ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដាក់​ជនជាប់​ចោទ​ថៃ​៤នាក់​ទៀត​នៅ​ក្រៅ​ឃុំ


សកម្មជន​ថៃ (រាប់​ពី​ស្តាំ) Ratree Pipatanapaiboon, Veera Somkwamkid, Kochpontorn Chusanaseree និង Samdin Lersbusya, កំពុង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​​១៨​ខែ​មករា​ឆ្នាំ​២០១១។
សកម្មជន​ថៃ (រាប់​ពី​ស្តាំ) Ratree Pipatanapaiboon, Veera Somkwamkid, Kochpontorn Chusanaseree និង Samdin Lersbusya, កំពុង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​​១៨​ខែ​មករា​ឆ្នាំ​២០១១។

សាលា​ឧទ្ធរណ៍​បាន​ដោះលែង​ជនជាតិ​ថៃ​ចំនួន​៤រូប​ផ្សេង​ទៀត​ឲ្យ​នៅ​ក្រៅឃុំ​បណ្ដោះ​ អាសន្ន​បន្ទាប់ពី​មាន​ការ​បង់ប្រាក់​ធានា​ក្នុងម្នាក់ៗ​ចំនួន​២៥០​ដុល្លារ។ ក៏ប៉ុន្តែ​មេដឹកនាំ​បាតុករ​អាវលឿង ​ឈ្មោះ​វីរ៉ា ស៊ុមក្វាមឃីត (Veera Somkwamkid) ​មិនត្រូវ​បាន​ដោះលែង​ទេ។

លោក​ជួន ស៊ុនឡេង​ ប្រធាន​ចៅក្រម​នៃ​សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃអង្គារ៍នេះ​ បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​សាលាឧទ្ធរណ៍​បាន​សម្រេច ដោះលែង​ជនជាតិ​ថៃ​ចំនួន​បួនរូប​ផ្សេងទៀត​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​បន្ទា​ប់ពីមាន​ការ បង់ប្រាក់​ធានា​នៅក្នុង​ម្នាក់ៗ​ចំនួន​១.០០០.០០០រៀល ​គឺស្មើ​នឹង​ប្រមាណ​ជិត​២៥០​ដុល្លារ​សហ រដ្ឋអាមេរិក។ ក៏ប៉ុន្តែ​មេដឹនាំ​បាតុករ​អាវលឿង ​គឺ លោក​វីរ៉ា ស៊ុមក្វាមឃីត​ មិន​ត្រូវ​បាន​អនុញ្ញាត​ដោះលែង​ទេ។

លោក​ជួន ស៊ុនឡេង ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​បាន​ពិស្តារ​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​ទេ ​ដោយ​លោក​គ្រាន់តែ​បាន​បញ្ជាក់​ដោយ​ខ្លីថា ​យើង​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់។

«ទេ​អត់​មាន​ម៉េចទេ​ តុលាការ​យក​ទៅ​សម្រេច​ត្រឹមត្រូវ។ លទ្ធផល​ដោះលែង​បួន​នាក់​នៅ​ម្នាក់។ មាន​មូលហេតុ​ច្បាប់​ត្រឹមត្រូវ​ហើយ»។

លោក​វីរ៉ា ស៊ុមក្វាមឃីត ​នៅពេល​ដែល​មន្រ្តី​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញពី​បន្ទប់​សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ លោក នឹង​តស៊ូ​រឿងក្តី​នេះ​រហូតដល់​ទី​បញ្ចប់។

«នៅសល់​តែ​ខ្ញុំម្នាក់ទេ។​ ចំណែក​បួននាក់​ផ្សេងទៀត​ត្រូ​វបាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅឃុំ។វាគ្មាន​អ្វី​ទុកតែ​ខ្ញុំ​ម្នាក់ឯង​ទេ។ ខ្ញុំនឹង​តស៊ូ​រឿងក្តី​នេះ​ដល់​ទីបញ្ចប់»។

លោក​រស់ អូន​ និង​លោក​ប៉ិច វិច្ឆិកា ​សហមេធាវី​ការពារ​ក្តី​នៃជន​ជាប់ចោទ​ទាំងប្រាំពីរ​រូប​នេះ ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ណាមួយ​ដល់​អ្នកកាសែត​ទេ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ ​ក៏​មេធាវី​ទាំងពីរ​រូប​បាន​ចាត់​ទុកថា​ ការ​ដោះលែង​នេះ​គឺជា​រឿង​ត្រឹមត្រូវ។

លោក​មេធាវី​ រស់ អូន​ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះថា​៖

«វា​ត្រឹមត្រូវ​ហើយៗ។ វាអត់​បាន​លម្អិត​ទេ ​គ្រាន់តែថា​ អនុញាត​ឲ្យតែ​បួននាក់​តែប៉ុណ្ណឹង»។

បន្ទាប់ពី​ជន​ជាតិថៃ​ទាំងបួន​រូប​ ត្រូវបាន​សម្រេច​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន​នោះ ​សាលាឧទ្ធរណ៍​បាន​អនុញាត​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​អ្នកទោស​ចេញ​ភ្លាមៗ​រួច​ធ្វើដំណើរ​ទៅ​ស្ថានទូត​ថៃ​ តាម​រថយន្ត​របស់​ស្ថានទូត​ថៃ​ដែល​កំពុង​រង់ចំា​រួច​ជាស្រេច។

លោក​ស៊ូវ៉ាត់​ កែវស៊ុក (Sowat Kaewsook)​ មន្រ្តី​ស្ថានទូត​ថៃ ​បាន​ផ្តល់​បទសម្ភាស​ដោយ​ផ្ទាល់​ដល់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​ជនជាតិ​ថៃ​ទាំងបួន​រូបនេះ​នឹង​យកទៅ​ស្នាក់នៅ​ ក្នុង​ស្ថានទូត​ថៃ​ ដើម្បី​សុវត្ថិភាព​របស់​ពួកគេ។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ ស្ថានទូត​ថៃ​សាទរ​ចំពោះ​ការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​របស់​សាលា​ឧទ្ធរណ៍។

«វា​ជារឿង​ល្អ​សម្រាប់​ជនជាតិ​ថៃ​ទាំង​បួន​នាក់ ​ដែល​បាន​ស្ថិត​នៅ​ក្រៅឃុំ​ ពីព្រោះ​តែ យើង​ក៏​បារម្ភ​រឿង​សុខភាព​របស់​គាត់​ទាំងអស់។ ហើយ​ក៏ជា​រឿង​ ដែល​យើង​សូម​អរគុណ​ដល់​ខាង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​របស់​កម្ពុជា ​ដែល​មេត្តា​ពិនិត្យ​មើល​រឿងនេះ​ជាថ្មី​ម្តង​ទៀត»។

លោក​សែម​ ឌីនឡឺត ប៊ូឆា​ (Samdin Lersbusya) អាយុ​៥៧ឆ្នាំ ​ជា​លេខាធិការ​គណបក្ស ឋានសួគ៌​និង​ដែនដី ​ដែល​ជា​ជន​ជាប់​ចោទ​មួយរូប​នៅក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំងបួន​រូប ដែល​សាលាឧទ្ធរណ៍ ​បានសម្រេច​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​៖

«អរគុណ​ដល់​ពលរដ្ឋ​ថៃ​ទំាងអស់​ដែល​បាន​យក​ចិត្តទុកដាក់​ដល់​ពួក​យើងខ្ញុំ។ ​នៅក្នុង​ ពន្ធនាគារ​អត់មាន​ការធ្វើ​ទណ្ឌកម្ម​ណា​មួយ​មកលើ​ពួក​យើង​ទេ។ គេ​អនុញ្ញាត​ឲ្យ​ពួកយើង​ស្នាក់ នៅ​ក្នុង​បន្ទប់​រួមគ្នា»។

កាលពី​ថ្ងៃទី១៣​មករា​កន្លង​ទៅនេះ​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​ដោះលែង​ជន​ជាប់ចោទ​ចំនួន​ពីររូប​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន​ ដែល​រួមមាន​លោក​ប៉ានីច វីក្រិតស្រេត (Panich Vikitsreth)​ អាយុ​៤៧ឆ្នាំ​ជា​សមាជិក​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ អ្នកស្រី​ណារឿម ម៉ូល​ជិត​វ៉ារ៉ាតាណា(Narue Mol Chitwaratana )ជា​មេ​ផ្ទះ។

ជនជាតិថៃ​ទាំង​ប្រាំពីររូប​ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី២៩​ ធ្នូ​កន្លង​ទៅ​នេះ។ ក៏ប៉ុន្តែ​តុលាការ​ពុំទាន់​បាន​កំណត់​ថា ​នឹង​បើក​សវនាការ​កាត់​ទោស​ជាផ្លូវការ​នៅ​ពេលណា​នៅឡើយ​ទេ។

ប្រសិន​ណា​បើតុលាការ​រកឃើញ​ថា​ មាន​ទោស​កំហុស​ជនជាតិ​ថៃ​ទាំង​ប្រំាពីររូប​នេះ​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូតដល់​១០ឆ្នាំ៕

XS
SM
MD
LG