តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះក្តីរបស់អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងមន្ត្រីប៉ូលិសបីនាក់ផ្សេងទៀតពីបទទទួលសំណូក និងការជួញដូរថ្នាំញៀន និងបទល្មើសផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធ និងអំពើពុករលួយ។
ជនជាប់ចោទដែលត្រូវបាននាំយកមកកាត់ទោសនៅថ្ងៃច័ន្ទនេះរួមមានលោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្តបន្ទាយមានជ័យ លោក ឈៀន សុន អតីតស្នងការរង លោក ហែន សុផល អតីតនាយរងការិយាល័យនគរបាលកម្រិតស្រាល និងលោក ខៀវ សារ៉ា នាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន។
សវនាការបានធ្វើឡើងជាសារធារណៈដោយបានអនុញ្ញាតឲ្យមន្ត្រីអង្គការសង្គមស៊ីវិល និសិ្សត និងព្រះសង្ឃព្រមទាំងអ្នកយកព័ត៌មានបានចូលស្ដាប់ និងកក់ត្រា។ បន្ទាប់ពីសវនាការពេញមួយថ្ងៃលោក អ៊ឹម វណ្ណៈប្រធានចៅក្រមជំនុំជម្រះបាននិយាយថា សវនាការនឹងបន្តនៅថ្ងៃអង្គារទៀត។
លោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្តបន្ទាយមានជ័យដែលជាប់ចោទពីបទទទួលសំណូកនៅក្នុងរឿងពាក់ព័ន្ឋ និងបញ្ហាគ្រឿងញៀនបានឆ្លើយសារភាពថា កាលពីខែកក្កដាឆ្នាំ២០០៩លោកបានទទួលសំណូកប្រមាណ១៧.០០០ដុល្លារសហរដ្ឋអាមេរិកជាថ្នូរ និងការដោះលែងជនជាប់ចោទមួយរូបដែលជាប់ចោទនិងការជួញដូរថ្នាំញៀន។
លោក ហ៊ុន ហ៊ាន បានមានប្រសាសន៏ថា លោកបានបញ្ជាឲ្យប៉ូលីសសេដ្ឋកិច្ចដាក់បុស្តិ៍ត្រួតពិនិត្យចំនួនប្រាំបួនកន្លែងផ្សេងៗគ្នាក្នុងខេត្តបន្ទាយមានជ័យដោយតម្រូវឲ្យបងប្រាក់ជូនលោកក្នុងមួយខែប្រមាណ៥.០០០-៦.០០០ដុល្លារអាមេរិក។
លោកបញ្ជាក់ថា ថវិកាដែលបានមកពីការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះលោកបានយកទៅធ្វើបុណ្យកសាងវត្តអារាម និងឧបត្ថមមន្ត្រីប៉ូលីសនៅក្នុងស្នងការខេត្តព្រមទាំងយកថវិកាទាំងនេះទៅធ្វើស្រែជាច្រើនហិកតា ជួសជុលផ្ទះសម្បែងរបស់លោក និងដូររថយន្តទំនើបៗ។
លោកលឹម ម៉ាប់ អតីតប្រធានការិយាល័យគ្រឿងញៀនដែលជាប់ចោទពីបទទទួលសំណូកបានឆ្លើយក្នុងនាមជាសាក្សីក្នុងបន្ទប់សវនាការថា លោកហ៊ុន ហ៊ានជាប់ពាកព័ន្ធនឹងបទល្មើសផ្សេងទៀតក្នុងការក្លែងឯកសារក្រដាសប្រាក់ និងក្លែងឯកសារថ្នាំញៀនជាដើម។
លោកស៊ុំ ចាន់គា មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សអាដហុកដែលបានចូលរួមស្តាប់សវនាការនេះបាននិយាយថា សវនាការត្រូវបានធ្វើឡើងពេញមួយថ្ងៃនេះមានភាពយុត្តិធម៌ និងអាចទទួលយកបាន។
«ជារបកគំហើញក្នុងស្រទាប់ដ៏ខ្មៅមួយដែលយើងពីមុនអត់បានដឹងដោយសារអ្វី? ដោយសារតែការបង្កើតប៉ូលីសសេដ្ឋកិច្ចក្នុងរាជរបស់លោកហ៊ុន ហ៊ានគឺបង្កើតមកមិនមែនទប់ស្កាត់បទល្មើសសេដ្ឋកិច្ចទេគឺមានន័យថាបង្កើតឲ្យដើរប្រមូលលុយ»។
លោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន និងមន្រ្តីប៉ូលីសបីរូបផ្សេងទៀតត្រូវបានចាប់ខ្លួនដាច់ដោយឡែកៗពីគ្នាកាលពីខែមករាដើម ឆ្នាំ២០១១នេះពីបទទទួលសំណូកពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀន។
សវនាការជំនុំជម្រះលើមន្ត្រីប៉ូលីសទាំងបួនរូបនេះស្របពេលដែលនៅក្នុងទីក្រុងភ្នំពេញតុលាការកំពុងតែសាកសួរជនជាតិចិនចំនួន៩នាក់ពីបទពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀនប្រមាណជាង២គីឡូក្រាម។ នៅក្នុងចំណោមជនជាតិចិនទាំង៩នាក់ លោកស្រីស៊ឺ វ៉ាន្នី ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញទើបតែបានចោទប្រកាន់ជាបឋមទៅលើជនជានចិនតែម្នាក់ប៉ុណ្ណោះនៅក្នុចំណោម៩នាក់ពីបទជូញដូរថ្នាំញៀនតាមមាត្រាទី៣៣នៃក្រមព្រហ្មទណ្ឌថ្មី៕