ភ្នំពេញ៖ អតីតកងទ័ពខ្មែរក្រហមនៅតំបន់ភ្នំវល្លិ៍បានសារទរចំពោះអង្គជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហម ដែលបានសម្រេចកាត់ទោសលោកកាំងហ្កេចអៀវ ហៅឌុចឲ្យជាប់ពន្ឋនាគាររយះពេល៣៥ឆ្នាំ។ ក៏ប៉ុន្កែបានហៅការសម្រេចទោសនេះ តិចតួចពេក ដោយបា្រថ្នាចង់ឲ្យដាក់ទោសឌុចអស់មួយជីវិត។ ការអះអាងនេះបានធ្វើឡើងនៅពេលដែលអតីតកងទ័ពខ្មែរក្រហមនៅភ្នំវល្លិ៍ ៥ រូបបានធ្វើដំណើរមកក្រុងភ្នំពេញ ដើម្បីធ្វើសន្និសីទកាសែតរឿងរំលោភដីធ្លី។
អតីតកងទ័ពខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ខេត្តកំពត បានប្រកាសស្វាគមន៍ចំពោះអង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ដែលបានប្រកាសសាលក្រមឲ្យលោកកាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ឲ្យជាប់ពន្ធនាគារយៈពេល៣៥ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សអស់ជាង ១២០០០នាក់ នៅក្នុងការគ្រប់គ្រងរបស់លោក ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ការប្រកាសរបស់ពួកអតីតកងទ័ពខ្មែរក្រហមនេះ បានធ្វើឡើងបន្ទាប់ពីអតីតកងទ័ពខ្មែរក្រហមនៅតំបន់ភ្នំវល្លិ៍ចំនួនប្រាំរូបបានមកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើសន្និសីទកាសែតមួយពីរឿងរំលោភដីធ្លី ហើយស្របពេលនឹងសាលាក្តីខ្មែរក្រហមប្រកាសសាលក្រមលោកកាំង ហ្កេចអៀវ ហៅឌុច។
បន្ទាប់ពីអានសាលក្រមអស់រយៈពេលជាងមួយម៉ោង លោកនិល ណុន ប្រធានចៅក្រមជំនុំជម្រះរបស់សាលាដំបូង បានប្រកាសដាក់ទោសលោកកាំង ហ្កេកអ៊ាវ ហៅឌុច ឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាក្រុងហ្សឺណែវ នៅឆ្នាំ១៩៤៩។
សេចក្តីសម្រេចនេះក៏បានបន្ធូរបន្ថយទោសរយៈពេលប្រាំឆ្នាំ ដោយសារតែ ឌុច បានសហការជាមួយនឹងសាលាក្តីក្នុងការបំភ្លឺ និងផ្តល់ភស្តុតាងនានា ហើយក្នុងរយៈពេលផ្តន្ទាទោសនេះ តុលាការក៏បានគិតបញ្ចូលផងដែរ នូវពេលដែលឌុចបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារយោធាពីថ្ងៃទី១០ ខែឧសភាឆ្នាំ១៩៩៩ រហូតដល់ខែកក្កដា ឆ្នាំ២០០៧ និងក៏បានគិតបញ្ចូលផងដែរ នូវពេលដែលឌុច ត្រូវយកមកឃុំឃាំងនៅក្នុងសាលាក្តីខ្មែរក្រហម តាំងពីឆ្នាំ២០០៧រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះសរុបទៅ លោកកាំង ហ្កេកអ៊ាវ ហៅ ឌុចត្រូវជាប់ពន្ធនាគាររយៈពេលតែ១៩ឆ្នាំតែប៉ុណ្ណោះ។
លោក ឃុត ឃាន អតីតកងទ័ពខ្មែរក្រហម នៅកងពលធំលេខ១៣០ប្រចាំតំបន់ភ្នំវល្លិ៍ ដែលមានតួ នាទីជាមេបញ្ជាកងវីរសេនាធំ បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា សាលក្រមរបស់ឌុច នៅថ្ងៃនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត។
លោកបានមានប្រសាសន៍ថា បើពិនិត្យទៅលើទោសដែលឌុចបានប្រព្រឹត្ត មិនគួរដាក់ទោសឲ្យ ឌុច ជាប់ពន្ធនាគារតិចពេកទេ។ ឌុចគួរតែសមទទួលទោសអស់មួយជីវិត។
«បែបបទនៃការសម្លាប់រង្គាលហ្នឹង ឃើញថា មិនគួរណាបន្ថយ ដាក់ទោសតិចពេកទេ។ បើយើងគិត តាមបទឧក្រិដ្ឋ វាត្រូវមួយជីវិត។ ប៉ុន្តែការយល់ឃើញរបស់លោកចៅក្រម ខ្ញុំក៏មិនហ៊ានថា ម៉េចដែរ»។
ចំណែកលោកទិត្យ ញន អាយុ៦២ឆ្នាំ អតីតប្រធានវរសេនាតូចនៃកងពលធំលេខ៤០៥វិញ បានហៅការប្រកាសសាលក្រមនេះថា អាចទទួលយកបាន។
«អានេះមកអំពីអំពើប្រព្រឹត្តរបស់តាឌុច ការប្រព្រឹត្តនេះ ខ្ញុំមិនធ្លាប់ដឹងទេ។ ក៏ប៉ុន្តែបើសិនជាតុលាការស្រាវជ្រាវឃើញថា រឿងរ៉ាវនេះ វាប្រាកដហើយ កាត់ទោស អាហ្នឹង ខ្ញុំមិនសោកស្តាយចំពោះតាឌុចទេ»។
ចំណែកឯអតីតកងទ័ពខ្មែរក្រហមចំនួនបីរូបផ្សេងទៀត មិនហ៊ានធ្វើអត្ថាធិប្បាយចំពោះការប្រកាសសាលក្រមនេះទេ ក៏ប៉ុន្តែពួកគេបានគាំទ្រការប្រកាសសាលក្រមរបស់ឌុច។
លោកកាំង ហ្កេកអ៊ាវ ហៅឌុច នឹងត្រូវបន្តការកាត់ទោស នៅក្នុងសំណុំរឿង០០២ ដែលគ្រោងនឹងធ្វើនៅដើមឆ្នាំ២០១១ ជាមួយនឹងមេដឹកនាំកំពូលៗចំនួនបួនរូបផ្សេងទៀត ដែលរួមមាន លោកខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកនួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រីអៀង ធីរិទ្ធ ភរិយារបស់លោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៕