នៅថ្ងៃពុធនេះ លោក ម៉ៅ មុនីវណ្ណ អតីតសមាជិកសភាតំណារាស្រ្តខាងគណបក្សសម រង្ស៊ី និងសមាជិកគណបក្សសម រង្ស៊ី សំខាន់ៗចំនួនជាង១០រូបផ្សេងទៀត បានប្រកាសជាសាធារណៈថា លោកនឹងចុះចូលជាមួយគណបក្សសិទ្ឋិមនុស្សរបស់លោក កឹម សុខា បន្ទាប់ពីលោកបរាជ័យក្នុងការទាមទារឲ្យមានការកែទម្រង់ផ្ទៃក្នុងរបស់គណបក្សសម រង្ស៊ី។ ការប្រកាសចុះចូលនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានលាឈប់ពីសមាជិកសភាតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី មណ្ឌលកំពង់ចាម។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុខអគាររដ្ឋសភាជាតិ លោកបានមានប្រសាសន៍ថា ការចាកចេញរបស់លោកនេះ គឹដើម្បីចង់ដាក់សម្ពាធដល់គណបក្ស សម រង្ស៊ី ឲ្យរូបរួមជាមួយ និងគណបក្សដែលប្រកាន់និន្នាការប្រជាធិបតេយ្យដូចគ្នា។
លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ទៀតថា គណបក្សសិទ្ឋិមនុស្សមានគោលការណ៍ និងប្រព័ន្ឋដឹកនាំរបៀបប្រជាធិបតេយ្យជាងគណបក្សសម រង្ស៊ី ។ លោក មុនីវណ្ណថ្លែងថា៖
«ព្រោះឥឡូវ ខ្ញុំជាមួយនឹងកម្លាំងមូលដ្ឋានមករួមជាមួយគណបក្សសិទ្ឋិមនុស្ស។ បើមេដឹកនាំវៃឆ្លាតស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវមករួមជាមួយគណបក្សសិទ្ឋិមនុស្សមក។ ទុកឲ្យពីរគ្រួសារនៅទៅ។ ពីរគ្រូសារនៅនឹងបានជើងកៅអ៊ីមួយម្នាក់»។
បន្ទាប់ពីធ្វើសន្និសីទពត៌មាន លោក ម៉ៅ មុនីវណ្ណ ព្រមទាំងអតីតសមាជិកគណបក្សសម រង្ស៊ី មួយ ចំនួនផ្សេងទៀត បានដើរកាន់បដា ដែលមានសរសេររិះគន់គណបក្សសម រង្ស៊ី។
លោកញយ វ៉ៃ ជំនួយការរបស់លោក ម៉ៅ មុនីវណ្ណ ដែលកំពុងកាន់បដាមួយផ្ទាំងបាននិយាយថា ពាក្យសច្ចៈធម៌ យុត្តិធម៌ លែងមានន័យទៀតហើយ នៅក្នុងគណបក្សសម រង្ស៊ី។ លោក វ៉ៃ បន្តថា៖
«ផ្លាកហ្នឹងបានន័យថា វាមិនយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ដែលខំប្រឹងតស៊ូក្នុងគណបក្សសម រង្ស៊ី ទាំងអស់ចង់បង្ហាញថា កុំឲ្យប្រជាពលរដ្ឋទាំងអស់ជឿនៅលើផ្លាកសញ្ញាដែលថា សច្ចៈធម៌ យុត្តិធម៌»។
ឆ្លើយតបទៅនឹងការចាកចេញនេះ លោន សុន ឆៃ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី បានប្រាប់អង្គសន្និសីទព័ត៌មានមួយនៅថ្ងៃពុធនេះដែរថា ការចាកចេញនេះ មិនធ្ងន់ធ្ងរពេកទេ បើប្រៀបធៀបទៅនឹងចលនាចាកចេញកាលពីឆ្នាំ២០០៨ ។ លោកស៊ុន ឆៃ បានមានប្រសាសន៍ទៀតថា គណបក្សសម រង្ស៊ី នឹងមានវិធានការកែលម្អឡើងវិញបន្ទាប់ពីការចាកចេញរបស់លោកម៉ៅ មុនីវណ្ណ។ លោកសុន ឆៃ បន្តទៀតថា៖
«អ្វីដែលមានការចាកចេញទៅ ក៏គណបក្សសម រង្ស៊ី ថ្នាក់ដឹកនាំក៏មើលខ្លួនឯងដែរ។ ខ្ញុំបាន ជំរុញឲ្យថ្នាក់ដឹកនាំចេះមើលខ្លួនឯង។ តើយើងមានកំហុសអ្វីខ្លះ ជាជាងចេះតែបន្តោសអ្នកចេញទៅថាខុស១០០ភាគរយ។ ថាតើយើងជាអ្នកដឹកនាំបានធ្វើអ្វីខ្លះទេ ខ្វះខាតអ្វីទេ ដែលនាំឲ្យសមាជិកដ៏សំខាន់ បែបហ្នឹងត្រូវបង្ខំចិត្តចាកចេញពីគណបក្សទៅ»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ឋិមនុស្សបានប្រកាសស្វាគមន៍ចំពោះការចូលរួមរបស់អតីត សមាជិកសភាតំណាងរាស្រ្តខាងគណបក្សសម រង្ស៊ី។ លោកកឹម សុខា បានមានប្រសាសន៍ទៀតថា លោកនឹងស្នើសុំទៅគណៈកម្មាធិការនាយករបស់គណបក្សនៅថ្ងៃទី០៨ខាងមុខនេះដើម្បីឲ្យលោកម៉ៅមុនីវណ្ណ ចូលជាសមាជិកគណកម្មាធិការនាយកអនុប្រធានគណកម្មាធិការនាយក និងទីបីជាប្រធានក្រុមការងារគណបក្សសិទ្ឋិមនុស្សប្រចាំខេត្តកំពង់ចាម។ លោកកឹម សុខា បានមានប្រសាសន៍ទៀតថា លោកសង្ឃឹមថា សំឡេងឆ្នោតរបស់គណបក្សសិទ្ឋិ មនុស្សនឹងកើនឡើងនៅក្នុងខេត្តកំពង់ចាម។ លោក សុខានិយាយថា៖
«ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលចង់ឲ្យមានការផ្លាស់ប្តូរ ចង់ឲ្យឈ្នះគណបក្សកាន់អំណាច បច្ចុប្បន្នដើម្បីកែទម្រង់ប្រទេសជាតិយើងដើម្បីធានាអធិបតេយ្យភាពបូរណភាពទឹកដី។ យើងត្រូវតែរួប រួមគ្នាឲ្យបាន។ ហើយរួមគ្នា ប្រសិនជាមេដឹកនាំជាប់ជំពាក់រឿងអ្វីរកមិនបាន យើងខ្ញុំ គណបក្សយើងខ្ញុំ សូមអំពាវនាវស្វាគមន៍ដើម្បីរួមនៅក្នុងប្រព័ន្ឋប្រជាធិបតេយ្យ»។
ការចាកចេញរបស់មន្រ្តីគណបក្សសម រង្ស៊ី នេះ បានកើតមានឡើង បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ត្រូវបានរដ្ឋសភាបានប្រកាសលុបឈ្មោះចេញពីបញ្ជីសមាជិកសភាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីតុលាការកំពូល បានកាត់ទោសឲ្យលោកសម រង្ស៊ី ជាប់ពន្ឋនាគារ រយៈពេលពីរឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា និងវៀតណាម និងញុះញ៉ុងឲ្យមានការរើសអើងជាតិសាសន៍ ៕