សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះបានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាបដោយលើកលែងការចោទប្រកាន់ប្រជាពលរដ្ឋចំនួន៥នាក់នៅស្រុកជីក្រែងក្នុងករណីវិវាទដីធ្លី។ ការសម្រេចរបស់សាលាឧទ្ធរណ៍ថ្ងៃនេះធ្វើឡើងបន្ទាប់ពីមានការជំនុំជម្រះកាលពីថ្ងៃទី៧ ខែកក្កដានេះ។
ករណីទំនាស់ដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០០៥រវាងប្រជាពលរដ្ឋចំនួន៤៥គ្រួសារនិងប្រជាពលរដ្ឋចំនួន១៧៥គ្រួសារលើផ្ទៃដីចំនួន៤៧៥ហិកតាស្ថិតនៅភូមិទំនប់សួង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ លុះដល់ថ្ងៃទី២២ ខែមិនាឆ្នាំ២០០៩ក៏មានការផ្ទុះអាវុធកើតឡើងដោយសារសមត្ថកិច្ចបានធ្វើការហាមឃាត់ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋមានទំនាស់មិនឱ្យធ្វើស្រែនៅលើដីដែលកំពុងស្ថិតក្នុងភាពប្រទាញប្រទង់។
ការផ្ទុះអាវុធនោះបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន៤នាក់បានរងរបួសនិង១២នាក់បានចាប់ខ្លួនដោយចោទប្រកាន់ពីបទល្មើសផ្សេងៗចំនួន៩ករណីទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌដូចជាការបង្ករបួសស្នាម និងបង្ខាំងមនុស្សខុសច្បាប់ជាដើម។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋចំនួន៧នាក់ត្រូវបានលើកលែងការចោទប្រកាន់ហើយមានការដោះលែងជាបន្តបន្ទាប់ដោយនៅសល់តែប្រជាពលរដ្ឋចំនួន៥នាក់តែប៉ុណ្ណោះ។ សាលាដំបូងខេត្តសៀមរាបបានបើកសវនាការសម្រេចលើកលែងការចោទប្រកាន់ទាំងស្រុងលើអ្នកភូមិទាំងប្រាំនាក់ចុងក្រោយនេះកាលពីខែធ្នូឆ្នាំ២០០៩ដែលក្នុងនោះ២នាក់បានស្ថិតនៅក្រៅឃុំនិង៣នាក់ជាប់ឃុំជាបន្ត។ ក៏ប៉ុន្ដែព្រះរាជអាជ្ញាបានប្ដឹងជំទាស់នឹងសេចក្ដីសម្រេចនេះ។
ប្រជាពលរដ្ឋ៣នាក់ដែលបានជាប់ឃុំបន្តរហូតមកដល់ពេលនេះមានឈ្មោះស៊ឹម លាភ អាយុ ៦១ ឆ្នាំ ចាន់ លាភ អាយុជាង៤០ឆ្នាំនិងឈ្មោះខ្លិន អ៊ៀង អាយុជាង៥០ឆ្នាំ។
លោក ហម ស៊ុនរិទ្ធ មេធាវីរបស់ប្រជាពលរដ្ឋដែលត្រូវបានគេចោទប្រកាន់នោះបានឱ្យដឹងថាកូនក្តីរបស់គាត់មិនទាន់បានដោះលែងនៅឡើយដោយត្រូវរង់ចាំការរៀបចំទៅតាមនីតិវិធីផ្នែករដ្ឋបាលជាមុនសិន។
លោក តូប ពន្លឹក ជាកូនរបស់ស៊ឹម លាភបានសាទរចំពោះការលើកលែងការចោទប្រកាន់នេះក៏ប៉ុន្តែលោកគិតថាវាហាក់ដូចជាយូរខ្លាំងពេកទំរាំមានការជំនុំជម្រះនេះ។
«តាមយោបល់របស់ខ្ញុំមានភាពយុត្តិធម៌ចំពោះពួកគាត់ដោយមិនមានការចោទប្រកាន់ហើយមិនមានការឱ្យគាត់មានទទួលទោសបន្តទៅទៀតក៏ប៉ុន្តែត្រង់ថាការជាប់យូរឬជាប់ឆាប់នោះគឺមានភាពអយុត្តិធម៌សម្រាប់គាត់ណាស់ត្រង់ថាគាត់មិនបានប្រព្រឹត្តបទល្មើសតែតុលាការខេត្តសៀមរាបយកគាត់ទៅឃុំអស់រយៈពេលជាងពីរឆ្នាំ»។
លោក អំ សំអាត អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា លោកសូមស្វាគមន៍សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ក៏ប៉ុន្តែលោកនៅតែចាត់ទុកថានេះជាករណីអយុត្តិធម៌ជាខ្លាំងសម្រាប់ប្រជាពលរដ្ឋដែលគ្មានកំហុសនេះ។
«ខ្ញុំស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាបហើយនឹងធ្វើការលើកលែងចោទហើយបង្គាប់ឱ្យដោះលែងនេះក៏ប៉ុន្តែអ្វីដែលយើងគួរឱ្យសោកស្តាយថាពួកគាត់នេះត្រូវជាប់ឃុំរយៈពេល២ឆ្នាំដោយមិនបានប្រព្រឹត្តអ្វីហើយរឿងនេះគឺជារឿងដីធ្លីសុទ្ធសាធ។ បញ្ហាដីធ្លីនេះគឺនៅមិនទាន់បានដោះស្រាយនៅឡើយអញ្ចឹងបន្ទាប់ពីមានការដោះលែងនេះអាជ្ញាធរខេត្តគាត់ត្រូវតែមានការដោះស្រាយករណីដីធ្លីតាមរបៀបណាមួយដើម្បីបញ្ជៀសទំនាស់ទៅថ្ងៃក្រោយទៀតជៀសវាងឱ្យប្រជាពលរដ្ឋរងគ្រោះទៀត»។
ទំនាស់ដីធ្លីបានកើតឡើងយ៉ាងផុលផុសភាគច្រើនរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាចនៅក្នុងខណៈពេលដែលដីនៅក្នុងប្រទេសកម្ពុជាមានតម្លៃកើនឡើងខ្ពស់។ករណីភាគច្រើនត្រូវគេមើលឃើញថាប្រជាពលរដ្ឋក្រីក្រ គឺជាអ្នកទទួលរងគ្រោះពីជម្លោះទាំងនោះ៕