា នៅខែនេះអ្នកស្រីទទួលបានប្រាក់បៀរវត្សរ៍តែ៥៤ដុល្លារប៉ុណ្ណោះ។ អ្នកស្រីបាននិយាយទៀតថា ប្រាក់ខែទាំងនេះមិនអាចធ្វើឲ្យជីវភាពរបស់យើងរស់នៅបានសមរម្យឡើយ ។ អ្នកស្រីថ្លែងថា៖
«ការទិញម្ហូបអាហារប្រចាំថ្ងៃហ្នឹង ធម្មតាលុយតិច យើងត្រូវរិះថាំ អាចជួបវិបត្តិពេលដែលយើងមានជំងឺខ្វះជីវជាតិ យើងមិនអាចមានកម្លាំងធ្វើការគ្រប់គ្រាន់ទេ ឧស្សាហ៍ឈឺ យើងត្រូវការលុយព្យាបាលជម្ងឺទៀត»។
សហព័ន្ឋសហជីព សមាគម និងសហភាពរោងចក្រកាត់ដេរចំនួន១៣ បានប្រកាសធ្វើកូដកម្មចំនួនប្រាំថ្ងៃ ហើយក្រោយមកមិនបានកំណត់រយៈពេលទេ ដើម្បីទាមទារប្រាក់ជីវភាពឲ្យបានសមរម្យ រហូតដល់៩៣ដុល្លារ ប្រាក់អតីតភាពការងារមួយឆ្នាំពីរដុល្លារ ប្រាក់ម៉ោងបន្ថែមសម្រាប់បាយប្រចាំថ្ងៃ មួយម៉ោង១០០០រៀល និងប្រាក់ការងារទៀងទាត់មួយខែ១០ដុល្លារ។
លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជា បាននិយាយថា ការចូលរួមរបស់ក្រុមកម្មករ បានកើនឡើងប្រមាណ៤៥% បើធ្វើការប្រៀបធៀបកាលពីថ្ងៃចន្ទ។ លោកបានបញ្ជាក់ថា នៅថ្ងៃអង្គារ៍នេះ ក្រុមកម្មករចូលរួមប្រមាណជាង១០ម៉ឺននាក់ និងចំនួន១០៣រោងចក្រ នៅក្នុងចំណោមរោងចក្រសរុបចំនួនជាង៣០០។ លោកអាត់ ធន បន្ថែមថា៖
«គឺការធ្វើនេះ យើងអត់ទៀងទេមកដល់ពេលនេះ គឺខ្ញុំសូមនិយាយថា បើមានការចរចាគ្នាណាមួយសមរម្យនោះ គឺយើងអាចឈប់មុនក៏ថាបាន។ ហើយបើសិនជាគ្មានការជជែកពិភាក្សាគ្នាទេ គឺវាអាចនឹងលើសពីការកំណត់ថ្ងៃរបស់យើង»។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា ការចួលរួមរបស់ក្រុមកម្មករមានការថយចុះនៅកន្លែងមួយចំនួន។ លោកឲ្យដឹងថា ការទាមទាររបស់កម្មករនឹងធ្វើឲ្យពួកគេខាតបង់ផលប្រយោជន៍។ លោកបន្តថា៖
«យើងមិនចង់ឲ្យគាត់ធ្វើអ្វីដែលមិនស្របទៅតាមនីតិវិធីទេ ហើយធ្វើឲ្យជីវភាពច្របូកច្របល់ នៅក្នុងសន្តិសុខសាធារណៈ ឬក៏របៀបរបបសង្គម យើងអត់ចង់ឃើញអញ្ចឹងទេ យើងចង់ឲ្យឃើញមានការរបៀបរៀបរយ ស្ងាត់ស្ងៀមដំណើការល្អ ដើម្បីកុំឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍និយោជក ក៏ដូចជាផលប្រយោជន៍កម្មករនយោជិតទូទៅ» ។
លោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ចំណែកលោកខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងាររបស់ក្រសួងការងារបានបដិសេធការធ្វើអត្ថាធិប្បាយណាមួយជុំវិញការធ្វើកូដកម្មរបស់ក្រុមកម្មករទេ៕