ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតអ្នកទោស​ព្រំដែន​ទាម​ទារ​ដី​មកវិញ


លោក​ព្រំ ជា​ និ​ងអ្នកស្រី​មាស ស្រី​​អង្គុយ​សង្ឋាង​​នៃ​មន្រ្តី​សន្តិសុខ​។
លោក​ព្រំ ជា​ និ​ងអ្នកស្រី​មាស ស្រី​​អង្គុយ​សង្ឋាង​​នៃ​មន្រ្តី​សន្តិសុខ​។

បន្ទាប់​ពី​បាន​ចេញ​ពី​ពន្ធនាគារ​លោក​ព្រំ​ ជា​ និង​ អ្នក​ស្រីមាស​ ស្រី​ បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យប្រគល់​ដីស្រែ​របស់​ពួក​គាត់​វិញបន្ទាប់​ពីបាន​ចោទ​ប្រកាន់​ថា​ដី​ស្រែ​ទាំង​នោះ​បាន​បាត់​បង់​ដោយ​សារ​វៀត​ណាម​រំលោភ​យក​។

រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​លោក​ព្រំ ជា​ និង​អ្នកស្រី​មាស ស្រី ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រគល់​ដីស្រែ​របស់ពួកគេ​ ដែល​បាន​បាត់បង់​ដោយសារ​តែ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម។

លោក​ព្រំ ជា ​អាយុ​ ៤១ឆ្នាំ ​និង​អ្នកស្រី​មាស ស្រី​ អាយុ​៤០ឆ្នាំ​ ត្រូវ​បាន​សាលា​ឧទ្ឋរណ៍​នៃ​ប្រទេស​កម្ពុជា បាន​លើកលែង​ការចោទ​ប្រកាន់​កាលពី​ថ្ងៃពុធ ​ដោយ​សារ​តែ​តុលាការ​ពុំ​បាន​រក​ឃើញ​ថា​ ពួកគេ​មាន​ការ​ជាប់​ពាក់ព័ន្ឋនិង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជានិង​ប្រទេស​វៀតណាម​។​ ក៏​ប៉ុន្តែ ​សាលាឧទ្ឋរណ៍បាន​តម្កល់​ករណី​លោក​សម រង្ស៊ី ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​ពីរឆ្នាំ​ដដែល។

លោក​ព្រំ ជា​ បាន​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​បន្ត​ការ​ទាមទារ​របស់​លោក ​ដើម្បី​ទាមទារ​ដី​ស្រែ​របស់​លោក​ឲ្យ​បាន​ត្រឡប់​មកវិញ​។

លោក​ព្រំ ជា ​មាន​ដីស្រែ​សរុប​ចំនួន​ប្រាំមួយហិចតា ​ដែល​មាន​ទីតាំង​នៅ​ភូមិ​កោះក្បាន​កណ្តាល​ ខាងជើង​ ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​ នៅត្រង់​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤។

លោក បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​ក្រោយពី​ចេញពី​ពន្ធ​នាគារ​មក​ ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល ​លោក​ផ្តល់​នូវ​ដីស្រែ​ចំការរបស់​ពួកខ្ញុំ ​ឲ្យ​បាន​ធ្វើស្រែ ​ធ្វើ​ចំការ​វិញ»។

ចំណែក​អ្នកស្រី​មាស ​ស្រី ​ដែល​មាន​ដី​ទំហំ​ចំនួន​ពីរហិចតា​កន្លះ ​នៅត្រង់​តម្រុយ​បង្គោល​ព្រំដែន​ លេខ​១៨៥​ បាន​និយាយថា ​អ្នកស្រី​បាន​តវ៉ា​កន្លង​មក​នេះ​ ដើម្បី​ប្រទេស​ជាតិ​តែប៉ុណ្ណោះ ​មិនមែន​សម្រាប់បុគ្គល​របស់​អ្នកស្រី​តែ​ម្នាក់​ទេ។

អ្នកស្រី​បាន​និយាយ​ទៀតថា​ រដ្ឋាភិបាល​ត្រូវតែ​ប្រគល់​ដីស្រែ​របស់​អ្នកស្រី​ត្រឡប់​មក​វិញ​។

«បុគ្គល​ខ្លួន​ខ្ញុំ​ខ្លួនឯង​ជា​អ្នកធ្វើ ​ខ្ញុំ​ក្រោក​ឈរ​ខ្លួនឯង​ ខ្ញុំ​អត់​ខ្លាចទេ ​មួយឆាក​ជីវិត​ខ្ញុំ ​ខ្ញុំ​ជាប់​គុក លើក​នេះ​លួច​ប្លន់​គេ​ខ្ញុំ​តូចចិត្ត ​បើ​ជាប់​គុក​រឿង​ប្រទេស​ជាតិ​ខ្ញុំ​អត់​តូច​ចិត្ត​ទេ​ មួយ​គ្រាប់ងាប់​មួយ​គ្រាប់រស់​មិន​តូច​ចិត្ត​ទេ​ ខ្ញុំ​តស៊ូ​ឡើង​អញ្ចឹង​»។

ការទទួល​ទាមទារ​របស់​លោក​ព្រំ ជា ​និង​អ្នកស្រី​មាស ស្រី នេះ ​បាន​កើត​មាន​ឡើង​នៅក្នុង​សនិ្នសីទ​កាសែត​មួយ​ដែល​រៀបចំ​ឡើង​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សម រង្ស៊ី ​នៅ​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍នេះ ក្រោយ​ពី​ពួកគេបាន​ចាក​ចេញ​ពី​ពន្ធ​នាគារ។

សមាជិក ​គណបក្ស​សម រង្ស៊ី ​ចំនួន​ប្រាំពីររូប ​បាន​ទៅ​ទទួល​លោក​ព្រំ ជា​ និង​អ្នកស្រី​មាស ស្រី​ ចេញពី​ពន្ឋនាគារ​ខេត្ត​កណ្តាល​។

លោក​យឹម សុវណ្ណ​ អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ ថា​ រដ្ឋាភិបាល​ត្រូវតែ​ប្រគល់​ដីស្រែ​ត្រឡប់​ទៅ​ឲ្យ​ពួក​គេវិញ។

លោក ​បញ្ជាក់ថា​៖ «មិនមែន​ត្រូវ​ចាប់​អ្នក​ទាំងអស់​ដាក់​ពន្ធ​នាគារទេ​ ខ្ញុំ​មិន​ដែល​ឃើញ​មាន​ប្រទេស​ណា​មួយ​ដែល ​ក្រោក​ឡើង​តស៊ូ​ការពារ​ទឹកដី​របស់​ខ្លួន ​ការពារ​ជាតិ​របស់ខ្លួន ​ត្រូវ​បាន​អ្នក​នយោបាយ ​ជា​ពិសេស​ គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​នេះ ​ចាប់​ដាក់​ពន្ឋនាគារ​។​ នេះ​ជា​រឿង​មួយគួរឲ្យ​អៀន​ខ្មាស់»។

លោក​ជាម​ យៀប​ មន្រ្តី​ជាន់​ខ្ពស់​និង​ជា​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និយាយថា​ ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម​ នៅ​តែ​ពុំ​ទាន់​កំណត់​ព្រំដែន​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ ដូច្នេះ​វាជា​ការលំបាក​ ដែល​កំណត់​ថា ទីតាំង​ណា​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា ​និង​ទីតាំង​ណាមួយ​ស្ថិត នៅក្នុង​ប្រទេស​វៀតណាម​នោះ។

«យើង​មិនទាន់​ដឹងថា​ត្រង់ណាៗ​ទេ ​លុះត្រា​តែ​ប្រទេស​ទាំងពីរ​សម្រេច​ចុងក្រោយ​ ជាពិសេសគណៈ​កម្មា​ធិការ​ជាតិ​ដែល​កំណត់​ព្រំដែន​កម្ពុជា ​វៀតណាម ​ចុងក្រោយ​យ៉ាងណាៗ​ នោះ​ទៅតាម​បច្ចេកទេស​របស់​គាត់​ទេ»។

លោក​ព្រំ ជា ​និង​អ្នកស្រី​មាស ស្រី ​កាលពី​ថ្ងៃទី២៧ ​ខែមករា ​កន្លង​ទៅនេះ​ ត្រូវ​តុលាការ​ខេត្ត​ស្វាយ រៀង​បាន​កាត់ទោស​ជាមួយ​នឹង​លោក​សម រង្ស៊ី ​ឲ្យ​ជាប់​ពន្ឋនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​មួយឆ្នាំ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀត​ណាម៕

XS
SM
MD
LG