ភ្នំពេញ៖ សហគមន៍អ្នកជំនួញរបស់ប្រទេសបារាំង គ្រោងនឹងរៀបចំទិវាប្រទេសបារាំងដ៏ធំមួយជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប្រាំថ្ងៃ ចាប់ពីចុងសប្ដាហ៍នេះទៅ។ ទិវានេះជាឱកាសនៃការសម្លឹងរកច្រកពង្រីកការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុនសំខាន់ៗរបស់ប្រទេសបារាំងសរុបចំនួន៣៥គ្រោងនឹងធ្វើពិធីតាំងពិព័រណ៍ដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះ ដើម្បីអបអរទិវាសួស្ដីឡាហ្វ្រង់ឬសួស្ដីប្រទេសបារាំង ក្នុងគោលដៅដើម្បីជំរុញការពង្រីកពាណិជ្ជកម្មទ្វេភាគី និងបង្កើនទំនាក់ទំនងវប្បធម៌។ នេះបើយោងតាមការអះអាងរបស់ក្រុមមន្ដ្រីស្ថានទូតបារាំង នៅថ្ងៃច័ន្ទនេះ។
នៅក្នុងព្រឹតិ្តការណ៍រយៈពេលមួយសប្ដាហ៍នេះ គឺគិតចាប់ពីថ្ងៃសុក្រទី២៩ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆកានេះ ក្រុមហ៊ុនបារាំងទាំងនោះនឹងបង្ហាញពីផលិតផលរបស់ពួកគេដែលនាំចូលមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា មានការប្រឡងធ្វើម្ហូប មានការរៀបចំប្រគុំតន្ដ្រី និងការរៀបចំអាហារពេលល្ងាចផងដែរ។
លោកដូមីនិក ម៉ាស ភារធារីស្ដីទីអមស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា នេះគឺជាការរៀបចំសម្រាប់បង្កើតជាទិវាសេដ្ឋកិច្ចផង និងវប្បធម៌ផង។
"គោលបំណងគឺថាដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ហើយនៅក្នុងប៉ុន្មានថ្ងៃនៃសប្ដាហ៍នេះ គឺជាមធ្យោបាយមួយសម្រាប់ពួកយើងដើម្បីពង្រឹងការផ្លាស់ប្ដូរវប្បធម៌គ្នាផងដែរ"។
ទិវាប្រទេសបារាំង ឬហៅថា សួស្ដីឡាហ្វ្រង់នេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាត្រូវប្រារព្ធបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកា ដែលជាទិវាឯករាជ្យដណ្ដើមបានពីប្រទេសបារាំងកាលពីឆ្នាំ១៩៥៣ បន្ទាប់ពីបារាំងដាក់អាណានិគមអស់រយៈពេល៩០ឆ្នាំ។
ក្រុមហ៊ុនដែលចូលរួមនឹងធ្វើសកម្មភាពផ្សេងៗគ្នានៅទីតាំងសរុបចំនួន៣៣កន្លែងស្ទើរគ្រប់ជ្រុងនៃប្រជុំជនទីក្រុងភ្នំពេញ ក្នុងឱកាសទិវាសួស្ដីឡាហ្វ្រង់នេះ។
ក្រុមហ៊ុនបារាំងបាននាំផលិតផលនានាចូលមកកាន់ទីផ្សារប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩សរុបចំនួន៥០លានអឺរ៉ូ ឬស្មើនឹង៧០លានដុល្លារ។ ផលិតផលដែលនាំចូលពីប្រទេសបារាំង សំខាន់ជាងគេ គឺថ្នាំពេទ្យ និងគ្រឿងសម្អាងកាយ។ ដោយឡែកការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទៅផ្សារបារាំង រួមមានសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដែលមានទំហំទឹកប្រាក់សរុបចំនួន៨២លានអឺរ៉ូ កាលពីឆ្នាំមុន ឬស្មើនឹងជិត ១១៥លានដុល្លារអាមេរិក។
លោកដូមីនិក ម៉ាសមានប្រសាសន៍ថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងឱកាសនៃទិវាសួស្ដីឡាហ្វ្រង់នេះ។
លោកស្រី អាលីន ពែរ៉ែត(Aline Perrette)ទីប្រឹក្សារងផ្នែកសេដ្ឋកិច្ចអមស្ថានទូតបារាំងមានប្រសាសន៍ថា ទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងនាំមុខមួយដែលត្រូវការវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ហើយនឹងត្រូវការផលិតផលពីប្រទេសបារាំងផងដែរ។
បច្ចុប្បន្នមានក្រុមហ៊ុនបារាំងសរុបប្រមាណជា៥០ក្រុមហ៊ុនកំពុងរកស៊ីបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសាងសង់ និងគ្រប់គ្រងព្រលានយន្ដហោះ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មជាដើម៕