អ្នកភូមិ១២នៃប្លុកបូរីកីឡា ក្រុងភ្នំពេញប្រមាណជិត១០០នាក់ ដែលអះអាងថា តំណាងឲ្យអ្នកគ្មានចំណែកផ្ទះចំនួន៣៧៦គ្រួសារ បានធ្វើការតវ៉ានៅថ្ងៃអង្គារនេះនៅមុខសាលាខណ្ឌ ៧មករា ក្រុងភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុមផានអ៊ីម៉ិចសាងសង់ផ្ទះបន្ថែមសម្រាប់ពួកគេតាមកិច្ចសន្យា ដែលមានស្រាប់។
ក្រុមប្រជាជនបានដុតកង់ឡានដោយបានទាមទារសុំជួបអាជ្ញាធរធ្វើការដោះស្រាយសំណើរបស់ខ្លួន។ ពួកគេបានសំអាងថា ក្រុមហ៊ុនមិនបានសាងសង់ផ្ទះចំនួនដប់អគារ ដូចដែលបានសន្យាក្នុងការអភិវឌ្ឍនៅនឹងកន្លែងដែលធ្វើឲ្យពួកគាត់ខ្វះទីលំនៅជ្រកកោន។
លោក សេង គង់ អ្នកតវ៉ាម្នាក់ក្នុងចំណោមនោះ។ គាត់និយាយថា៖
«គេនិយាយថា គេក្ស័យធន់ សុំសាងសង់តែប្រាំបីអគារ ហើយគេកុហកទៅសម្ដេចហ៊ុន សែនថា ប្រាំបីអគារនេះគ្រប់ចំនួនប្រជាជនហើយ។ ការណ៍ពិតគឺសល់ប្រជាពលរដ្ឋជាង៣០០គ្រួសារទៀត»។
ការតវ៉ាបានបណ្ដាលឲ្យមានការប្រទាញប្រទង់មួយប្រាវ បន្ទាប់ពីបុរសម្នាក់បានព្យាយាមពន្លត់ភ្លើងកង់ឡានដែលដុតឆេះដោយក្រុមអ្នកភូមិក្រីក្រនេះ។ អ្នកភូមិបានចោល គ្រវែងដុំថ្មបន្តិចបន្ដួចទៅកាន់អគាររដ្ឋបាលខណ្ឌ ប៉ុន្ដែមិនបានបណ្ដាលឲ្យមានការប៉ះពាល់អ្វីឡើយ។
ស្ត្រីម្នាក់ជាជនពិការ។ ជើងរបស់គាត់ទាំងសងខាងស្វិត និងមានសភាពស្លេកស្លាំង។ គាត់បានប្រឹងប្រែងស្វែងរកឧឃោសនសព្ទដើម្បីបន្លឺសម្លេងរបស់ខ្លួន។ គាត់ផ្លាស់ទីដោយប្រើដៃទាំងគូរធាក់រទេះកង់បី។
«ហេតុអ្វីក៏អយុត្តិធម៌សម្រាប់នាងខ្ញុំជាជនពិការដែលកម្សត់ម្នាក់។ តស៊ូចិញ្ចឹមកូន ដើរលក់គ្រាប់ល្ពៅ គ្រលីងឈូក បានព្រឹកខ្វះល្ងាច បើខ្ញុំបាត់បង់ផ្ទះ ខ្ញុំរស់នៅវិធីណា?»
ទំនាស់នេះបានកើតឡើងចាប់តាំងពីឆ្នាំ២០០៥ បន្ទាប់ពីក្រុមហ៊ុនផានអ៊ីម៉ិចទទួលសិទ្ធិធ្វើការអភិវឌ្ឍនៅប្លុកបុរីកីឡាលើផ្ទៃដីទំហំ៤,៦ហិចតា។ ក្រុមប្រជាពលរដ្ឋអះអាងថា អ្នកដែលស្ថិតក្នុងទំនាស់មានចំនួនជាង១៧០០គ្រួសារ ក៏ប៉ុន្ដែក្រុមហ៊ុន និងអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋមានទំនាស់មានត្រឹមតែជាង១៤០០គ្រួសារប៉ុណ្ណោះ។ ក្រុមហ៊ុនជាប់កុងត្រាក្នុងការសាងសង់អគារចំនួនដប់សម្រាប់ផ្ដល់ជាជម្រកដល់សហគមន៍ក្រីក្រក្នុងប្លុកនេះ ក៏ប៉ុន្ដែក្រុមហ៊ុនបានប្រកាសកាលពីឆ្នាំ២០១០ថា ខ្លួនមានការខាតបង់ក្នុងការសាងសង់អគារចំនួនប្រាំបី ក្នុងចំណោមអគារដប់ ហើយចំនួនប្រជាជនក៏មានចំនួនឆ្លើយតបទៅនឹងចំនួនអគារនេះដែរ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា មិនមានការផ្ដល់លំនៅដ្ឋានដល់ក្រុមអ្នកតវ៉ានោះទេ។
«គាត់ជាប្រជាជនដែលមករស់នៅក្រោយពេលយើងហាមឃាត់ ដូច្នេះគាត់មិនត្រូវមានឈ្មោះបានផ្ទះពីរដ្ឋទេ»។
លោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច បញ្ជាក់ថា អ្នកតវ៉ាកាលពីព្រឹកមិញស្ថិតនៅក្រៅក្របខណ្ឌនៃក្រុមប្រជាពលរដ្ឋដែលត្រូវទទួលបានចំណែកផ្ទះ។
«ក្រុមហ៊ុនសង់បានគ្រប់គ្រាន់អស់ហើយ ហើយសល់បន្ទប់ទៀត។ ចំពោះការដុតកង់ឡាន (តវ៉ា) នៅពីមុខខណ្ឌកាលពីព្រឹកមិញគឺប្រជាជនដែលគាត់ទើបតែនៅក្រោយ។ ហើយខ្លះទៀតបានផ្ទះនៅខាងលើហើយលក់ឲ្យគេ រួចចុះមកនៅក្រោម រួចហើយមកប្រមូលគ្នា អ្នកទើបមកនៅថ្មីដើម្បីប្រឆាំង»។
លោកអ៊ូច ឡេង មន្រ្តីផ្នែកកម្មវិធីដីធ្លីរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ដោយទទួលស្គាល់ថា មានប្រជាពលរដ្ឋមួយចំនួន ដែលចូលរួមក្នុងការតវ៉ានេះ បានទទួលដី ផ្ទះ ឬជាថវិការួចទៅហើយដែលធ្វើឲ្យការដោះស្រាយមានភាពស្មុគ្រស្មាញ។ ក៏ប៉ុន្ដែភាពស្មុគ្រស្មាញផ្សេងទៀតក៏បណ្ដាលមកពីក្រុមអាជ្ញាធរ និងក្រុមហ៊ុនផងដែរ។
យ៉ាងណាក៏ដោយលោកអ៊ូច ឡេងកត់សំគាល់ឃើញថា ភាគីក្រុមហ៊ុនផានអ៊ីម៉ិចមានចំណែកទទួលខុសត្រូវច្រើនជាង។
«រឿងនេះគឺយើងអាចមើលឃើញថា ជាកំហុសរបស់ក្រុមហ៊ុនទាំងស្រុង ដែលក្រុមហ៊ុនអះអាងថា មិនមានលទ្ធភាពសាងសង់២អគារថែមទៀតជូនប្រជាពលរដ្ឋ។ បើសិនមិនមានលទ្ធភាពសាងសង់ជូនប្រជាជន គួរតែអនុញ្ញាតឲ្យប្រជាជន ដែលសល់ប៉ុន្មានរយគ្រួសារនោះសាងសង់ដោយខ្លួនឯង លើដីរបស់ខ្លួន ហើយចែកគ្នាពីចំនួន២អគារនោះមកវិញ»។
ទោះជាយ៉ាងនេះក្ដី លោកស្រីស៊ុយ សុផានបញ្ជាក់ថា ក្រុមហ៊ុនលោកស្រីបានរៀបចំចំណែកដីដល់ក្រុមអ្នកតវ៉ាក្នុងមួយគ្រួសារ មួយឡូសម្រាប់សាងសង់លំនៅដ្ឋានក្នុងខេត្តកំពង់ស្ពឺ។ ប៉ុន្ដែក្រុមប្រជាពលរដ្ឋត្រូវការស្ថិតនៅក្នុងក្រុងភ្នំពេញ៕