អតីតមន្ត្រីខ្មែរក្រហម ធ្វើពិធីបុណ្យគ្រិស្តម៉ាស់នៅបន្ទាយកងទ័ពខ្មែរក្រហម
កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅនេះ អតីតកម្មាភិបាលខ្មែរក្រហមមួយរូប គឺអ្នកស្រី អ៊ឹម ចែម ប្រារព្ធពីធីបុណ្យណូអ៊ែលលើកដំបូង នៅក្នុងព្រះវិហារដែលអ្នកស្រីបរិច្ចាគដីផ្ទាល់ខ្លួនសាងសង់ ក្នុងស្រុកអន្លង់វែង ក្រោយពីអ្នកស្រីបានផ្លាស់ប្តូរជំនឿពីពុទ្ធសាសនាទៅជាសាសនាគ្រិស្ត ឬអ្នកមានជំនឿលើព្រះយេស៊ូ នៅពេលដែលតុលាការខ្មែរក្រហមបានទម្លាក់បទចោទប្រកាន់រឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិលើរូបអ្នកស្រី កាលពីឆ្នាំ២០១៧។ អ្នកស្រីអ៊ឹម ចែម ដែលអះអាង ថា ព្រះយេស៊ូបានអត់ទោសបាបឲ្យនោះ បានថ្វាយដី និងអគារព្រះវិហារនៅជិតផ្ទះអ្នកស្រីដល់ព្រះវិហារពួកជំនុំគ្រិស្តបរិស័ទខ្មែរភូមិអូរអង្រែ ដោយបានហាមកូនចៅអ្នកស្រី មិនឲ្យមានការទាមទារទៅថ្ងៃ អនាគតនោះទេ ដើម្បីជាការអរគុណដល់ព្រះយេស៊ូ។