សហជីពសេរីកម្មករកម្ពុជា នៅថ្ងៃអង្គារ៍នេះ ចាប់ផ្ដើមរៃអង្គាសប្រាក់ពីក្រុមកម្មករ ដើម្បីបង់សំណងរដ្ឋប្បវេណីជំនួសលោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បន្ទាប់ពីលោកស្រីត្រូវបានតុលាការកំពូលកាត់ឲ្យចាញ់ក្តីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពីបទបរិហាកេរ្ត៍។ គណបក្សសម រង្ស៊ី គាំទ្រចំពោះសកម្មភាពរៃអង្គាសប្រាក់នេះ។
តុលាការកំពូលកាលពីថ្ងៃទី ២ ខែមិថុនា កន្លងទៅនេះ បានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ឋរណ៍ ដោយតម្រូវឲ្យលោកស្រីបង់ប្រាក់សំណងជាង២.០០០ដុល្លារអាមេរិក ជូនរដ្ឋាភិបាល និង ១.៩០០ ដុល្លារ អាមេររិកជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្ទាប់ពីតុលាការបានរកឃើញថា លោកស្រីមូរ សុខហួរ មានកំហុសពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងអង្គសន្និសិទការសែតមួយ កាលពីខែមេសាកន្លងទៅនេះ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជាបានបញ្ជាក់ថា សហជីពបានចាប់ផ្តើមប្រកាសដល់ក្រុមកម្មករទាំងអស់ឲ្យផ្តល់ប្រាក់តាមគោលការណ៍ស័្មគ្រចិត្ត ដើម្បីបង់សំណងរដ្ឋប្បវេណីជំនួសលោកស្រីមូរ សុខហួរ។
លោក ជា មុន្នី បានបញ្ជាក់ទៀតថា អ្វីដែលលោកបានធ្វើនេះ គឺជាគោលបំណងរបស់សហជីព និងក្រុមកម្មករទាំងអស់។ ក៏ប៉ុន្តែលោកជា មុន្នី បានសុំទោសដល់លោកស្រីមូរ សុខហួរ ចំពោះការរៃអង្គាសប្រាក់នេះ ដែលផ្ទុយទៅនឹងឆន្ទះរបស់លោកស្រី។ លោកមុន្នីបន្តទៀតថា៖
«រឿងនេះ បើយើងមិនជួយគ្នាទេ ធ្វើឲ្យវាកាន់តែធំ។ ទីមួយយើងឃើញថា ពិភពលោកគេលើកកំពស់ស្រ្តី ហើយនៅក្នុងប្រទេសកម្ពុជាយើងទៀតយើងឃើញថា ស្រ្តីនៅក្នុងជួររដ្ឋាភិបាល ក៏ដូចជានៅក្នុងអង្គនីតិបញ្ញត្តិ គឺមានស្រ្តីតិចណាស់ហើយយើងចង់បានស្រ្តីឲ្យមានលក្ខណៈក្លាហានដូចលោកជំទាវមូរ សុខហួរ»។
សហជីពសេរីកម្មករបានគ្រប់គ្រងរោងចក្រចំនួន ១៩៣ រោងចក្រ ដែលមានសមាជិកក្រុមកម្មករទាំងអស់ចំនួន៨៦.០០០នាក់ ។
លោក ជា មុន្នី បានមានប្រសាសន៍ថា ការរៃអង្គាសប្រាក់នេះ យើងមិនត្រឹមតែធ្វើ ចំពោះសមាជិកក្រុមកម្មករដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហជីពសេរីកម្មករនោះទេ ក៏ប៉ុន្តែយើងនិងប្រមូលដល់ក្រុមកម្មករនៅទូទាំងប្រទេស ។
កាលពី ពីរសប្តាហ៍មុន រតនាគារក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយទុករយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ដើម្បីឲ្យលោកស្រីមូរ សុខហួរ បង់ប្រាក់ពិន័យចំនួនពាក់កណ្តាល ចំនួន៨លាន និង៥សែនរៀល គឺស្មើនឹងប្រមាណជាង ២០០០ ដុល្លាសហរដ្ឋអាមេរិក ។
លោកស្រីមូរ សុខហួរ ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ពិន័យសរុបចំនួន១៦លាន និង៥សែនរៀល គឺស្មើនឹងជាង៤.០០០ ដុល្លាសហរដ្ឋអាមេរិក ។
លោក ស្រីមូរ សុខហួរបានបញ្ជាក់ប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិក តាមរយៈសារអេឡិចត្រូនិចថា លោកស្រីនឹងមិនបង់ប្រាក់ពិន័យទាំងនោះទេ ។
លោក គឹម សួរភិរិទ្ឋ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថា គណបក្សសម រង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារ៍នេះ ដោយគាំទ្រចំពោះការមិនបង់ប្រាក់របស់លោកស្រីមួរ សុខហួរ ។
ដោយឡែក ការរៃអង្គាសប្រាក់របស់សហជីពសេរីកម្មករក្នុងការបង់ប្រាក់ជំនួសលោកស្រីមូរ សុខ ហួរ នោះ ត្រូវបានលោកគឹម សួរភិរិទ្ឋ គាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ។