ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រីការ​បរទេស​កម្ពុជា​នឹង​ពិភាក្សា​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អសប


ទាហ៊ាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។​​
ទាហ៊ាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។​​

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ ​នឹង​ជួប​តតាំង​គ្នា​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​និងថៃ។

លោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ជិះយន្តហោះ​ទៅ​កាន់​បូរី​ញូវយ៉ក​នៅ​ល្ងាច​ថ្ងៃ​សុក្រនេះ ដើម្បី​ពន្យល់​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​ថៃ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ការ​វាយប្រយុទ្ធ​គ្នា​ពីថ្ងៃទី ៤​ ដល់​ថ្ងៃទី ៧ ​ខែ កុម្ភៈ ​បាន​សម្លាប់​យ៉ាងតិច​១០នាក់់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​ ព្រមទាំង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​ច្រើន​រាប់ពាន់​គ្រួសារ​គ្មាន​ទី​ជម្រក និង​ខូចខាត​ទ្រព្យសម្បត្តិ​ ជាពិសេស​ប្រាសាទ​ព្រះវិហារ។

លោក​កុយ គួង ​អនុរដ្ឋលេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់វីអូអេ ថា ​លោក​ ហោ ណាំហុង ​នឹង​លើក​ឡើង​អំពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​មកលើ​ទឹកដី​កម្ពុជា​តាំងពី​ ឆ្នាំ២០០៨​រហូត​មកដល់​បច្ចុប្បន្ន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោក​និយាយ​ថា៖

«លោក​នឹង​លើកឡើង​អំពី​ដើមចម​នៃ​បញ្ហា​ដែល​កើតឡើង​ និង​បញ្ជាក់​ច្បាស់​អំពី​ការដែល​ថៃ​ព្យាយាម​បង្ក​ការ​ផ្ទុះ​អាវុធ​តាម​លក្ខណៈ​ឈ្លានពាន​មក​លើ​កម្ពុជា​យើង​បី​លើក​តាំង​ពី​ឆ្នាំ​២០០៨​ ឆ្នាំ​២០០៩​ និង​ថ្មីៗ​នេះ​ដែល​បង្ក​ជា​សង្គ្រាម​ជម្លោះ​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ជា​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​ទាំង​កម្រោល»។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​ច័ន្ទ ​ដើម្បី​ពិភាក្សា​អំពី​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា ​និង​ថៃ ​ព្រមទាំង​ឥណ្ឌនេស៊ី​ដែល​បច្ចុប្បន្ន​ធ្វើជា​ប្រធាន​អាស៊ាន​ ដែល​កំពុង​ព្យាយាមធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃ ច័ន្ទ បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​ ដើម្បី​បញ្ឈប់​ការឈ្លានពាន​របស់​កងទ័ព័​ថៃ​មក​លើ​ទឹកដី​កម្ពុជា និង​បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ឱ្យ​បញ្ជូន​កងទ័ព​មក​ប្រចាំការ​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កាសែត​បាងកក ប៉ុស្ត (Bangkok Post) បាន​រាយការណ៍​ថា លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ កាស៊ីត ភីរម្យ (Kasit Piromya) នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បូរី​ញូវយ៉ក​នៅ​ថ្ងៃច័ន្ទ​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​និង​ឥណ្ឌូនេស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គកា​រសហប្រជាជាតិ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ​នឹង​ជួប​ជាមួយ​សមភាគី​របស់​លោក​មក​ពី​ប្រទេស​ថៃ លោក កាស៊ីត​ ភីរម្យ និង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ារទី ណាតាឡេហ្កាវ៉ា (​Marty Natalegawa)​ នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​បូរី​ញូវយ៉ក​។

លោក​កុយ គួង​ អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«អ្វី​ដែល​យើង​លើកឡើង​ គឺ​អ្វី​ដែល​យើង​បាន​ត្រៀម​លក្ខណៈ​រួចជា​ស្រេច​ហើយ។ ជាពិសេស​លោក ឧបនាយក​រដ្ឋមន្ត្រី ​(ហោ ណាំហុង)​ បាន​បញ្ជាក់​ហើយ​ថា​ យើង​ត្រៀម​លក្ខណៈ​គ្រប់​ទាំងអស់​ទាំងផ្លូវការទូត​ ទាំងផ្លូវ​ច្បាប់​ និង​ទាំង​ផ្លូវ​យោធា​ យើង​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​ក្នុង​ករណី​ឈ្លានពាន​ដូចករណី​កន្លង​មក​ថ្មីៗ​នេះ»។

កម្ពុជា​ និង​ថៃ​បាន​ធ្វើការ​ចរចា​ទ្វេភាគី​រយៈពេល​ជាង​ពីរឆ្នាំ ​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះបញ្ចី​ជា​បេតិកភណ្ឌ​ពិភពលោក​នៅខែ កក្កដា ឆ្នាំ ២០០៨។

កិច្ច​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​តាមរយៈ​ការចរចា​ទ្វេភាគី​មិន​បាន​សម្រេច។ ដូច្នេះ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ឬ​អាស៊ាន ឥឡូវ ​ត្រូវ​មាន​កាតព្វកិច្ច​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជានិងថៃនេះ៕

XS
SM
MD
LG