សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីប៉ូលីសអះអាងផ្ទុយគ្នាអំពីការចាប់ខ្លួនជនសង្ស័យមួយរូបពាក់ព័ន្ឋនឹងការគប់ដុំថ្មទៅលើជនបរទេស។ ការអះអាងនេះបានកើតឡើង បន្ទាប់ពីសាក្សីចំនួនពីរនាក់ បាននិយាយដូចៗគ្នាថា ជនសង្ស័យដែលបានគប់ដំថ្មទៅលើជនបរទេសជាកូនមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ក៏ប៉ុន្តែប៉ូលីសបានបដិសេធថា មិនពិតនិងមិនមានការចាប់ខ្លួនទេ។
យ៉ាងតិចមានសាក្សីឃើញផ្ទាល់ភ្នែកចំនួនពីរនាក់ ដោយបានសុំមិនបញ្ចេញឈ្មោះថា កាលពីយប់ថ្ងៃពុធម្សិលម្សិញនេះអាជ្ញាធរប៉ូលីសបានចាប់ខ្លួនជនសង្ស័យមួយរូបពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយដុំថ្មទៅលើជនបរទេស នៅតំបន់ទេសចរណ៍នៅតាមដងផ្លូវមាត់ទន្លេនារាជធាភំ្នពេញ។
សាក្សីរូបនោះបាននិយាយថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យរូបនោះនៅក្នុងកំឡុងម៉ោង១១យប់ថ្ងៃពុធនៅតាមបណ្តាយផ្លូវព្រះស៊ីសុវត្តិទល់មុខវត្តឧណ្ណាលោម នៅក្នុងខណៈដែលជនសង្ស័យរូបនោះបានប៉ុនប៉ងវាយប្រហារដោយដុំថ្មទៅលើជនបរទេស នៅពេលដែលពួកគេបានដើរកំសាន្តនៅពេលយប់។ សាក្សីរូបនោះបន្តថា៖
«ទ្បាននឹងធ្លាប់គប់ភ្ញៀវបែកក្បាលពីម្សិញម្ងៃ ហើយយប់មិញបម្រុងធ្វើសកម្មភាពទៀត ហើយប៉ូលីសក៏មិនទាន់ហ៊ានចាប់ទេ ដល់ពេលចេញសកម្មភាព ប៉ូលីសក៏ចាប់ភ្លាមតែម្តងទៅ តែខ្សែគេជាអ្នកធំ»។
សាក្សីរូបនោះបាននិយាយទៀតថា ប៉ូលីសបានរកឃើញដុំថ្មមួយចំនួននៅក្នុងរថយន្តជនសង្ស័យនោះ ក៏ប៉ុន្តែមិនបានដឹងថា ប៉ូលីសបានឃុំខ្លូនឬយ៉ាងណានៅឡើយទេ ពីព្រោះជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយដុំថ្មទៅលើជនបរទេសនេះ ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប។ សាក្សីថ្លែងបន្តថា៖
«មួយអាទិត្យនោះឃើញមកបីដងហើយមានឡានបី Lexus Mecedez Vego ពណ៌ខ្មៅមួយ ដល់តែប៉ះខ្សែធំនាំគ្នារត់»។
លោកហ៊ុន សុធី អធិការប៉ូលីសខណ្ឌដូនពេញ និងអធិការរងចំនួនពីរនាក់ទៀត បានបដិសោធថា ពុំមានការចាប់ខ្លូនជនសង្ស័យណាមួយពាក់ព័ន្ធទៅនឹងការវាយប្រហារដោយដុំថ្មលើជនបរទេសទេ។ លោកថ្លែងដូច្នេះថា៖
«បាទ! អត់មានទេ។ ខ្ញុំជាប់ប្រជុំ»។
លោកទូច ណារដ្ឋ ស្នងការប៉ូលីសក្រុងភំ្នពេញ ដំបូងលោកបាននិយាយថា ពិតជាមានការចាប់ខ្លួនជនសង្ស័យពិតប្រាកដមែន ក៏ប៉ុន្តែក្រោយមកលោកបាននិយាយថា មន្រ្តីប៉ូលីសបានចុះប្រតិបត្តិការឆែកឆេរអាវុធខុសច្បាប់តែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ឋនឹងការចាប់ខ្លួនជនសង្ស័យណាមួយ ដែលបានធ្វើការវាយប្រហារដោយដុំថ្មទៅលើជនបរទេសទេ។ លោកមានប្រសាសន៍ថា៖
«យើងមានការសង្ស័យ ទន្ទឹមនឹងនោះយើងក៏ត្រួតពិនិត្យអាវុធជាតិផ្ទុះសិន ហើយបើចំមុខសញ្ញាយើងឃាត់ តែបើមិន គឺយើងថា យើងសុំត្រួតពិនិត្យអាវុធជាតិផ្ទុះ»។
លោកទូច ណារដ្ឋ បាននិយាយទៀតថា អាជ្ញាធរបានចាប់ផ្តើមដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមសួរច្បារមាត់ទន្លេ ដើម្បីការពារសុវត្ថិភាពដល់ជនបរទេស។
លោក ផាទ្រិក ហ្វាលប៊ី (Patrick Falby) អាយុ៣៨ឆ្នាំជាអ្នកកាសែតបម្រើការងារឲ្យទីភ្នាក់ងារសារព័ត៌មានបារាំងដែលមានឈ្មោះថាអាអ៊ែហ្វប៉េ (AFP) ធ្លាប់បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ លោកបានទទូលរងនូវការវាយប្រហារដុំថ្មមួយចេញពីរថយន្ត Pickup មួយគ្រឿងនៅពេលដែលលោកបានដើរកំសាន្តនៅពេលយប់ជាមួយនឹងមិត្តភក្តិ តាមបណ្តោយមាត់ទន្លេ។ លោកបាននិយាយថា ការវាយប្រហារនេះធ្វើឲ្យលោកទទួលរងរបួសចំចង្កា។
កាសែតជាភាសាអង់គ្លេសមួយដែលមានឈ្មោះថា ភំ្នពេញប៉ុស្តិ៍ ធ្លាប់បានរាយការណ៍ឲ្យដឹងថា យ៉ាងតិចមានករណីវាយប្រហារដោយដុំថ្មនេះ បានកើតមានឡើងទៅលើជនបរទេសចំនូន៨ករណីតាំងពីខែមេសា ហើយហេតុការណ៍នេះ ភាគច្រើនបានកើតឡើងលើជនបរទេស ដែលដើរកំសាន្តនៅពេលយប់នៅតាមបណ្តាយជួរមាត់ទន្លេ។