កីឡាកររត់ប្រណាំងលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា សម្តែងការមិនសប្បាយចិត្តចំពោះការជ្រើសរើសតារាកំប្លែងជនជាតិជប៉ុន ជំនួសខ្លួនដើម្បីតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ ក្នុងខែសីហាខាងមុខនេះ។ អត្តពលករកម្ពុជាបានហៅការជ្រើសរើសនេះថា ជារឿងអយុត្តិធម៌។
ហែម ប៊ុនទីងរត់លឿនជាងគេនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគាត់មិនត្រូវបានគេជ្រើសរើសឲ្យតំណាងប្រទេសកម្ពុជាក្នុងការរត់ប្រណាំងចម្ងាយឆ្ងាយឬម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍ទេ។
មន្ត្រីកម្ពុជាបែរជាជ្រើសរើសតារាកំប្លែងជនជាតិជប៉ុនឈ្មោះ Neko Hiroshi ដែលរត់មិនដែលឈ្នះគាត់ ដើម្បីតំណាងប្រទេសកម្ពុជាទៅវិញ។
«វាធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសយើងទាំងមូល ពីព្រោះអ្នកដែលមើលមក គេគិតថា មូលហេតុអីមិនយកអ្នកដែលពូកែទៅ? មូលហេតុអីទៅយកអ្នកក្រៅប្រទេស ហើយរត់ចាញ់ខ្មែរទៀត? វាអត់ល្អ»។
កំណត់ត្រារយៈពេលរត់លឿនបំផុតរបស់ហែម ប៊ុនទីងក្នុងចម្ងាយផ្លូវជាង៤២គីឡូម៉ែត្រគឺ២ម៉ោង២៣នាទី គឺលឿនជាងកីឡាករ Neko Hiroshi ៧នាទី។
ហែម ប៊ុនទីង តំណាងកម្ពុជានៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងប៉េកាំង ប្រទេសចិនកាលពីឆ្នាំ២០០៨។ លោកបានចំណាយពេលអស់២ម៉ោង និង៣៣នាទីនៅក្នុងការរត់នៅពេលនោះ។
លោក ប៊ុនទីងទទួលបានមេដាយសម្រិទ្ធនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គែមនៅប្រទេសឡាវក្នុងឆ្នាំ២០០៩។
នៅឆ្នាំ២០១០ លោកទទួលបានជ័យលាភីលេខ១ក្នុងការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត អន្តរជាតិដែលមានចម្ងាយ២១គីឡូម៉ែត្រ។ ចំណែក លោក Neko Hiroshi ដែលបានចូលសញ្ជាតិខ្មែរកាលពីចុងឆ្នាំមុន បានទទួលចំណាត់ថ្នាក់លេខ៣។
«ខ្ញុំសប្បាយចិត្តណាស់ដែលគាត់បានចូលសញ្ជាតិខ្មែរ និងលេងកីឡាឲ្យខ្មែរ ប៉ុន្តែ Neko ត្រូវទទួលស្គាល់ថា គាត់មានសមត្ថភាពនឹងទៅឬអត់? ត្រូវទទួលស្គាល់សមត្ថភាពខ្លួនឯង។ បើខ្លួនឯងលេងមិនទាន់ឈ្នះកីឡាករខ្មែរទេ យើងគួរបន្តការហ្វឹកហាត់ឲ្យឈ្នះកីឡាករខ្មែរទៅ បើយើងចង់ទៅតំណាងឲ្យខ្មែរ»។
«របាយការណ៍ព័ត៌មានចុងក្រោយបង្ហាញថា សហព័ន្ធអត្តពលកម្មអន្តរជាតិបានបដិសេធសំណើរបស់កម្ពុជាក្នុងការទទួលស្គាល់កីឡាករ Neko ដើម្បីតំណាងឲ្យកម្ពុជានៅក្នុងការរត់ម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍នោះ»។
តែទោះជាយ៉ាងនេះក្តី លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និយាយថា លោកហែម ប៊ុនទីងទំនងនៅតែមិនត្រូវបានជ្រើសរើសដដែល ដោយសារលោកមិនបានគោរពក្រមសីលធម៌ និងវិន័យជាកីឡាករឲ្យបានល្អ។
«គាត់អត់បានយកខោអាវដែលគេផ្តល់ឲ្យសម្រាប់ចូលរួមក្នុងពិធីដង្ហែរក្បួនលើកទង់ជាតិរបស់យើង។ គាត់ថា អាវហ្នឹងគាត់ភ្លេចនៅផ្ទះ។ គាត់រឿងច្រើនណាស់។ ទាំងអូឡាំពិក និងគ្រប់កន្លែងទាំងអស់មានការសោកស្តាយចំពោះអត្តចារិត ការរៀបចំខ្លួន និងការមិនគោរពនូវវិន័យនិងក្រមសីលធម៌ដែលគេគ្រប់គ្នាគោរពបានតែគាត់គោរពមិនបាន»។
លោកវ៉ាត់ ចំរើន និយាយថា ការជ្រើសរើសកីឡាករ Neko នោះ គ្មានអ្វីពាក់ព័ន្ធនឹងការឧបត្ថម្ភរបស់តារាកំប្លែងតាមទូរទស្សន៍រូបនោះទៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួននៅក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ។
លោកនិយាយថា ការជ្រើសរើសនោះគឺដោយសារលោក Neko គឺជាអ្នករត់លឿនជាងគេបំផុតទី២នៅកម្ពុជាបន្ទាប់ពីលោកហែម ប៊ុនទីង។
លោក វ៉ាត់ ចំរើនបានចាត់ទុកកីឡាករហែម ប៊ុនទីងថា មានមោទភាពលើខ្លួនឯងជ្រុលពេក។
«យើងកុំយកជម្ងឺតួឯក មានន័យថា មានតែអញមួយ អញធ្វើអីក៏បាន។ បើថា អញជាកីឡាករឆ្នើម អញជាតួឯកពេញមួយប្រទេសហើយ អញ្ចឹងធ្វើអីក៏បាននោះ»។
លោក ហែម ប៊ុនទីងបានចេញពីក្រុមជម្រើសជាតិកាលពីឆ្នាំមុន បន្ទាប់ពីលោកបានតវ៉ាអំពីស្ថានភាពហ្វឹកហាត់មិនល្អ និងស្នើឲ្យមានការធានារាប់រងសុខភាពសម្រាប់អត្តពលករជាដើម។ នៅពេលនោះហើយ ដែលលោកបានបែកចេញពីសហព័ន្ធអត្តពលកម្មជាតិ។
«កីឡាស្រុកខ្មែរ បើធ្វើរបៀបហ្នឹងទៅ វិស័យអត្តពលកម្មហ្នឹងគឺអត់រីកចម្រើនទេ។ កីឡាករខ្លះអត់មានឧត្តមគតិដូចខ្ញុំទេ គឺហ៊ាននិយាយ ឃើញសថាស ឃើញក្រហមថាក្រហម ឃើញខ្មៅថាខ្មៅ។ ប៉ុន្តែពួកគាត់អត់ហ៊ាននិយាយទេ ពីព្រោះគាត់ខ្លាចគេ។ កីឡាករគឺមានភាពក្លាហាន និងស្មោះត្រង់បានមានការអភិវឌ្ឍល្អ គឺថា បើអត់គឺយើងថាអត់ បើគ្រប់គ្រាន់គឺយើងថា គ្រប់គ្រាន់»។
អតីតគ្រូបង្វឹកនិងមិត្តភក្តិរបស់កីឡាករហែម ប៊ុនទីងមួយចំនួនរំពឹងថា កីឡាករហែម ប៊ុនទីងនឹងត្រូវបានជ្រើសរើសដើម្បីតំណាងឲ្យកម្ពុជានៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងនៅក្នុងកីឡាអូឡាពិកក្នុងទីក្រុងឡុងដ៍នាពេលខាងមុខនេះ»៕