ក្រុមអ្នកការពារទន្លេ និងតំណាងអ្នកភូមិដែលរស់នៅតាមបណ្តោយដងទន្លេសេសានក្នុងខេត្តរតនៈគីរីបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្អាកគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២សិន ដើម្បីបើកផ្លូវឲ្យមានការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់នៃទំនប់ទៅលើជីវភាពរស់នៅរបស់ពួកគេ។
របាយការណ៍របស់បណ្តាញសម្ព័ន្ធទន្លេកម្ពុជា បានបង្ហាញថា យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួនជាង៣ម៉ឺន៨ពាន់នាក់ដោយរួមទាំងជនជាតិដើមយ៉ាងច្រើននៅក្នុងភូមិយ៉ាងតិចចំនួន៨៦ភូមិនៅតាមដងទន្លេសេសាន និងទន្លេស្រែពក អាចនឹងបាត់បង់លទ្ធភាពទទួលបានធនធានជលផលដ៏ច្រើនពីទន្លេទាំងនេះ ដោយសារទំនប់ដែលស្ថិតក្នុងខេត្តស្ទឹងត្រែងនោះនឹងរាំងស្កាត់ការបម្លាស់ទីរបស់ត្រីពីទន្លេមេគង្គ និងទន្លេសេកុងចូលទៅទន្លេសេសាន និងទន្លេស្រែពក។
ទន្លេសេសាន និងស្រែពកគឺជាដៃដ៏សំខាន់របស់ទន្លេមេគង្គ ហើយប្រភពទឹកដែលហូរចូលទន្លេទាំងនេះគឺចេញមកពីខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម។
បើផ្អែកតាមរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងសង់ទំនប់សេសានក្រោម២នេះ ដែលបានធ្វើឡើងដោយក្រុមហ៊ុនពិគ្រោះយោបល់កម្ពុជាឬ Key Consultants Cambodiaនៅកម្ពុជា កាលពីចុងឆ្នាំ២០០៨បានឲ្យដឹងថា ទំនប់នេះនឹងធ្វើឲ្យប្រជាពលរដ្ឋប្រមាណ៥.០០០នាក់នៅក្នុងឃុំចំនួនបួនក្នុងស្រុកសេសានត្រូវផ្លាស់ទីលំនៅដោយសារតែអាងស្តុកទឹកនៃទំនប់នេះនឹងជន់លិចដីស្រែរបស់អ្នកស្រុកទំហំជាង៣ម៉ឺនហិកតា។
រដ្ឋាភិបាលកម្ពុជា កាលពីខែមុនបានអនុម័តឲ្យមានការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ហើយការសាងសង់ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ទំនប់សេសានក្រោម២ដែលមានកម្ពស់៧៥ម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ដោយត្រូវចំណាយថវិកាអស់ជាង៨០០លានដុល្លារអាមេរិកនោះគឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនអគ្គិសនីវៀតណាម (Electricity of Vietnam) ដែលមានភាគហ៊ុន៥១% និងក្រុមហ៊ុនRoyal Group របស់លោកឧកញ៉ាគិត ម៉េងដែលមានភាគហ៊ុន៤៩%។
លោកមៀច មាន គឺជាអ្នកសម្របសម្រួលបណ្តាញការពារបីគឺទន្លេសេសាន ស្រែពកនិងសេកុងដែលមានមូលដ្ឋាននៅក្នុងខេត្តរតនៈគីរីនេះ។ លោកបានមានប្រសាសន៍នៅក្នុងពិធីបុណ្យខួបបណ្តាញទន្លេទាំងបីក្នុងស្រុកវ៉ើនសៃកាលពីសប្តាហ៍មុនថា ប្រជាសហគមន៍ដែលពឹងអាស្រ័យលើទន្លេសេសាននេះចង់ឲ្យមានការសិក្សាឲ្យបានពេញលេញអំពីផលប៉ះពាល់នៃទំនប់មកលើជីវភាពរស់នៅរបស់ពួកគេជាមុនសិន ហើយទទូចឲ្យរដ្ឋាភិបាលពិចារណាលើជម្រើសផ្សេងវិញក្នុងការទាញយកថាមពលអគ្គិសនីនោះ។ លោក មៀច មានថ្លែងថា៖
«តំណាងសហគមន៍យើងទាំងអស់ ស្នើជូនទៅរាជរដ្ឋាភិបាលថា សូមឲ្យផ្អាកការសាងសង់ទំនប់សេសានក្រោម២ ហើយសូមពិនិត្យមើលទៅលើផែនការអភិវឌ្ឍទំនប់ផ្សេងៗវិញក្នុងដំណាក់កាលណាមួយ»។
លោក មៀច មាន មានប្រសាសន៍បន្ថែមថា ការសាងសង់ទំនប់សេសានក្រោម២នេះ នឹងបង្កផលប៉ះពាល់យ៉ាងធំធេងមកលើជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅតាមដងទន្លេនេះ។ លោកបន្តទៀតថា៖
«មូលហេតុ ដោយសារទំនប់នឹងកាត់ផ្តាច់ទន្លេចំនួន២ ហើយនឹងលិចភូមិមិនត្រឹមតែភូមិក្នុងតំបន់អាងស្តុកទឹកប៉ុណ្ណោះទេ គឺប្រជាពលរដ្ឋចំនួនជាង១០០ភូមិនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារទំនប់ហ្នឹង»។
អ្នកស្រី ហ្វយ ស៊ុត តំណាងសហគមន៍រស់នៅតាមដងទន្លេទាំងបី មានប្រសាសន៍ថា ប្រជាសហគមន៍របស់អ្នកស្រីកន្លងមកបានរងគ្រោះជាច្រើនមកហើយដោយសារទឹកជំនន់ និងការខូចគុណភាពទឹកទន្លេដែលអ្នកស្រីអះអាងថាបណ្តាលមកពីទំនប់យ៉ាលីរបស់វៀតណាមដែលត្រូវបានសង់លើទន្លេសេសាននេះដែរ ដែលស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីព្រំដែនកម្ពុជា។ ដូច្នេះ អ្នកស្រី ហ្វយ ស៊ុត មានប្រសាសន៍ថា ប្រជាសហគមន៍របស់អ្នកស្រីមិនចង់រងគ្រោះដោយសារការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះថែមទៀតទេ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖
«វាខាតបង់ទាំងអាយុជីវិតសហគមន៍ ដូចថាអណ្តែតផ្ទះ អណ្តែងគោក្របីដូចជាមាន់ទា សត្វពាហនៈយើងសព្វគ្រប់បែបយ៉ាងគឺវាអណ្តែតទៅទាំងអស់។ ដោយសារអញ្ចឹងហើយបានជាពួកយើងខ្ញុំមិនចង់ឲ្យគាត់អភិវឌ្ឍទេទំនប់សេសានក្រោម២»។
បើតាមគម្រោងអគ្គិសនីដែលផលិតបាននេះនឹងត្រូវយកទៅផ្គត់ផ្គង់តំបន់និងខេត្តជិតខាងដូចជាមណ្ឌលគីរី និងខេត្តរតនៈគីរីនេះជាដើម រួចបញ្ជូនបន្តទៅវៀតណាម។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិនអំពីវិធានការរបស់ខ្លួនក្នុងការដោះស្រាយផលប៉ះពាល់ជីវភាពរស់នៅរបស់សហគមន៍ និងអត្ថប្រយោជន៍ដែលពួកគេអាចនឹងទទួលបានពីការសង់ទំនប់នេះ។ លោកសំអាតបានប្រាប់វីអូអេថា៖
«គាត់ត្រូវបញ្ជាក់ថា តើភ្លើងដែលយើងទទួលបានហ្នឹង វាចំណេញប៉ុន្មាន អំពីត្រីដែលប្រជាជនទទួលបានប៉ុន្មាន ពេលដែលទំនប់សាងសង់ហើយ តើគាត់ទទួលបានប៉ុន្មាន។ យើងមិនចង់ថា ក្រុមហ៊ុនសាងសង់ហើយ យើងបានទំនប់វារីអគ្គិសនី ហើយភ្លើងបានលក់ទៅក្រៅ សួរថាតើផលប្រយោជន៍ប្រជាជនគាត់បានអីទេ អញ្ចឹងទាមទារឲ្យមានការបញ្ជាក់ឲ្យច្បាស់លាស់»។
អ្នកសង់ទំនប់អះអាងថា គេអាចសង់ជណ្តើរ ឬផ្លូវវៀងដើម្បីឲ្យត្រីអាចធ្វើចរាចរណ៍ចុះឡើងបានដើម្បីបញ្ជៀសផលប៉ះពាល់ដល់ធនធានជលផលនៅក្នុងទន្លេដែលអាចបណ្តាលមកពីទំនប់នោះ។
ប៉ុន្តែលោក ឈិត សំអាត មានប្រសាសន៍ថា វិធីសាស្ត្របែបនោះគ្មានប្រសិទ្ធិភាពទេ ហើយបានហៅវាថាជាវិធីសាស្ត្រហួសសម័យទៅហើយ។ លោកបន្តថា៖
«ត្រីយើងរាប់រយប្រភេទ។ តើមានជណ្តើរប៉ុន្មានឲ្យគាត់ដើរ គឺថាមិនអាចទេ។ នេះគ្រាន់តែជាលេសមួយទេ បើតាមបទពិសោធន៍ពីប្រទេសផ្សេងៗ ត្រីមិនអាចឡើងបានទេដូចជាជណ្តើរយន្តអីហ្នឹងគឺមិនអាចទេ»។
លោក ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group) មិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញការទាមទាររបស់សហគមន៍នេះ ដោយលោកបានបង្វែរសំណួរទៅខាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលវិញ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មន្ត្រីពាក់ព័ន្ធជាច្រើនទៀតនៃក្រសួងឧស្សាហកម្ម ព្រមទាំងលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាផងដែរមិនអាចទាក់ទងបានឬមិនធ្វើអត្ថាធិប្បាយទេជុំវិញគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ។
យ៉ាងណាក៏ដោយ អភិបាលរងស្រុកវើនសៃនៃខេត្តរតនៈគីរី គឺអ្នកស្រី ខាំ ណាវ បានថ្លែងថា រដ្ឋាភិបាលក៏បានគិតគូរបញ្ចៀសផលប៉ះពាល់សហគមន៍នៅតាមដងទន្លេនេះដែរ។
ក្រៅពីគម្រោងសង់ទំនប់សេសានក្រោម២ រដ្ឋាភិបាលកម្ពុជាក៏គ្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកាន់តែកើនឡើងនៅក្នុងប្រទេស។ ទំនប់វារីអគ្គិសនីធំៗចំនួន២ត្រូវបានគ្រោងនឹងសង់នៅលើទន្លេមេគង្គតែម្តងគឺទំនប់ស្ទឹងត្រែងក្នុងខេត្តស្ទឹងត្រែង ដែលមានកម្លាំងថាមពល៩៨០ មេហ្គាវ៉ាត់ និងទំនប់សម្បូរក្នុងខេត្តក្រចេះ ដែលមានកម្លាំងថាមពលរហូតដល់២.៦០០មេហ្គាវ៉ាត់។
ប៉ុន្តែ កាលពីពេលថ្មីៗគម្រោងទំនប់វារីអគ្គីសលើដងទន្លេមេគង្គក្នុងប្រទេសឡាវ គឺទំនប់សាយ៉ាបូរីត្រូវបានរដ្ឋាភិបាលឡាវ ប្រកាសផ្អាកការសាងសង់សិនបន្ទាប់ពីមានការទាមទារពីសំណាក់សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គក្រោមឲ្យមានការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់ដែលអាចកើតមានឡើងដោយសារការសាងសង់ទំនប់នោះ។
អ្នកអាចមើលបាយការណ៍ជាវិដេអូ អំពីរឿងនេះនៅក្នុងគេហទំព័រwww.voacambodia.com ឬ youtube.com/voakhmerservice។