ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រាប់​​អង្គការ​សហ​ប្រជា​ជាតិ​ពី​សមិទ្ធិផល​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​


លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១០​នៅទី​ក្រុង​ញូវ​យ៉ក។
លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១០​នៅទី​ក្រុង​ញូវ​យ៉ក។

លោក​ ហោ ណាំ​ហុង​ រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ទៅ​កាន់​សម័យ​ប្រជុំ​លើក​ទី​៦៥នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ ដោយ​បាន​បញ្ជាក់​ពី​ការ​សម្រេច​បាន​នូវ​សមិទ្ធិផល​របស់​កម្ពុជា​និង​ស្នើ​សុំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​គំរាម​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងនានាក្នុង​ការ​កាត់​បន្ថយ​ភាពក្រី​ក្រ​នៅ​ក្នុង​ពិភព​លោក​ ប៉ុន្តែ​បាន​ឱ្យ​ដឹងថា​ប្រទេស​កម្ពុជា​បាន​សម្រេច​គោល​ដៅ​សំខាន់​ៗ​មួយ​ចំនួនក្នុង​ចំណោម​គោល​ដៅ​អភិវឌ្ឍន៍​របស់​ខ្លួន។

ថ្លែ​ង​នៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ​នាបូរីញូវ​យ៉ក​កាល​ពីថ្ងៃ​អង្គារទី២៨​ខែ​កញ្ញា​នេះ​ លោកហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​មាន​គោលដៅ​មួយ​ចំនួន​នៃ ​គោល​ដៅអភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​កម្ពុជា​សម្រេច​បាន​ល្អ៖

«នៅ​ប្រទេស​កម្ពុជា​ យើង​បាន​អនុម័ត្ត​យក​តាំង​ពី​ឆ្នាំ​២០០៣​ នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ផ្ទាល់​របស់​យើង​ ដែល​មាន​ឈ្មោះ​ថា​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ ហើយ​យើង​សម្រេច​បាន​នូវ​ទិសដៅ ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​មួយ​ចំនួន​ ដូច​ជា​លើ​បញ្ហា​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​ ជម្ងឺអេដស៍​ គ្រុនចាញ់​ និង​ជម្ងឺដទៃ​ខ្លះ​ទៀត។​ យោង​តាម​ការសិក្សា​ថ្មីៗ​នេះ​ចេញ​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​នៅ​ក្រៅ​ប្រទេស​និង​យុទ្ធនាការ​សហស្សវត្សរ៍​ប្រទេស​កម្ពុជា​ត្រូ​វបាន​ចុះ​ក្នុង​បញ្ជី​នៃ​ប្រទេស​មួយ​ចំនួន​ដែល​សម្រេច​បាន​ច្រើន​ ខាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍»។

សំណុំ​នៃ​គោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​ គឺ​ការកាត់​បន្ថយ​ភាព​ក្រី​ក្រ ​ធ្វើឱ្យ​ប្រសើ​ឡើង​ការ​អប់​រំ​ ថែរក្សា​សុខភាព​ប្រជា​ពលរដ្ឋ​ និង​ការ​ពារ​បរិស្ថាន​ជាដើម​ ដែល​ទាំង​អស់​នេះ​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ ឆ្នាំ​២០១៥។

អង្គការ​សហ​ប្រជា​ជាតិ​នៅ ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ អត្រា​មរណ​ភាព​កុមារ​បាន​ធ្លាក់​ចុះ​ពី ​៩៥ ​នាក់​ក្នុង​១០០០​កំណើត​រស់​ក្នុង​ឆ្នាំ​២០០០​ មក​នៅ​ត្រឹម​ ៦០​នាក់​នៅ​ក្នុង​ឆ្នាំ​២០០៥។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏​ដោយ​ចំនួន​នេះ​នៅ​តែ​ខ្ពស់​នៅ​ឡើយ​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ដូច​ជា​ប្រទេស​វៀតណាម ​ថៃ ​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ជាដើម។

លោក​ ហោ ​ណាំហុង​ បាន​បញ្ជាក់​ថា​ ដោយ​សារ​កង្វះ​ខាត​ការ​យកចិត្ត​ទុក​ដាក់​ដល់​វិស័យ​កសិកម្ម​និងវិបត្តិ​ប្រេង​កន្លង​មក​ មាន​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ងាក​មក​ដាំ​ដំណាំ​ដែល​បម្រើ​ដល់​តម្រូវការ​ជីវថាមពល​នាំ​ឱ្យ​មាន​វិបត្តិ​ខ្វះខាត​ស្បៀង​អាហារ​ ប៉ុន្តែ​សម្រាប់​កម្ពុជា​ដោយ​សារ​តែ​បាន​យល់​ដឹង​និង​បាន​ដាក់​បញ្ហា​នេះ​នៅ​ក្នុង​របៀបវារៈ​កំពូល​របស់​ខ្លួន​ ក្នុង​ពេល​អនាគតកម្ពុជា​អាច​នឹង​មាន​លទ្ធភាពនាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស។

«សម្រាប់​ប្រទេស​កម្ពុជា​ ការ​ផលិត​ស្បៀង​ គឺ​ស្ថិត​នៅ​លើ​របៀបវារៈ​កំពូល​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​យើង​ ហើយ​វិស័យ​កសិកម្ម​និង​ប្រព័ន្ធ​ទឹក​ ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ខ្លាំង​ថា​ជា​ចំណុច​ឈាន​ឡើង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ព្រំដែន។​ គោល​បំណង​ដ៏​ធំ​ក្នុង​ពេល​អនាគត​គឺ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា​ឱ្យ​ទៅ​ជា​អ្នក​នាំ​អង្ករ​ចេញ»។

ប្រទេស​កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អ្នក​មាន​កាត់​បន្ថយ​នូវ​សារធាតុ​ពុល​កាបូន​និង​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​និង​បង្កើន​ជំនួយ​ដល់​ប្រទេស​ក្រីក្រ​ក្នុង​ការ​កាត់​បន្ថយ​សារធាតុ​គីមីពុល​នេះ​ ក្នុង​គោល​បំណង​កាត់​បន្ថយ​នូវ​ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​កំពុង​តែ​គំរាម​កំហែង​ពិភព​លោក។

លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្ត្រី ​ក្រសួង​ការបរទេស​កម្ពុជា​បានបញ្ជាក់​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត​ ភ្លើង​ឆេះ​ព្រៃ​ និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​លំនៅដ្ឋាន។

«ប្រទេស​កម្ពុជា​សូម​ទទូច​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​រក្សានូវ​ការ​ប្តេជ្ញា​របស់​ពួកគេ​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ​និង​ជំនួយ​បច្ចេកទេស​ដល់​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ហើយ​នឹង​នាំមុខ​គេ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញេ្ចញ​ជាតិពុល​ឧស្ម័ន​កាបូនិក»។

លោក​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ការប្រែប្រួ​ល​អាកាស​ធាតុ​ដោយ​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​គំនិត​ផ្តួច​ផ្តើម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដូច​ជា​ សម្ព័ន្ធ​ភាព​កម្ពុជា​ដើម្បី​ទប់​ស្កាត់​ការប្រែ​ប្រួល​អាកាស​ធាតុ ​ជាដើម។

នៅ​ក្នុង​សន្ទរកថា​រយៈ​ពេល១៣​នាទី​ លោក​ប្រមុខ​ការទូ​ត​របស់​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះស្រាយដោយ​សន្តិវិធី​នូវ​ជម្លោះ​ក្នុង​ឧបទ្វីប​កូរ៉េ​ និង​ជម្លោះ​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ ដើម្បី​ជា​ប្រយោជន៍​ដល់​សន្តិសុខ​របស់​ពិភព​លោក​ហើយ​ក៏​បាន​ស្វាគមន៍​ដល់​សេចក្តី​សម្រេច​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ទាក់​ទង​នឹង​ការ​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​គុយបា​ផង​ដែរ៕

XS
SM
MD
LG