ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ឪ​នរោត្តម សីហនុ និង​ព្រះមហាក្សត្រ​យាង​ត្រឡប់​ពី​​ព្រះ​រាជ​​ទស្សនកិច្ច​ប្រទេស​វៀតណាម​


សម្តេច​ឪ​នរោត្តម សីហនុ សម្តេច​ម៉ែ​នរោត្តម មុនីនាថ​សីហនុ និង​ព្រះមហាក្សត្រ គឺ​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម សីហមុនី នៅ​ថ្ងៃ​សុក្រ​នេះ បាន​យាង​និវត្ត​មក​កាន់​មាតុ​ប្រទេស​វិញ ​តាម​ជើង​យន្តហោះ​អាកាសចរណ៍​អង្គរអ៊ែរ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ចំនួន​ ៤ ថ្ងៃ នៅប្រទេស​វៀត​ណាម។

សម្តេច​ឪ​បាន​យាងចាកចេញ​ពីប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២២​ កន្លង​ទៅ​នេះ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​នៅ​ប្រទេស​វៀតណាម តាម​ការអញ្ចើញ​របស់លោក​ប្រធានាធិបតី Nguyen Minhtriet ។

ទទួល​បដិសណ្ឋារកិច្ច នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ រួមមាន​ លោកជា ស៊ឹម ប្រធាន​ព្រឹទ្ឋសភា លោក​ហេង សំរិន ប្រធាន​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន មន្រ្តី​ជាន់​ខ្ពស់ មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មន្រ្តី​សំខាន់ៗ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

លោកអ៊ំ តារាវុធ សមាជិក​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ បាន​បដិសេធ​ផ្តល់​សេចក្តី​អធិប្បាយ ដល់អ្នក​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញអន្តរជាតិ ហើយ​លោក​បាន​បង្វែរ​សំណួរទៅ​លោក​វ៉ាន់ វ៉ាង។ លោក​វ៉ាន់ វ៉ាង ប្រធាន​ពិធីការ​ព្រះ​បរម​រាជវាំង​ក៏​បាន​បដិសេធ​ពុំ​ផ្តល់​សេចក្តីអធិប្បាយ​ ចំពោះ​ដំណើរយាង​និវត្ត​របស់​សម្តេច​ឪ​មក​កាន់​មាតុ​ប្រទេស​វិញ​ដែរ។

ក៏ប៉ុន្តែ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​សម្តេច​ឪ​នរោត្តម សីហនុ បាន​មាន​បន្ទូល​ថា សម្តេច​ឪ​នរោត្តម សីហនុ បាន​ជួប​មេដឹក​នាំ​សំខាន់ៗ នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ជជែក​អំពី​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«បាន​ជួប​ថ្នាក់​ដឹកនាំកំពូល សភា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខាង​ព្រះរាជ​ខុទ្ទកាល័យកំពុង​តែ​រៀបចំ​ផ្សាយ​តាម​គេហទំព័រ »។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ឪ សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ ត្រូវ​បាន​ធើ្វ​ឡើង​ចំពេល ​ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​កំពុង​ដំណើរការបោះ​បង្គោល​ព្រំដែន។

លោកយឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ បាន​និយាយ​ថា សម្តេច​ឪ​ទំនង​ជា​លើក​យក​បញ្ហា​បោះ​បង្គោល​ព្រំដែន ទៅ​ជជែក​ជាមួយ​មេដឹកនាំ​សំខាន់ៗ​វៀត​ណាម ។ លោក​ថ្លែង​ថា៖

«ប្រាកដជា​មាន​ការងារ​សំខាន់ៗ​ ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ការប្រជុំ ជាពិសេស ដូច​ព្រះមហា​វីរ​ក្សត្រ ដែល​លោក​មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន មាន​ព្រះ​រាជ​តម្រិះ ​មាន​ព្រះ​រាជ​ទេពកោសល្យ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាំងពី​ក្នុងអតីតកាល​នោះ ប្រាកដ​ជានឹង​បាន​លើក​ឡើង​នូវ​បញ្ហា​នេះ​ជា​មួយ​ភាគី​វៀតណាម»។

គណបក្ស​ប្រឆាំង​ធ្លាប់​បាន​រិះគន់​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ បាន​រំលោភ​ចូល​មក​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មន្រ្តី​រដ្ឋាភិបាល បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ទើប​តែ​បោះ​បង្គោល​ព្រំដែន​ចំនួន​១៩១​បង្គោល​តែ​ប៉ុណ្ណោះ​ នៅក្នុង​ចំណោម​បង្គោល​សរុប​៣៧៥​ បង្គោល។ ប្រទេស​ទាំង​ពីរ​បាន​សន្យា​ថា នឹង​បោះ​បង្គោល​ព្រំដែន​នេះ​ឲ្យ​បាន​ចប់​សព្វគ្រប់ នៅ​ឆ្នាំ ​២០១២ ខាង​មុខ​នេះ។

XS
SM
MD
LG