តំណាងរាស្ដ្រគណបក្សជំទាស់ លោក ស្រី មូរ សុខហ៊ួរ បានចាកចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលដៅស្វែងរកអន្ដរាគមន៍ពីប្រមុខដឹកនាំក្រុងវ៉ាស៊ីនតោន និងជួយផ្សព្វផ្សាយពីស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
តំណាងរាស្រ្ដគណបក្សជំទាស់ដែលទើបតែចាញ់ក្ដីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោកស្រី មូរ សុខហ៊ួរ បានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍សំដៅធ្វើដំណើរស្វែងរក អន្ដរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះអ្វីដែលលោកស្រីហៅថា គឺជាការចាញ់ក្ដីដោយអយុត្តិធម៌ និងដើម្បីធ្វើដំណើរផ្សព្វផ្សាយពីស្ថានភាពនៃការជួញដូរស្ដ្រី និងកុមារនៅក្នុងប្រទេសកម្ពុជា។
លោកស្រី មូរ សុខហ៊ួរ តំណាងរាស្ដ្រមណ្ឌលកំពតរបស់គណបក្សសម រង្ស៊ី ត្រូវតុលាការកំពូល សម្រេចឲ្យចាញ់ក្ដីលោក ហ៊ុន សែនកាលពីដើមខែមិថុនា ឆ្នាំ២០១០នេះ។ លោកហ៊ុន សែន បានប្ដឹងប្រឆាំងលោកស្រីពីបទបរិហារកេរ្តិ៍។ តុលាការកំពូលបានកំណត់ឲ្យលោកស្រីបង់ប្រាក់ ពិន័យសរុបចំនួន១៨,៥ លានរៀល ឬ ស្មើនឹង៤៥០០ដុល្លារអាមេរិក ដែលមួយផ្នែកគឺសម្រាប់ ចូលជាថវិកាជាតិ និងមួយផ្នែកទៀតជាប្រាក់ជំងឺចិត្តលោកហ៊ុន សែន។
លោកស្រី មូរ សុខហ៊ួរ បានស្វែងរកការគាំទ្រក្នុងញត្តិមួយ ដែលលោកស្រីបម្រុងបញ្ជូនទៅកាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា របស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីលោក ក្នុងការដាក់សម្ពាធទៅលើតុលាការកំពូល ដែលបានផ្ដន្ទាទោសលោកស្រី។ ញ្ញត្តិនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមប្រព័ន្ធអ៊ិនធឺណែត និងស្នើឲ្យមានការចុះហត្ថលេខាគាំទ្រពីសាធារណជន។ ញ្ញត្តិនេះបានទទូចឲ្យលោកបារ៉ាក់ អូបាម៉ា ធ្វើសេចក្ដីថ្លែងការណ៍ខ្លាំងៗប្រឆាំងនឹងសេចក្ដីសម្រេចរបស់ តុលាការខ្មែរកាលពីពេលថ្មីៗនេះ។
លោក ហូ វ៉ាន់ តំណាងរាស្ដ្រមួយរូបរបស់គណបក្សសម រង្ស៊ី មានប្រសាសន៍ថា មានសាធារណជន ទាំងក្នុងនិងក្រៅប្រទេស បានចុះហត្ថលេខាគាំទ្រញ្ញត្តិនោះរហូតដល់ជាង២០០០នាក់មកទល់នឹងថ្ងៃសុក្រនេះ។ លោកបញ្ជាក់ថា លោកស្រីមូរ សុខហ៊ួរនឹងស្វះស្វែងប្រគល់ញ្ញត្តិនេះ ជូនលោកប្រធានាធិបតីអាមេរិកាំង ក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិករបស់លោកស្រី ដែលនឹងបន្ដរហូតទៅដល់ថ្ងៃទី ២៥ ខែមិថុនា។
“យើងដឹងគោលបំណងហ្នឹងច្បាស់ ហើយថា ដាក់ញត្តិហ្នឹងផ្ញើរជូនប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ច្បាស់ណាស់។ ប៉ុន្ដែត្រង់គាត់យកទៅពេលណា ថ្ងៃណា យើងមិនបានសួរគាត់ទេ"។
ការចាកចេញរបស់លោកស្រី មូរ សុខហ៊ួរ ទៅកាន់សហរដ្ឋអាមេរិក ធ្វើឡើងដំណាលគ្នានឹងព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ជូនដំណឹងទៅដល់រតនាគារក្រុងភ្នំពេញ អំពីករណីដែលលោកស្រី មូរ សុខហ៊ួរ ត្រូវបង់ប្រាក់ចូលថវិកាជាតិនេះ។ នេះបើតាមលោកចៅក្រម ជីវ កេង ប្រធានតុលាការ ក្រុងភ្នំពេញ ដែលបានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ។ លោកជីវ កេងបញ្ជាក់ថា ប្រសិនបើលោកស្រីមូរ សុខហ៊ួរ មិនព្រមផ្ដល់ប្រាក់ពិន័យនោះទេ លោកស្រីនឹងប្រឈមមុខនឹង ការចាប់ខ្លួនដោយបង្ខំ។ ក៏ប៉ុន្ដែលោកស្រី មូរ សុខហ៊ួរ បានប្រកាសទុកជាមុនថា លោកស្រីនឹងមិនបង់ប្រាក់ពិន័យ ដែលលោកស្រីចាញ់ក្ដីដោយអយុត្តិធម៌នោះទេ។
លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល បានអធិប្បាយថា នេះគឺជាការរត់គេចខ្លួនរបស់លោកស្រី មូរ សុខហ៊ួរ។
“តាមពិត បើគាត់ចង់ជួបអូបាម៉ា មិនមែនជារឿងស្រួលអញ្ចឹងទេ។ តាមពិតគាត់គេច ព្រោះខ្លាចគេ ចាប់គាត់ដាក់គុកទេ"។
ដំណើរចាកចេញទៅកាន់សហរដ្ឋអាមេរិក គឺជាផ្នែកមួយយ៉ាងសំខាន់ដែរ ដែលលោកស្រី មូរ សុខហ៊ួរ គ្រោងនឹងចូលរួមជាសំខាន់ក្នុងការបញ្ចាំងខ្សែភាពយន្ដឯកសាររបស់លោកស្រីស្ដីពីស្ថានភាពជួញដូរស្រ្ដី និងកុមារនៅក្នុងប្រទេសកម្ពុជា។ គឺជាខ្សែភាពយន្ដដែលមានចំណងជើងថា ភ្លើងក្រហម ដែលមានន័យថា គឺជាកន្លែងផ្ទះបន ហើយដែលអ្នកស្រីបានចំណាយពេលថតអស់រយៈពេលចំនួន៤ឆ្នាំ ដោយមានការសហការថតពីជនជាតិអាមេរិកាំងចំនួនបីនាក់។
គឺជាខ្សែភាពយន្ដដែលមានរយៈពេលជាងមួយម៉ោង និងដែលលោកស្រី និងក្រុមថតរបស់លោកស្រី ចុះថតក្នុងផ្ទះបន ក្នុងមណ្ឌលសង្រ្គោះ និងនៅតាមផ្ទះរបស់ជនរងគ្រោះដោយផ្ទាល់ នៅក្នុងទីក្រុងភ្នំពេញ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ រតនគីរី និងខេត្តព្រះសីហនុ។
លោកស្រី មូរ សុខហ៊ួរ មានប្រសាសន៍នៅមុនពេលលោកស្រីឡើងយន្ដហោះទៅកាន់សហរដ្ឋអាមេរិកថា អំពើជួញដូរស្រ្ដី និងកុមារនៅប្រទេសកម្ពុជាកើតឡើង ដោយភាពអសកម្មរបស់រដ្ឋាភិបាល និងដោយសារភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ។ ម្យ៉ាងវិញទៀត ការបញ្ចាំងនូវភាពយន្ដឯកសារនេះ គឺជាការបង្ហាញនូវអ្វីដែលជាការឈឺចាប់របស់កូនចៅខ្មែរ និងជាការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរក្រីក្រឲ្យការពារខ្លួនចំពោះការឆបោក និងការជួញដូរ ដែលនឹងបណ្ដាលឲ្យជនរងគ្រោះបាត់បង់អនាគត និងជាការផ្ដល់ព័ត៌មានដល់រដ្ឋាភិបាលខ្មែរផង។
"ដូច្នេះ ហើយគឺដើម្បីឲ្យរដ្ឋាភិបាលដឹងអំពីការឈឺចាប់ ហើយនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការផ្ដន្ទាទោសជនឧក្រិដ្ឋ។ កុមារដែលរងគ្រោះមិនត្រឹមតែដោយសារការជួញដូរទេ ប៉ុន្ដែ រងគ្រោះ ដោយសារការអសកម្មនៃរដ្ឋាភិបាលយើង ហើយនិងភាពក្រីក្រតោកយ៉ាក"។
លោក ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការផ្សព្វផ្សាយនោះ គឺជាជ្រុងមួយតូចតែប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលមានចំណាត់ការទៅលើបញ្ហានេះរួចទៅហើយ។
លោក ខៀវ សុភ័គ ចាត់ទុកថា ការបញ្ចាំងខ្សែភាពយន្ដឯកសារស្ដីពីការជួញដូរស្រ្ដីនិងកុមារនោះ ប្រៀបដូចជាទឹកមួយតំណក់ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជានេះទេ។
ប្រទេសកម្ពុជាទទួលរងការរិះគន់ជាខ្លាំងដោយសារតែមានអំពើជួញដូរមនុស្ស ឆ្លងកាត់ផង និងមានការជួញដូរមនុស្សចូលមកក្នុងប្រទេស និងការជួញដូរមនុស្សក្នុងផ្ទៃក្នុងប្រទេសផងដែរ។
សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៩ បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាពីកម្រិតទី៣ មកត្រឹមកម្រិតទីពីរវិញ ដែលមានន័យថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរឡើង៕