អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនមា្ចស់កន្លែងជួសជុលរថយន្តមួយ បន្ទាប់ពីគាត់បានបង្កឲ្យមានគ្រោះអគ្គីភ័យមួយកណ្តាលទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។ គ្រោះអគ្គីភ័យដែលបានកើតឡើងរយៈពេលជិតពីរម៉ោងនេះ បានបំផ្លាញផ្ទះចំនួន៥ល្វែង រថយន្តចំនួន៤គ្រឿង និងមន្ត្រីប៉ូលិសអគ្គីភ័យមួយរូបរងរបួស។ មន្ត្រីប៉ូលិសបាននិយាយថា ឧប្បត្តិហេតុនេះបណ្តាលមកពីរថយន្តដឹកប្រេងមួយរបស់ក្រុមហ៊ុនSokimex ដែលបានផ្ទេរប្រេងខុសបច្ចេកទេស បានបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះតែម្តង។
យ៉ាងតិចមានផ្ទះចំនួនប្រាំល្វែងព្រមទាំងរថយន្តចំនួនបួនគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះ បំផ្លិចបំផ្លាញខ្ទេចខ្ទីអស់នៅកណ្តាលទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។
ក្រុមមន្រ្តីប៉ូលិសបាននិយាយថា ពុំមានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ទេ ក៏ប៉ុន្តែបានបណ្តាលឲ្យមន្រ្តីប៉ូលិសអគ្គីភ័យមួយរូបបានរងរបួសនៅខណៈពេលដែលពួកគេចុះបំពេញភារកិច្ចនិងប្រជាពលរដ្ឋមួយចំនួនទៀតបានទទួលរងរបួសតិចតូច ដោយសារលោតពីលើផ្ទះដើម្បីគេចចេញពីគ្រោះអគ្គីភ័យ។
លោកទូច ណារុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយនិង VOA សំឡេងសហរដ្ឋអាមេរិកនៅកន្លែងកើតហេតុថា គ្រោះអគ្គីភ័យដែលបានឆាបឆេះអស់រយៈពេលជិតពីរម៉ោងនេះ បណ្តាលមកពីរថយន្តដឹកសាំងមួយរបស់ក្រុមហ៊ុនសូគីម៉ិចបានផ្ទេរសាំងទៅឲ្យយានដ្ឋានជួសជុលរថយន្តមួយកន្លែង ហើយខុសបច្ចេកទេសបានបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះចេញពីរថយន្តមនោះតែម្តង។
«មូលហេតុគឺរថយន្តនៅក្នុងការ៉ាស់(យានដ្ឋាន)នេះ ប៉ុន្តែដំណើរការបូមប្រេងអីនៅហ្នឹងទៅ វាទុសេ(ឆ្លងភ្លើង)ឆេះទៅ ក៏បើកចេញមក វាមកផ្ទុះត្រង់ហ្នឹង ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនប្រាំល្វែង»។
យ៉ាងតិចមានរថយន្តអគ្គីភ័យចំនួនជិត១០គ្រឿង រួមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះភ្នំពេញអន្តរជាតិផង បានមកជួយអន្តរាគមន៍ក្នុងការពន្លត់អគ្គីភ័យនេះដែរ ក្រោមការយាមកាម និងការពារយ៉ាងតឹងតែងពីអាជ្ញាធរសមត្ថកិច្ចច្រើនរាប់សិបនាក់ប្រដាប់ដោយអាវុធ។
ក្រុមអាជ្ញាធរពុំទាន់បានវាយតម្លៃអំពីការខូចខាតនៅឡើយ ថាតើនឹងត្រូវអស់ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។
អ្នកស្រីពេជ ថាវី អាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះរស់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បាននិយាយថា ផ្ទះរបស់អ្នកស្រី រួមទាំងទ្រព្យសម្បត្តិយ៉ាងច្រើននៅក្នុងផ្ទះ ត្រូវបានឆេះបំផ្លាញខ្ទេចខ្ទីអស់។
អ្នកស្រីចង់ឲ្យក្រុមហ៊ុនសូគីម៉ិចចេញមកទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិរបស់អ្នកស្រី ដែលបានបាត់បង់នេះ។
«ខ្ញុំលោតពីដំបូលផ្ទះថ្មលើចុះមកក្រោមឡើងបាក់ចង្កេះ។ អត់ទេ ខ្ញុំយកប្រាស់អាយុ។ ចង់ងាប់ហើយលោតពីលើផ្ទះមក។ ចង់ទាមទារដែរ។ ឥឡូវវាអស់រលីងហើយ។ ខ្ញុំគ្មានសល់អីផង។ ចង់ឲ្យខាងក្រុមហ៊ុនចេញសង»។
លោកសុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិចពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ ជុំវិញឧប្បត្តិហេតុអគ្គីភ័យនេះ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា បាននិយាយថា អាជ្ញាធរនៅតែបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀតជុំវិញឧប្បត្តិហេតុគ្រោះអគ្គីភ័យនេះ៕