ភ្នំពេញ៖ ក្រុមគ្រួសារជនជាប់ចោទថៃចំនួនប្រាំពីររូប ដែលរួមមានសមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យមួយរូប ត្រូវបានអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខនៅក្នុងពន្ធនាគារព្រៃសដោយមានការហែរហមពីមន្រ្តីស្ថានទូតថៃប្រចាំប្រទេសកម្ពុជាចំនួនបីរូបផ្សេងទៀត។
បន្ទាប់ពីជំនួបអស់រយៈពេលប្រមាណជិតពីរម៉ោង ក្រុមគ្រួសារជនជាប់ចោទជនជាតិថៃទាំងប្រាំពីររូបនេះមិនបានផ្តល់បទសម្ភាសណាមួយដល់អ្នកសារព័ត៌មានទេ។
លោក ប៉ិច វិច្ឆិកា មេធាវីការពារក្តីឲ្យជនជាប់ចោទមួយរូបក្នុងចំណោមមេធាវីទាំងពីររូបបានមានប្រសាសន៍ថា ជំនួបនេះធ្វើឡើងជាលក្ខណៈគ្រួសារតែប៉ុណ្ណោះដោយមិនអាចធ្វើអត្ថាធិប្បាយលម្អិតអំពីលទ្ធផលនៃជំនួបនេះបានទេ។
«នៅក្នុងជំនួបនេះ ខ្ញុំនៅខាងក្រៅទេ។ គាត់ជាអ្នកចូលទៅខាងក្នុងជាមួយអីៗគាត់ជួបគ្នាគាត់ជជែកភាសាគាត់ខ្ញុំស្តាប់អត់បានទេខ្ញុំនៅខាងក្រៅទេ»។
អាជ្ញាធរខ្មែរ កាលពីថ្ងៃពុធ បានចាប់ខ្លួនជនជាតិថៃចំនួនប្រាំពីររូប ដែលនៅក្នុងនោះរួមមាន លោកប៉ានីច វីគិតស្រេត (Panich Vikitsreth) សមាជិកសភាតំណាងរាស្រ្តក្រុងបាងកកខាងគណបក្សប្រជាធិបតេយ្យនិង លោកវីរ៉ា ស៊ុមក្វាមគីត (Veera Somkwamkid) មេដឹកនាំក្រុមបាតុករអាវលឿង ព្រមទាំងអ្នកថតរូបមួយចំនួនទៀត ក្រោយពីបានឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនជាតិថៃទាំងប្រំាពីររូបកាលពីថ្ងៃទី៣០ ធ្នូ កន្លងទៅនេះពីបទឆ្លងដែនដោយខុសច្បាប់ចូលជ្រៅក្នុងប្រទេសកម្ពុជា តាមច្បាប់អន្តោប្រវេសន៍ រួចហើយបានបញ្ជូនខ្លួនមកឃុំឃាំងបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
លោកហេង ហាក់ ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃបាននិយាយថា ជនជាតិថៃទាំងប្រាំពីររូបនេះត្រូវបានឃុំខ្លួនដាច់ដោយឡែកៗពីគ្នាជាមួយនឹងអ្នកទោសផ្សេងទៀត។
លោកបានមានប្រសាសន៍ថាពួកគេមានសុខភាពល្អធម្មតាទេ។
«យើងឃុំដូចអ្នកទោសដទៃ គ្រាន់តែថា ពួកគេមានបន្ទប់នៅដាច់ដោយឡែក»។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃច័ន្ទនេះ បានស្តីបន្ទោសលោកប្រាវីត វង់ សុវ៉ុន (Prawit Wong suwon) រដ្ឋមន្រ្តីក្រសួងការពារជាតិថៃថា នៅពីក្រោយខ្នងនៃការចាប់ខ្លួនជនជាតិថៃទាំងប្រំាពីររូបនេះ។
កាសែតដដែលបាននិយាយទៀតថា លោកអាប់ភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្រ្តីថៃគ្រោងនឹងជួបជាផ្លូវការមួយជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខាងសមភាគីកម្ពុជា ដើម្បីស្នើសុំឲ្យដោះលែងជនជាតិថៃទាំងប្រាំពីររូបនេះក្នុងពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និង លោកខៀវ កាញ៉ារីទ្ធ អ្នកនំាពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា លោកពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបដិសេធពុំធ្វើអត្ថាធិប្បាយ។
«ប៉ុន្តែខ្ញុំមិនដែលនិយាយរកកាសែតហើយនឹងវិទ្យុ ទូរទស្សន៍ទេ មិនបាច់សួរ។ ក្រោយមិនបាច់សួរខ្ញុំទេ អ្វីក៏ដោយជាមួយកាសែត វិទ្យុ ទូរទស្សន៍»។
ក្រុមបាតុករអាវលឿង ប្រមាណជិត១០០នាក់នៅព្រលប់ថ្ងៃច័ន្ទនេះ បានធ្វើការតវ៉ាមួយយ៉ាងធំនៅពីមុខអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃដើម្បីស្នើសុំឲ្យដោះលែងជនជាតិថៃទាំងប្រំាពីររូបនេះ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃសស្របពេលនឹងអាជ្ញាធរថៃបានរាំងខ្ទប់ប្រជាពលរដ្ឋខ្មែរប្រមាណជាង៦០នាក់មិនឲ្យឆ្លងដែនទៅប្រទេសថៃដោយហេតុផលសន្តិសុខ៕