ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អំពាវនាវ​សុំ​ជំនួយ​បរទេស​ ខណៈ​ទឹក​ជំនន់​បន្ត​បំផ្លាញ​និង​សម្លាប់​មនុស្ស


បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១១។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តាយ​ បាន​បញ្ជាក់​ថា​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់ ​ផ្ទះ​ជាង​១៣​ម៉ឺន​ខ្នង
បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១១។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តាយ​ បាន​បញ្ជាក់​ថា​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់ ​ផ្ទះ​ជាង​១៣​ម៉ឺន​ខ្នង

កម្ពុជា​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពីទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​បាន​ស្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់​តាំង​ពី​ខែ​សីហា។

នៅ​ថ្ងៃ​ច័ន្ទនេះ លោក​ យឹម ​ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្តីពី​ការ​ប្រែប្រួស​អាកាសធាតុ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​ ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ដោយ​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ខូច​ខាត​មានដល់​ទៅ​រាប់លាន​ដុល្លារ​អាមេរិក ​និង​តម្រូវការ​ស្តារ​ឡើងវិញ​ជា​ច្រើន​ឆ្នាំ​ទៀត។

«យើង​ជា​ប្រទេស​ក្រីក្រ។ យើង​អត់​មាន​ឧបករណ៍​ និង​បច្ចេកទេស​ជឿនលឿន​គ្រប់គ្រាន់ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បាតុភូត​មិន​ប្រក្រតី​នោះ​ទេ។ ដូច្នេះ​ យើង​ងាយ​រង​គ្រោះ​ថ្នាក់​ចំពោះ​ផលប៉ះពាល់​នា​នា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ»។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តាយ​ បាន​បញ្ជាក់​ថា​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់ ​ផ្ទះ​ជាង​១៣​ម៉ឺន​ខ្នង​ ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​១៧ម៉ឺន​គ្រួសារ ​និង​ស្រូវ​ជាង​២៧ម៉ឺន​ហិកតា ​ព្រម​ទាំង​ផ្លូវ​ជាតិ​ប្រវែង​ជាង​១០០​គីឡូម៉ែត្រ ​និង​ផ្លូវ​ក្រាល​គ្រួស​ប្រវែង​១.៨០០​គីឡូម៉ែត្រ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ យឹម​ ឆៃលី ​បាន​អំពាវនាវ​ដល់​សហគមន៍​ផ្តល់​ជំនួយ​អន្តរជាតិ​ និង​ដៃគូរ​អភិវឌ្ឍន៍​ឲ្យ​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​ដល់​កម្ពុជា​ក្នុង​អំឡុង​ពេល​ទឹក​ជំនន់​ និង​អំឡុង​ពេល​ស្តារ​ឡើងវិញ​ក្រោយ​ទឹក​ជំនន់។

អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​អាស៊ី ​ដូច​ជា​ប្រទេស​ប៉ាគីស្ថាន​ ហ្វិលីពីន ​ឥណ្ឌា​ បង់ក្លាដែស ​កម្ពុជា ​និងថៃ។

ម៉ារហ្គារ៉េតា វ៉លស្ត្រូម (Margareta Wahlström) តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ប្រជាពលរដ្ឋ​មិន​គួរ​ស្លាប់​ដោយសារ​ទឹក​ជំនន់​ទេ។

«យើង​មាន​បច្ចេកវិជ្ជា​ដើម្បី​ប្រកាស​អាសន្ន​ដល់​សហគមន៍​នានា​ មុន​នឹង​ទឹក​ជំនន់​កើត​មាន។​ ប្រជាពលរដ្ឋ​អាច​ត្រូវ​បាន​ជម្លៀស​ទាន់​ពេល។​ ជីវិត​ត្រូវ​បាន​សង្គ្រោះ ​និង​ការ​ចិញ្ចឹម​ជីវិត​ត្រូវ​បាន​ការពារ។​ ​ប្រព័ន្ធ​ព្រមាន​ជា​មុន​គឺ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធិភាព ​និង​វិធានការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ដែល​មាន​សមត្ថភាព​បំផុត»។

លោក​ ម៉ៅ​ ហាក់ ​នាយក​នៃ​នាយកដ្ឋាន​ធនធាន​ទឹក​ នៃ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​បាន​ថ្លែង​ថា​ក្រសួង​មាន​ប្រព័ន្ធ​បច្ចេកវិជ្ជា​ផ្តល់​ព័ត៌មាន​ជា​មុន​អំពី​ការ​កើត​មាន​ទឹក​ជំនន់​ និង​ផ្តល់​ដំណឹង​ពី​ការ​ព្យាករណ៍​ទឹក​ជំនន់​ដល់​ប្រជាពលរដ្ឋ​អំពី​ទឹក​ជំនន់​នេះ ​ដើម្បី​កាត់​បន្ថយ​ ឬ ​ជៀសវាង​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​នៃ​ទឹក​ជំនន់​នេះ។

«យើង​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ទឹក​ជំនន់​ហើយ ​ប៉ុន្តែ​គាត់​មាន​ការ​ប្រុងប្រយ័ត្ន​ដល់​កម្រិត​ណា។ ​គាត់​មាន​ការ​ធ្វេស​ប្រហែស​អំពី​ទឹក​ជំនន់​នេះ។ ចំនួន​គ្រោះថ្នាក់​ជួន​កាល​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​មែន​ទែន​តែ​ម្តង។​ យើង​បាន​ជូន​ដំណឹង​ឲ្យ​គាត់​ប្រយ័ត្ន​ពីរ​បី​ថ្ងៃ ​មុន​នឹង​ទឹក​ជំនន់​កើត​ឡើង ​បន្ទាប់​មក​ថ្នាក់​ខេត្ត​ប្រាប់​អំពី​ការ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព»។

លោក​ ម៉ៅ​ ហាក់ ​បាន​បន្ថែម​ថា​ទឹក​ទន្លេ​មេគង្គ ​និង​ទន្លេសាប​ ជា​រួម​បាន​ស្រក​ចុះ​ដែល​លែង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ត​ទៅ​ទៀត៕

XS
SM
MD
LG