ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ប៉ៃលិន​អះអាង​ថា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជា​អ្នក​ស្នេហា​ជាតិ


ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ ហើយ​មិន​មែន​ជា​ឃាតករ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២លាន​នាក់​នោះ​ទេ។ ដូច្នេះ​ ពួកគេ​បាន​ស្នើ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​ទៀត​ជុំវិញ​សំណុំ​រឿង​ក្តី​លេខ​០០២​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេដឹកនាំ​កំពូលៗ​ទាំង​នោះ ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។

ក្នុង​ដំណើរ​ប៉ាក់​ប៉ើកៗ លោក ផង់ ភឿន កំពុង​ដើរ​ចេញ​ពី​អគារ​សាលាខេត្ត​ប៉ៃលិន​ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​គេ​រៀបចំឡើង​នៅ​ទីនេះ​ កាល​ពី​សប្ដាហ៍​មុន។

ដោយ​ពិការ​ជើង​ស្តាំ​ដោយសារ​ជាន់​ម៉ីន​នៅ​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៨៨ លោក​ផង់ ភឿន ​បច្ចុប្បន្ន​វ័យ​៤៩ឆ្នាំ​គឺ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់ ដែល​រស់​នៅ​ក្នុង​ភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។

លោក​ ផង់ ភឿន ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA​ ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មិន​មែន​ជា​អ្នក​សម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​២លាន​នាក់​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា ពួកគេ​គឺ​ជា​អ្នក​ស្នេហា​ជាតិ ​និង​ជា​អ្នក​ការ​ពារ​ទឹកដី​ ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​បរទេស​ទៅ​វិញ​ទេ។

«ខ្មែរ​ក្រហម​ធ្វើ​ដើម្បី​ស្នេហា​ជាតិ អត់​មាន​ការ​សម្លាប់​មនុស្ស​ សម្លាប់​អី​ទេ ព្រោះ​តស៊ូ​គឺ​ស្នេហា​ជាតិ​តាំង​ពី​អតីត​ព្រោះ​អី ទាហាន​ខ្មែរ​ក្រហម មេៗ​មួយ​ចំនួន​ហ្នឹង​ គាត់​ធ្វើ​ដឹង​តែ​ស្នេហា​ជាតិ ការពារ​ជាតិ​ ការពារ​ប្រជាជន។ គាត់​មិន​មែន​អតីត​ជា​ លោភ​លន់​ ចង់​កាប់​សម្លាប់​ប្រជាពលរដ្ឋ​អី​ទេ។ »

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ និង​បញ្ជូន​មេដឹកនាំ​កំពូលៗ​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​៤​រូប ទៅ​ជំនុំ​ជម្រះ​ក្តី ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទល្មើស​ផ្សេងៗ​មួយ​ចំនួន​ទៀត រួមមាន​មនុស្ស​ឃាត ការ​ធ្វើ​ទារុណកម្ម​និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​សាសនា​ជាដើម។

ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នេះ​ រួម​មាន ​លោក ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ របស់​ខ្មែរ​ក្រហម លោក នួន ជា អតីត​ប្រធាន​សភា​ លោក​ អៀង សារី អតីត​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស និង​ភរិយារបស់​គាត់​គឺ លោក​ស្រី អៀង ធិរិទ្ធ អតីត​រដ្ឋ​មន្រ្តី​សង្គម​កិច្ច​របស់​ខ្មែរ​ក្រហម។

ការ​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​បួន​នាក់នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២​នេះ គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ដើមឆ្នាំ​ក្រោយ បន្ទាប់​ពី​សំណុំ​រឿង​លេខ​០០១ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេ​គុក​ទួលស្លែង លោក​កាំង ហ្កេកអ៊ាវ ហៅ​ឌុច​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​រួច​ហើយ​នោះ។

មាន​ប្រជា​ជន​ខ្មែរ​ប្រមាណ​២លាន​នាក់​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​យ៉ាង​អាណោច​អធម៌​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ក្រោម​ការ​គ្រប់គ្រង​របស់​បង​ធំ​ទី​១ ប៉ុល ពត និង​អតីត​មេដឹកនាំ​កំពូល​ៗ​ដែល​កំពុង​រង់ចាំ​ការ​កាត់​ទោស​ទាំងនេះ។

ប៉ុន្តែ​ សម្រាប់​លោក ផង់ ភឿន​វិញ​ អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ទាំង៤នេះ ​នៅតែ​ជា​អ្នក​ស្នេហា​ជាតិ និង​ជា​អ្នក​ការពារ​ទឹកដី​ដដែល បើ​ទោះ​ជា​លោក​បាន​បាត់​បង់​សមាជិក​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង​របប​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ​នោះ​ក៏​ដោយ។

លោក​ផង់ ភឿន អតីត​ទាហាន​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នេះបាន​លើក​ឡើង​ថា​ ការ​សម្លាប់​រង្គាល​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​នោះ​គឺ​កើត​ឡើង​ដោយ​សារ​អំពើ​ក្បត់​របស់​ថ្នាក់​ក្រោម​តែ​ប៉ុណ្ណោះ។

«ខ្មែរ​ក្រហម​ធ្វើ​ដើម្បី​ជាតិ កង​ទ័ព​ធ្វើ​ដើម្បី​ជាតិ ប៉ុន្តែ​ អ្នក​ក្បត់​ហ្នឹង​គឺ​ក្បត់​ផ្សេង​ពី​កងទ័ព​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង។ កងទ័ព​ដឹង​តែ​ស្នេហា​ជាតិ តែ​អ្នក​ក្បត់​នៅ​ខាង​ក្រោម។»

ទោះបី​ជារបប​កម្មុយនីស​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​ហើយ​ក៏ដោយ ក៏​ខេត្ត​ប៉ៃលិន នៅតែ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​បំផុត​មួយ​របស់​ខ្មែរ​ក្រហម​ រហូត​ដល់​ឆ្នាំ​១៩៩៦ ជា​ពេល​ដែល​ភាគី​ខ្មែរ​ក្រហមដឹកនាំ​ដោយ​លោក អៀង សារី បាន​ព្រម​ចុះចាញ់​ហើយ​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​។

បច្ចុប្បន្ន​ ភាគ​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​៧ម៉ឺន​នាក់​ដែលរស់នៅ​ក្នុង​ខេត្ត​នេះ គឺ​ជា​អតីត​កម្មាភិបាល​និង​កងទ័ព​ខ្មែរ​ក្រហម។

លោក​ ម៉ី មគ្គ អភិបាល​រង​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា សាលា​ក្តី​ខ្មែរ​ក្រហម គួរ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត​នៅ​ក្នុង​ករណី​លេខ​០០២​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដ៏​ត្រឹម​ត្រូវ​មួយ​ សម្រាប់​អតីត​មេដឹកនាំ​កំពូល​ៗ​ទាំងបួន​នៃ​របប​ខ្មែរ​ក្រហម​នោះ ដោយ​លោក​ចាត់​ទុក​ថា ពួកគេ​ក៏​ជា​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ផង​ដែរ។

«បើ​កាត់​ទោស មេត្តា​រក​យុត្តិធម៌​ឲ្យ​បាន​ច្បាស់​ទី១​។ ទី២គឺ​ស៊ើប​អង្កេត​ឲ្យ​បាន​កាត់​តែ​ទូលំទូលាយ ដូច​ជា​ឯកឧត្តម ខៀវ សំផនអី​រវៃ​ទូរស័ព្ទ​ ចាត់​ចែង​ការងារ រដ្ឋបាល ឃើញ​គាត់​ដូច​មិន​មាន​អី​ទេ ព្រោះ​របប​ជំនាន់​ហ្នឹង​ស្ថិត​ក្នុង​របប​កម្មុយនីស គឺ​ស្ថិត​នៅ​ក្រោម​លេខាធិការ​បក្ស​ជា​អ្នក​ចាត់​ចែង​ការងារ​និង​សម្រេច ​គ្មាន​នរណា​ហ៊ាន​ក្អក​បាន​ទេ អ្នក​ដទៃ​ទៀត​គឺ​ធ្វើ។»

លោក Andrew Cayley សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា សហចៅក្រម​ស៊ើបអង្កេត​នៃសាលា​ក្តី​ខ្មែរ​ក្រហម​បាន​រក​ឃើញ​ភស្តុតាង​គ្រប់​គ្រាន់​ហើយ​ដើម្បី​បញ្ជាក់​ថា​ ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នោះ​ ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដូច​ដែល​បាន​ចោទ​ប្រកាន់​នោះ។

យោង​តាម​ដីកា​ដំណោះស្រាយ​ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត សម្រាប់​សំណុំ​រឿង​លេខ​០០២​ ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​នេះ រួម​មាន៖ កំណត់​ហេតុ​ជា​លាយ​លក្ខណ៍​អក្សរ​នៃ​ការ​សួរ​ចម្លើយ​ជនជាប់​ចោទ​ចំនួន​៤៦ និង​ការ​ស្តាប់​ចម្លើយ​សាក្សី​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ជាង​១.០០០ និង​ឯកសារ​ចំនួន​ជាង​១១.០០០​នាក់​ ឯកសារ​ដែល​ពាក់​ព័ន្ធ​នឹង​អង្គហេតុ​នៃ​សំណុំ​រឿង​នេះ។

លោក Andrew Cayley មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដូច្នេះ​ វា​អាស្រ័យ​លើ​ចៅក្រម​ជំនុំ​ជម្រះ​ប៉ុណ្ណោះ ដែល​ជា​អ្នក​សម្រេច​ថា​តើ​ជន​ជាប់​ចោទ​ទាំង​បួន​គឺ លោក​នួន ជា លោក ខៀវ សំផន លោក អៀង សារី និង​លោកស្រី អៀង ធិរិទ្ធ នឹង​ត្រូវ​មាន​ទោស​ឬ​គ្មាន​នោះ៕

XS
SM
MD
LG