ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរង​គ្រោះ​ខ្មែរ​ក្រហម​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សម្រាប់​សំណុំរឿង​០០៣​និង​០០៤


អង្គការ​សង្គម​ស៊ីវិល​​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​បន្ត​​បន្ទាប់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​នឹង​បោះបង់​ចោល​សំណុំរឿង​០០៣និង​០០៤។
អង្គការ​សង្គម​ស៊ីវិល​​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​បន្ត​​បន្ទាប់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​នឹង​បោះបង់​ចោល​សំណុំរឿង​០០៣និង​០០៤។

ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ខ្មែរ​ក្រហម​បាន​ទាម​ទារ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ស៊ើប​អង្កេត​បន្ថែម​លើ​ករណី​លេខ​០០៣ និង​០០៤​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​ចំនួន​៥នាក់​ទៀត​ ដែល​សុទ្ធសឹងជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម។ ការ​ទាម​ទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​សាលាក្តីដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជា​ជាតិ​បាន​បញ្ចប់​សវនាការ​បឋម​រយៈ​ពេល​៤ថ្ងៃរបស់​ខ្លួន​លើ​សំណុំ​រឿង​ក្តី​លេខ​០០២​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែ​មិថុនា​កន្លង​ទៅ​នេះ។ សំណុំ​រឿង​លេខ​០០២ ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​កំពូលៗ​ចំនួន​បួន​រូប​នៃ​សម័យ​ខ្មែរ​ក្រហម រួម​មាន នួន​ ជា អតីត​ប្រធានសភា ខៀវ សំផន អតីត​ប្រមុខរដ្ឋ អៀង​ សារី អតី​ត​រដ្ឋ​មន្ត្រីការ​បរទេស និង​ប្រពន្ធ​របស់គាត់​គឺ អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ខ្មែរ​ក្រហម។ ចំណែក​សំណុំ​រឿង​លេខ​០០១ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កាំង​ ហ្កិចអ៊ាវ ហៅឌុច ​អតី​ត​ប្រធាន​មន្ទីរ​ស២១​ឬគុក​ទួលស្លែង​នោះ ទើប​តែ​ត្រូវ​បាន​ជំនុំជម្រះ​ចប់​សព្វ​គ្រប់​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១នេះ។

លោក ឥន្ទ វុទ្ធី​ គឺ​ជា​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​អះអាង​ថា លោក​បាន​បាត់​បង់​បង​ប្អូន និង​សមាជិក​គ្រួសារ​សរុប​ចំនួន១១​នាក់​នៅ​ក្នុង​របប​នោះ។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍ជាមួយ​វីអូអេ​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹងមិន​អស់​ចិត្ត​ទេ​ប្រសិន​បើ​គ្មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ករណី​ទាំង​នោះ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«អា​នេះ គេ​ថា ​ភាព​មិន​អស់​ចិត្ត។ ដូច្នេះ​អាហ្នឹង​វា​អត់​មាន​ផ្សះផ្សារ​របួស​ផ្លូវចិត្ត​បាន​ទេ។ អញ្ចឹង​ហើយ​បាន​ទាម​ទារ​ឲ្យ​មាន​ដល់​០០៣​ទៅ​ទៀត ពី​ព្រោះ​យើង​ថា ប៉ុន្មាន​នាក់​នេះ វា​អត់​ទាន់​គ្រប់​ទេ​ ព្រោះ​យើង​អត់​បាន​ចម្លើយ​ថា​ហេតុអ្វី​បាន​ជា​អញ្ចឹង​ នរណា​ឲ្យ​ធ្វើ​អញ្ចឹង។ ទាល់​តែ​បាន​អាហ្នឹង​ បាន​ថា​យើង​ទទួល​បាន​យុត្តិធម៌»។

សហ​ចៅ​ក្រម​ស៊ើប​អង្កេតនៃ​សាលាក្តីខ្មែរ​ក្រហម​ បាន​ប្រកាស​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​ក្តី​លេខ​០០៣​ កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ដោយ​អះអាង​ថា ពួក​ខ្លួន​បាន​ស៊ើប​អង្កេតលើ​ករណី​នេះ​អស់រយៈ​ពេល​២០​ខែ​កន្លង​មក​ហើយ។ ​ប៉ុន្តែ សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ខកខាន​ក្នុង​ការ​បង្ហាញ​ពី​ដំណើរការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំរឿង​ក្តី​០០៤។

ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ដែល​មាន​មន្ទិល​សង្ស័យបានទាម​ទារ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លម្អិត​បន្ថែម​ទៀត​លើ​ករណី​នោះ។

លោក ជុំ ស៊ីរ៉ាត គឺ​ជា​អនុប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​មួយ​ឈ្មោះ​ក្សេមក្សាន។ លោក​មាន​ប្រសាសន៍​ដោយ​ហៅ​ការ​ស៊ើប​អង្កេត​របស់​សហចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ថា​ជា​ទង្វើ​ឥត​បាន​ការ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«គ្មាន​អ្នក​ណា​ដឹង​ថា​តើ​គាត់​ធ្វើ​ឬ​មិន​ធ្វើ។ គ្មាន​តម្លាភាព។ បើ​សាធារណៈជន​មិន​ដឹង តើ​ការ​ស៊ើប​អង្កេត​ហ្នឹង​បាន​ការ​អី។ ក្នុង​រឿង​ខ្មែរ​ក្រហម​ហ្នឹង យើង​រក​ការពិត។ យើង​មិន​មែន​រក​ការ​សងសឹក​ទេ ដើម្បី​ឲ្យ​យើង​ស្ងប់​នៅក្នុង​អារម្មណ៍​របស់​យើង ដើម្បី​យើង​រៀបចំ​ខ្លួន​យើង​រក​ការ​ផ្សះផ្សារ​ជាតិ​បាន។ ចុះ​បើ​គ្មាន​ការ​ពិត​ ហើយ​មិន​ដឹង​ការ​ពិត​ហ្នឹង​យ៉ាង​ម៉ិច​ផង​ តើ​បាន​ការ​អី​ដែល​ថា​ បាន​ស៊ើបអង្កេត​២០​ខែ​ដែរនោះ?»។

ក្រុម​ខ្មែរ​ក្រហម​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១.៧​លាន​នាក់ ដោយសារ​ការ​បង្អត់​អាហារ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួសកម្លាំង​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​កាប់​សម្លាប់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ក្រៅ​ពី​អតីត​មេដឹកនាំ​ក្រុមនេះ​ចំនួន​៥នាក់ ដែលត្រូវ​បាន​នាំ​ខ្លួន​យក​មក​ជំនុំ​ជម្រះ​ទោស​នោះ ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហមជឿ​ថា អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​នោះ​យ៉ាង​តិច​ចំនួន​៥នាក់​ទៀត​ដែល​ក្នុង​នោះ​រួម​មាន​អតីត​មេ​បញ្ជា​ការ​ទ័ព​ជើង​ទឹក និង​អាកាស​របស់​ខ្មែរ​ក្រហម​ផង​ គួរ​ត្រូវ​បាន​នាំ​ខ្លួនយក​មក​ឲ្យ​ទទួល​ខុសត្រូវ​ដែរ​ ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើងនៅ​សម័យ​នោះ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​ជំទាស់​នឹង​ការ​នាំ​ខ្លួន​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរក្រហម​បន្ថែម​ទៀត​ យក​មក​ជំនុំ​ជម្រះ​ទោស​ដោយ​សំអាងហេតុផល​ថា​ ការ​ធ្វើ​បែប​នេះ អាច​រុញ​ច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ជា​ថ្មី​ទៀត។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​តាម​ដាន​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើងថា សាលាក្តី​ខ្មែរ​ក្រហមយ៉ាង​ហោច​ណាស់​ក៏​គួរ​តែស៊ើប​អង្កេត​លើ​ករណី​០០៣និង​០០៤​បន្ថែម​ទៀត ទោះ​បី​ជា​ខ្លួន​សម្រេច​ចោទ​ឬ​មិន​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមដែល​ពាក់​ព័ន្ធ​ទាំងនោះ​ក៏ដោយ​ដើម្បី​បង្ហាញ​ពី​ឯករាជ្យភាព​ពិត​ប្រាកដរបស់​ខ្លួន និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​បន្ថែម​ទៀត​ពី​ជន​រងគ្រោះ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​បន្ត​បន្ទាប់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​នឹង​បោះបង់​សំណុំរឿង​០០៣និង​០០៤​នេះ​ចោល។

លោក ឡុង បញ្ញាវុធ ​មន្ត្រី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ ដោយ​ប្រៀប​ប្រដូច​សាលាក្តី​ខ្មែរ​ក្រហម​បច្ចុប្បន្ន​ទៅនឹង​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមដែល​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៧៩​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​រាំង​ខ្ទប់សំណុំរឿងក្តី០០៣​និង​០០៤​ មិន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​បាន។ លោក​មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​សំណុំ​រឿង​០០៣ និង​០០៤មិន​ត្រូវ​បានមើល​ឃើញ​ថា មាន​តម្លាភាព​ មិន​មាន​ព័ត៌​មាន​ត្រូវ​បាន​បញ្ចេញ​មក​ទេ ដូច្នេះ វា​ជា​ការ​លំបាក​មែន​ទែន​សម្រាប់​ឲ្យ​ជនរងគ្រោះ​ចូល​រួម​ថែម​ទៀត និង​គាំទ្រ​ដំណើរ​ការ​សាលាក្តី។ សាលាក្តី​ក៏​ពិបាក​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​ជា​តុលាការ​ឯករាជ្យ ជា​តុលាការ​មួយ​អព្យាក្រិតភាព។ វា​ខុស​គ្នា​យ៉ាង​ម៉ិច​ពី​តុលាការ​ឆ្នាំ​១៩៧៩ ដែល​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​បង្កើត​ ហើយ​កាត់​ក្តី តែ​នរណា​ដែល​រដ្ឋាភិបាល​ចង់​កាត់​ក្តី»។

សាលាក្តី​ខ្មែរ​ក្រហម​បាន​បដិសេធ​ចំពោះ​ការលើកឡើង​អំពីការ​ជ្រៀតជ្រែក ឬ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

លោក ឌឹម សុវណ្ណារុំ គឺ​ជា​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់​សាលាក្តីនេះ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បំពេញ​បេសកម្ម​ដោយ​ឯករាជ្យ​ ស្ថិត​ក្នុង​គោលដៅ​មួយ​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌។ ហើយ​កន្លង​មក​សហចៅក្រម​ស៊ើប​អង្កេត​បាន​ជម្រាប​ជូន​សាធារណៈ​ជន​ហើយ​ថា ការ​ងារ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត ធ្វើ​រហូត​មក​ដល់​ពេល​នេះ គឺ​ជា​ការ​ងារ​ឯករាជ្យ​សុទ្ធសាធ។ ដូច្នេះ ការ​ដែល​គេ​និយាយ​ថា ចង់​ឲ្យ​មាន​ឬ​មិន​ឲ្យ​មាន​ [ករណី​០០៣ និង០០៤]​ គឺ​ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​តុលាការ​នឹង​បង្ហា​ញ​អំពី​ឆន្ទៈ​របស់​ខ្លួន​យ៉ាង​ក្បោះ​ក្បាយ​ នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ចេញ​ដីការ​ដំណោះស្រាយ​ក្នុង​សំណុំ​រឿង​០០៣​ នៅ​ក្នុង​ពេល​ខាង​មុខ​នេះ»។

ដូច្នេះ ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នឹង​ត្រូវ​រង់ចាំ​មើល​ថា តើ​សាលាក្តី​ខ្មែរ​ក្រហម​ នឹង​ដោះស្រាយ​យ៉ាង​ដូចម្តេច​ជាមួយ​ករណី​០០៣និង​០០៤​តទៅ​ទៀត៕

XS
SM
MD
LG