ការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម យ៉ុងអ៊ីលបាននាំឱ្យមានសំណួរយ៉ាងច្រើនចំពោះការវិវត្តន៍របស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធប្រល័យលោក ជាពិសេសលើបញ្ហាសន្តិសុខ ស្ថិរភាព និងអនាគតរបស់ប្រទេសកុម្មុយនិស្តមួយនេះ។
ការផ្តោតការយកចិត្តទុកដាក់ទាំងឡាយក្នុងពិភពលោកគឺសំឡឹងមើលទៅលើបញ្ហាថាតើ កូរ៉េខាងជើងមានបញ្ហាវិបត្តិនយោបាយ មានការបះបោរដណ្តើមអំណាចផ្ទៃក្នុងទេ សន្តិសុខក្នុងតំបន់និងពិភពលោកមានការប៉ះទង្គិចយ៉ាងណា? អ្នកណាជាអ្នកដឹកនាំថ្មី? ពលរដ្ឋអាចទទួលយកអ្នកដឹកនាំថ្មីបានទេ?
លោក បណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានថ្លែងថា៖
«ពេលអន្តរកាលគឺថាអាចមានការលំបាក។ ម្យ៉ាងទៀតអ្នកក្រៅក៏ដូចជា មិនទាន់ដឹងថាតើអ្នកបន្ត(អំណាច)ហើយនឹងគោលនយោបាយយ៉ាងម៉េចក្នុងពេល អន្តរកាលហ្នឹង»។
អតីតមេដឹកនាំកូរ៉េខាងជើងលោកគីម យ៉ុងអ៊ីលពេលនៅរស់ ធ្លាប់ប្រកាសតែងតាំងកូនប្រុសរបស់លោកម្នាក់គឺ លោក គីម ជុងអ៊ុន (Kim Jong Un) ជាអ្នក ស្នងតំណែងរបស់លោក។ សមដូចប្រាថ្នាមែនសេចក្តីរាយការណ៍នានាបាន និយាយឲ្យដឹងថាកូរ៉េខាងជើងបានប្រកាសឲ្យដឹងថាកូនប្រុសរបស់លោកគីមជាអ្នកស្នងតំណែងដ៏មហិមារ នៅក្រោយពេលដែលមានការជូនដំណឹងកាលពីថ្ងៃច័ន្ទអំពីការស្លាប់របស់លោក គីម យ៉ុងអ៊ីលដោយសារជំងឺគាំងបេះដូង។
លោកបណ្ឌិត ឡៅ ម៉ុងហៃបានថ្លែងថាបញ្ហាស្ថិតនៅលើការសម្រេចចិត្តរបស់ គណបក្សកុម្មុយនិស្តកូរ៉េក្នុងការបើកទូលាយផ្នែកទំនាក់ទំនងការទូតនិង ពាណិជ្ជកម្មអន្តរជាតិ ស្របតាមសេដ្ឋកិច្ចទីផ្សារដូចប្រទេសកុម្មុយនិស្ត វៀតណាម និងចិន ឬ តើចង់មានការផ្លាស់ប្តូរយ៉ាងម៉េច? ក្រៅពីបញ្ជាក់ពីស្ថាន ភាពលំបាកលោក ម៉ុងហៃបានសម្តែងការសង្ស័យអំពីការទទួលស្គាល់របស់ គណបក្សកុម្មុយនិស្តកូរ៉េខាងជើងចំពោះកូនឬចៅដូចជាអ្នកដឹកនាំជំនាន់មុន ដែលពួកគេចាត់ទុកថាជាវីរៈបុរសរបស់ប្រទេស។ លោក បន្ថែមថា៖
«ឬមួយក៏ក្នុងស្ថានភាពអញ្ចឹងគឺមានក្រុមខ្លះគេរើបម្រាស់ដែរម្ល៉ោះហើយក៏វាទៅជាសង្រ្គាមក្នុងស្រុកអញ្ចឹងទៅ តស៊ូប្រឆាំងឬមួយក៏បាក់បែកគ្នាឬ មួយក៏ឈ្នះ ទៅក៏គ្រប់គ្រងដោយបែបផែនផ្សេងទៅ»។
អតីតមេដឹកនាំកូរ៉េខាងជើងបានកាន់កាប់អំណាចតាំងពីឆ្នាំ១៩៩៤ បន្តពីឪពុករបស់លោកគឺសពលោកគីម អ៊ីលស៊ុងដែលជាមិត្តភ័ក្រស្និទ្ធស្នាលរបស់ ព្រះមហាវរៈក្សត្រសម្តេចឪព្រះនរោត្តម សីហនុ។ ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសមហាអំណាចចិនកុម្មុយនិស្តដែរ។
កូរ៉េខាងជើង កំពុងមានជម្លោះប្រដាប់អាវុធជាមួយកូរ៉េខាងត្បូង បានសាកល្បងកាំជ្រួចបាញ់ចម្ងាយជិតរបស់ខ្លួនមុនពេលដែលប្រកាសអំពីការស្លាប់របស់មេដឹកនាំខ្លួន។ តែគ្មានព័ត៌មានថាការបាញ់កាំជ្រួចនោះទាក់ទងនឹងការស្លាប់របស់លោក គីម យ៉ុងអ៊ីលទេ។ បណ្តាញព័ត៌មានកូរ៉េខាងជើងរាយការណ៍ថា ការស្លាប់របស់លោកគីម ជាការបាត់បង់ដ៏ធំសម្រាប់ប្រទេសកូរ៉េខាងជើង។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពចាត់ទុកថាការស្លាប់របស់លោក គីម ជុងអ៊ីលនាំឲ្យមានភាពស្រពិចស្រពិល។
«ភាពស្រពិចស្រពិលបានន័យថាយើងពុំទាន់ដឹងប្រាកដថាតើសម្រាប់អនាគតកូរ៉េខាងជើងថាតើអ្នកណាជាអ្នកមានអំណាចពិតប្រាកដនៅក្នុងនយោបាយនៅ កូរ៉េខាងជើងក៏ដូចជានយោបាយក្រៅប្រទេសដែរ។ យើងឃើញថា កូនរបស់គាត់ត្រូវបានគាត់លើកបន្តុបឡើងជំនួសគាត់។ ប៉ុន្តែដឹងថាតើមេទ័ពផ្សេងៗ អ្នកនយោបាយ ឥស្សរជនផ្សេងៗ តើគេមានគោលគំនិតអ្វី? តើគេនៅតែបន្តគាំទ្រកូនរបស់គាត់ឬក៏យ៉ាងម៉េច?ពីព្រោះនៅក្នុងនយោបាយក្នុងប្រទេស ក៏ដូចជាអន្តរជាតិវាតែងតែមានការប្រកួតប្រជែងដណ្តើមអំណាចគ្នា»។
លោក វណ្ណារិទ្ធបានអះអាងថា៖ ការប្រកួតប្រជែងអំណាចប្រសិនបើកើតមាន ឡើងវាអាចមានអស្ថិរភាពនយោបាយក្នុងប្រទេសនិងក្នុងតំបន់។
«ដូច្នេះការប្រកួតប្រជែងអំណាចហ្នឹងវាអាចឈានទៅរកអស្ថិរភាពនយោបាយនៅក្នុងប្រទេស។ នៅពេលដែលមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស កូរ៉េខាងជើងដូច្នេះលទ្ធភាពនៃការប្រើប្រាស់អាវុធណាមួយដើម្បីគំរាមកំហែង ដល់ប្រទេសជិតខាងអាចនឹងកើតឡើង។ នេះជាបញ្ហាមួយដែលគេចាប់អារម្មណ៍ ដែរបាទ»។
លោក វណ្ណារិទ្ធិបានអះអាងដែរថានេះជាឱកាសដែលប្រជាពលរដ្ឋកូរ៉េខាងជើង ដែលធ្លាប់ចាត់ទុកមេដឹកនាំរបស់ខ្លួនជាព្រះអង្គម្ចាស់ ឬព្រះអាទិទេពនោះអាច ផ្លាស់ប្តូរពេលមេដឹកនាំរបស់ខ្លួនបានស្លាប់បាត់បង់។
កូរ៉េខាងជើងជាប្រទេសឯកកោជាប់ទណ្ឌកម្មជាអន្តរជាតិដោយសារមហិច្ឆតាអាវុធប្រល័យលោក និងការកៀបសង្កត់ពលរដ្ឋផ្នែកសិទ្ធិសេរីភាព។
លោក នីក ហ្សាន់ (Nick Zahn) អ្នកស្រាវជ្រាវម្នាក់នៃអង្គការ Heritage Foundation របស់សរអាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថាមានក្តីបារម្ភច្រើនទាក់ទងនឹងអស្ថិរភាពក្នុងតំបន់និងវិបត្តិផ្ទៃក្នុងកូរ៉េខាងជើងដែលបណ្តាលពីការចាត់វិធានការបែបច្រឡោតណាមួយរបស់លោកគីមជុងអ៊ុនលើមេដឹកនាំ ឬឥស្សរជនសំខាន់ៗរបស់ប្រទេសដើម្បីពង្រឹងអំណាចរបស់ខ្លួន។ លោក Nick Zahnបានអះអាងដែរថារឿងការបើកចំហរផ្នែកទំនាក់ទំនងការទូតឬក៏ការចរចា៦ភាគីដែលនាំមុខដោយសរអាទាក់ទងនឹងរឿងដកហូតអាវុធប្រល័យលោកក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែរ។
«ជារឿងមិនច្បាស់លាស់ទេពេលនេះតើសកម្មភាពយ៉ាងណាដែលសរអា នឹងចាត់វិធានការចំពោះបញ្ហាកូរ៉េខាងជើងទាក់ទងនឹងការផ្លាស់ប្តូរនេះ។ បញ្ហាការទូតហាក់ដូចជានឹងត្រូវមានភាពថមថយជាថ្មីទៀតក្នុងពេលដែលគីម ជុង អ៊ុនពង្រឹងអំណាច»។
លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានថ្លែងថាពេលជនផ្តាច់ការស្លាប់តែងតែមានការប្រជែងអំណាច។ ក្នុងស្ថានភាពកូរ៉េខាងជើង អ្នកខ្លះអាចប្រើសន្លឹកបៀជាតិនិយមដោយដើរដង្ហែរក្បួនដោយកម្លាំងទ័ពនិងប្រជាជន។ ហើយលោក គីម ជុងអ៊ុនអាចគ្រវីដាវរបស់គាត់ប្រឆាំងនឹងកូរ៉េខាងត្បូង និងជប៉ុន ហើយនឹងប្រទេសផ្សេងទៀតដែលលោកសាស្ត្រចារ្យ Ciorciari ចាត់ទុកថាជារឿងអាចមាន «មហន្តរាយដ៏ខ្លាំងក្លា»។
«បញ្ហានានាអាចធ្លាក់ក្នុងស្ថានភាពអាក្រក់មុនពេលល្អប្រសើរ សម្រាប់ពលរដ្ឋកូរ៉េខាងជើង ដែលមានសំណាងមិនល្អ តែយ៉ាងហោចណាស់ការស្លាប់របស់លោកគីម យ៉ុងអ៊ីលជាលទ្ធភាពសម្រាប់ការផ្លាស់ប្តូរវិជ្ជមាន។ ប្រទេសខាងក្រៅគួរសំឡឹងមើលការបើកចំហរដ៏តូចណាមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមអ្នកកែទម្រង់ហើយផ្តល់កំឡាំងដល់ពួកគេ»។
លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា (Barack Obama) បានសម្តែងក្តីបារម្ភចំពោះបញ្ហាកូរ៉េខាងជើង ដោយបានប្រកាសឲ្យដឹងពីការឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់ក្រៅពីមានសេចក្តីបញ្ជាក់ពីការទាក់ទងជាប្រចាំរវាងសរអាជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលម៉ិញដែរថាសរអានៅតែប្តេជ្ញាថែរក្សារស្ថិរភាពនៅឈូងសមុទ្រកូរ៉េនិងសេរីភាពហើយនឹងសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួនផងដែរ៕