ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ៖ ពលរដ្ឋ​ខ្មែរ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​


តំណាង​អង្គការ​​អន្តរជាតិ ស៊ីដា (Sida) របស់​​ប្រទេស​​ស៊ុយអែត​ ប្រកាស​អំពី​​ការ​​ផ្តល់​មូលនិធិ​ចំនួន​១,៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​​កម្មវិធី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ នៅ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​២៥​ខែ​ម
តំណាង​អង្គការ​​អន្តរជាតិ ស៊ីដា (Sida) របស់​​ប្រទេស​​ស៊ុយអែត​ ប្រកាស​អំពី​​ការ​​ផ្តល់​មូលនិធិ​ចំនួន​១,៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​​កម្មវិធី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ នៅ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​២៥​ខែ​ម

ការ​ស្ទង់មតិ​ថ្មីមួយ​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​យល់​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ​ដោយសារពួក​គេ​មាន​កង្វះ​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍​ស្ទង់​មតិ​ថ្មី​នេះ​ធ្វើ់ឡើង​ដោយ​អង្គការ​ BBC ​World ​Service​ Trust​ ហើយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ធ្លាប់​ឮ​ពាក្យ​ថា​«ការ​ប្រែប្រួល​អាកាសធាតុ»​ ឬ «ការ​កើនឡើង​កម្តៅ​ផែនដី» ប៉ុន្តែ​ពួកគេ​មិន​ទាន់​យល់​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​បាតុភូត​ទាំងនេះ​នៅ​ឡើយ​ទេ។

ការ​ស្ទង់​មតិ​ដែល​បាន​ផ្សព្វផ្សាយជា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ៍​នេះ បាន​រក​ឃើញ​ថា​ ៨៤%​ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរទាំងអស់​ ធ្លាប់​ឮពាក្យ​ «ការ​ប្រែប្រួល​អាកាសធាតុ​» ហើយ​៧០%​ នៃ​ពួកគេ​ ធ្លាប់​ឮ​ពាក្យ​ «ការ​កើនឡើង​កម្តៅ​ផែនដី» តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​និយាយ​តៗ​គ្នា ​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​បកស្រាយ​ពន្យល់​ពាក្យ​ទាំង​នេះ​ ដោយ​ផ្សាភ្ជាប់​ជាមួយ​នឹង​ជំងឺ ​បញ្ហា​ដាំដុះ​ គ្រោះ​រាំង​ស្ងួត​ កំណើន​សីតុណ្ហភាព​ ទិន្នផល​ធ្លាក់ចុះ​ និង​កង្វះទឹក​ប្រើប្រាស់​ជាដើម។

មាន​អ្នក​ឆ្លើយតប​តិចតួច​ណាស់​ដែល​បាន​ពន្យល់​ពីការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្សាភ្ជាប់​ទៅ​នឹង​ការ​បំពុល​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​និង​ការ​ប្រើប្រាស់​យានជំនិះ។ អ្នក​ឆ្លើយតប​ភាគច្រើន​មិន​បាន​ពន្យល់​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ បណ្តាល​មក​ពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សាកល​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ ពន្យល់​ថាមូលហេតុ​នោះ​គឺ​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​សិក្សា​ដែល​ផ្តល់​ថវិកា​ដោយ​ក្រសួង​បរិស្ថាន​កម្ពុជា​ក្រោម​ការ​គាំទ្រ​របស់​អង្គការ​Oxfam, Danida និង​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ​ UNDP ​បាន​ស្ទាបស្ទង់​ការ​យល់​ឃើញ​របស់​ប្រជាជន​កម្ពុជា​ចំនួន​២.៤០១​នាក់​ ដែល​ជា​កសិករ​ អ្នកនេសាទ​ គ្រូបង្រៀន​ ពាណិជ្ជករ

ស្រ្តី​មេផ្ទះ ​និង​ធ្វើ​បទ​សម្ភាសន៍បែប​ស៊ីជម្រៅ​ជាមួយ​បុគ្គល​សំខាន់ៗ​ចំនួន​១០១នាក់​មក​ពី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឧស្សាហកម្ម​ និង​ជា​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ នៅ​ទូទាំង​២៤​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា។

លោក​ Charles​ Hamilton ​នាយក​អង្គការ​ BBC ​World ​Service​ Trust​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ទង់​មតិ​នេះ​ថា​ មាន​ចន្លោះប្រហោង​និង​ការ​យល់​ខុស​ជា​ច្រើន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ ដោយ​សារ​កង្វះ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ងាយ​យល់​សម្រាប់​ប្រជាសហគមន៍​មូលដ្ឋាន​ទាក់​ទង​នឹង​បញ្ហាប្រែប្រួល​អាកាសធាតុ​នេះ។

«យើង​ត្រូវ​ប្រើ​ភាសា​ឲ្យ​ចំ​ ហើយ​សាមញ្ញ​ មិនមែន​ស្មុគស្មាញ​ ដូចជា​ការ​និយាយ​អំពី​ការ​កាត់​បន្ថយ​ឬ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។​ តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេចចំពោះ​កសិករ​ឬ​អ្នកនេសាទ? ​អ្នក​ទាំង​នេះ​ហើយ​គួរ​តែ​ជា​ទស្សនិកជន​សំខាន់​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពោលគឺ​អ្នក​ដែលមានការ​អប់រំ​នៅ​មាន​កម្រិត​ ដែល​ត្រូវការ​ព័ត៌មាន​ច្បាស់​លាស់​ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ជីវិត​រស់នៅ​របស់​ពួកគេ។ ដូច្នេះ​ព័ត៌មាន​ចាំបាច់​ត្រូវ​តែ​មាន​ការ​ពាក់​ព័ន្ធនឹង​ពួកគេ។»

លោក​ទេសរដ្ឋមន្ត្រី ​ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍​ថា​របាយការណ៍​ស្ទង់​មតិនេះ​គឺ​ជា​មូលដ្ឋាន​ព័ត៌មាន​ដ៏​ចាំ​បាច់​មួយ​សម្រាប់​រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កសាង​ផែន​ការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ផ្សព្វផ្សាយ​បន្ថែម​ ដើម្បី​លើក​កម្ពស់​ចំណេះដឹង​របស់​ប្រជាជន​កម្ពុជា​ទូទៅ។

«សេចក្តី​សន្និដ្ឋាន​និង​អនុសាសន៍​នានា​ដែល​បាន​តាក់តែង​ឡើង​ក្នុង​របាយការណ៍​នេះ​ នឹង​ជំរុញ​លើក​កម្ពស់​ចំណេះដឹង​សាធារណជន​ទូទៅ​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ការ​អនុវត្ត​ការ​ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​កាន់​តែ​សមស្រប ច្បាស់លាស់​ សកម្ម​និង​មាន​ប្រសិទ្ធិភាព។»

ប៉ុន្តែ​លោក​ទេសរដ្ឋមន្ត្រី ​ម៉ុក​ ម៉ារ៉េត​ មិន​បាន​ឆ្លើយតប​ឲ្យ​ចំ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មានថា​ តើ​ក្រសួង​របស់​លោក​នឹង​មាន​សកម្មភាព​ជាក់​ស្តែង​ណាមួយ​ ដើម្បី​បញ្ជ្រាប​ការ​អប់រំ​ឬ​លើក​កម្ពស់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ប្រាយ​អ៊ិន ​ឡន់​ (Brian Lund) ​នាយក​អង្គការ ​Oxfam ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត​ បាន​ថ្លែង​ថា​ ការ​អប់រំ​ និង​ព័ត៌មាន​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​អំណាច​និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា ​អាច​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​អាច​ស្តារ​ខ្លួន​ឯង​ឡើង​វិញ​បន្ទាប់​ពី​រង​ផលប៉ះពាល់​ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ពួកគេ៕

XS
SM
MD
LG