បន្ទាប់ពីសោកនាដកម្មនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ សា្ថនីយទូរទស្សន៍ធំៗចំនួនពីរ បានទទួលថវិកាដែលប្រមូលបានពីសប្បុរសជនរាប់លានដុល្លារ។ ស្ថានីយទូរទស្សន៍ទាំងពីរបានប្រកាសថានិងបង្វែរថវិកាទាំងនេះដល់ជនរងគ្រោះ ក្នុងពេលឆាប់ៗនេះ។ ក្រុមគ្រួសារជនរងគ្រោះបានរីករាយនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក៏ប៉ុន្តែមិនបានប៉ះប៉ូវផ្លូវចិត្តរបស់ពួកគេទេបន្ទាប់ពីក្រុមគ្រួសារសាច់ញាតិបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មនេះ។
ស្ថានីយ៍ទូរទស្សន៍បាយ័នរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថានៅថ្ងៃពុធស្អែកនេះនឹងផ្តល់ថវិកាជាលើកដំបូងដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មមួយនៅលើមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
ចំណែកឯស្ថានីយទូរទស្សន៍ CTN របស់លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងប្រកាសផ្តល់ថវិកាដល់ជនរងគ្រោះក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
ស្ថានីយ៍ទូរទស្សន៍ធំៗទាំងពីរនេះ បានផ្តួចផ្តើមក្នុងការប្រមូលថវិកាពីសប្បុរសជននានាក្រោយពេលឧបទ្ទវហេតុដែលបានកើតមានឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកានៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ។
រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ចំនួនអ្នកស្លាប់ផ្លូវការមានចំនួន៣៥១នាក់ និង៣៩៥នាក់ ផ្សេងទៀតបានទទួលរងរបួសហើយមូលហេតុ ដែលបានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែភ័យស្លន់ស្លោ និងការរត់ជាន់គ្នា។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថាការស្លាប់បាត់បង់ជីវិតនេះមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយភេរវកម្ម និងឆក់ខ្សែភ្លើង ឬក៏ការសម្លាប់ដោយគ្រោងទុកជាមុនទេ។
បន្ទាប់ពីសោកនាដកម្មនេះបានបញ្ចប់សប្បុរសជនមកពីគ្រប់ទិសទីបានផ្តល់ថវិកាដើម្បីចូលរួមចំណែកដល់ជនរងគ្រោះ តាមរយៈមូលនិធិទូរទស្សន៍ CTN និងទូរទស្សន៍បាយ័ន។
ស្ថានីយ៍ទូរទស្សន៍បាយ័ន បានប្រកាសតួលេខជាចុងក្រោយ ដែលទទួលបានមានចំនួនជិតពីរលាន និងប្រាំសែនដុល្លារសហរដ្ឋអាមេរិក។
ចំណែកទូរទស្សន៍ CTN វិញទទួលបានចំនួនជាង៨៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកហួត ឃាងវេង អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ និងវិទ្យុបាយ័ន បាននិយាយថា នៅថ្ងៃពុធស្អែកនេះ ស្ថានីយ៍ទូរទស្សន៍បាយ័ន នឹងផ្តល់ថវិកាជាលើកដំបូងដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតចំនួន៨១នាក់ហើយក្រុមការងាររបស់យើងនឹងបន្តផ្តល់ថវិកានេះដល់ជនរងគ្រោះជាបន្តបន្ទាប់ទៀត។
លោកបានមានប្រសាសន៍ថា មូលនិធិបាយ័ន ផ្តល់ថវិកាសម្រាប់ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះ ចំណែកឯជនរងគ្រោះ ដែលទទួលរងរបួសយើងមិនបានផ្តល់ជូនទេ។
លោកបានមានប្រសាសន៍ទៀតថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងម្នាក់ៗអាចទទួលទឹកប្រាក់ប្រមាណជិត៦.០០០ ដុល្លារសហរដ្ឋអាមេរិក។
«ការរងរបួសយើងពិបាក និងសន្មត់ថា របួសណាធ្ងន់កម្រិតណា ហើយយើងចែកប៉ុណ្ណោះឲ្យស្មើគ្នានោះវាអត់មានតម្លាភាព ហើយធ្វើឲ្យយើងពិបាកចែកប្រាក់និងអ្នករបួសធ្ងន់ ស្រាល យ៉ាងណាៗ យើងពិបាកកំណត់ថាមួយនាក់ឲ្យប៉ុន្មាន»។
លោកហ៊ុយ វណ្ណៈ សមាជិករបស់ទូរទស្សន៍ CTN នៃមូលនិធិជួយសង្គ្រោះក្នុងឧបទ្ទវហេតុនៅកោះពេជ្រ បាននិយាយថាយើងនឹងគ្រោងបែងចែកថវិកាចំនួន៨០% សម្រាប់អ្នកដែលស្លាប់បាត់បង់ ជីវិត និង២០% ផ្សេងទៀតសម្រាប់អ្នករងរបួស។
លោកបានមានប្រសាសន៍ទៀតថា គម្រោងផ្តល់ថវិកានេះ យើង នឹងធ្វើឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោកបានមានប្រសាសន៍ទៀតថាយើងនឹងផ្តល់មូលនិធិជាមូលប្បទានប័ត្រដល់ជនរងគ្រោះតែម្តងដើម្បីសុវត្ថិភាពដល់ជនរងគ្រោះ។
«ដើម្បីសុវត្ថិភាព យើងគ្រោង នឹងធ្វើចេញជាសែក ដើម្បីប្រគល់ជូនគ្រួសារនីមួយៗ ប៉ុន្តែ ឥឡូវនេះ យើងកំពុងកំណត់ថាតើត្រូវធ្វើដូចម្តេច ដើម្បីឲ្យថវិកាទៅដល់ជនរងគ្រោះពិតប្រាកដ ដូច្នេះ យើងធ្វើការកំណត់ ថាតើយើងតម្រូវឲ្យគាត់មានអ្វី ដើម្បីបញ្ជាក់ថា គាត់ជាតំណាង ឬក៏ជនរងគ្រោះ ពិតប្រាកដ»។
ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត បានត្រេកអរ ចំពោះអំណោយដែលទទួលបានពីសប្បុរសជន។ ក៏ប៉ុន្តែទឹកប្រាក់ទាំងនេះ ពុំបានប៉ះប៉ូវដល់ផ្លូវចិត្តចំពោះអ្វីដែលបានបាត់បង់សមាជិកក្នុងក្រុមគ្រួសារនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មនេះទេ។
អ្នកស្រីហ៊ូ ចាន់ធី អាយុ៤៧ឆ្នាំ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវជាម្តាយជនរងគ្រោះឈ្មោះសួង ចាន់នី អាយុ២២ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនៅលើកោះពេជ្រ នោះបាននិយាយថា អ្នកស្រីបានទទួលទឹកប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជនរហូតមកដល់ពេល នេះ មានចំនួនជាង៥.០០០ដុល្លារសហរដ្ឋអាមេរិកហើយ។
អ្នកស្រីបាន និយាយថា ទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកដល់ទុក្ខលំបាកនៅក្នុងគ្រួសាររបស់អ្នកស្រី។
«ខ្ញុំសូមថ្លែងអំណរគុណហើយ បានគ្រប់ផ្នែកឧបត្ថម្ភកូនខ្ញុំ ដែលបានចែកឋានទៅ។ ខ្ញុំសូមជូនពរឲ្យអាយុវែង កុំឲ្យអាយុខ្លីដូចកូនខ្ញុំ»។
ចំណែកអ្នកស្រីសែម សូនី អាយុ៣៥ឆ្នាំ រស់នៅស្រុកអង្គរជ័យ ខេត្តកំពត ត្រូវជាបងស្រីរបស់ ជនរងគ្រោះឈ្មោះសែម សុភាព អាយុ២៨ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតបាននិយាយថាអ្នកស្រីបាន ទទួលទឹកប្រាក់ជាង៥.០០០ដុល្លារសហរដ្ឋអាមេរិកក៏ប៉ុន្តែអ្វីដែលអ្នកស្រីបានសោកស្តាយបំផុតនោះ គឺ ជីវិតរបស់ប្អូនស្រីបានបាត់បង់។ ដូច្នេះ ទឹកប្រាក់ទាំងនេះ មិនបានប៉ះប៉ូវដល់ផ្លូវចិត្តដល់អ្នកស្រីទេ។
«អត់សប្បាយទេ តែធ្វើម៉េចបើវាស្លាប់ទៅហើយ។ យើងត្រូវតែយកហើយព្រោះអីប្អូនយើងមួយបាត់បង់ជីវិតទៅហើយមិនអាចឃើញវិញបានទេ។ លុយយើងអាចរកបាន តែមនុស្សមិនអាចមកវិញបាន»។
ការរៃអង្គាសប្រាក់ជួយដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅលើកោះពេជ្រនោះមិនមែនមានតែត្រឹមស្ថានីយទូរទស្សន៍ CTN និងស្ថានីយទូរទស្សន៍បាយ័នទេ នៅតាមសាកលវិទ្យាល័យមួយចំនួនក៏បានធ្វើកិច្ចការនេះផងដែរ។
កញ្ញាទូច សាព៌ណ អាយុ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភ្នំពេញផ្នែកផ្សព្វផ្សាយ ដែលបានបង្កើតមូលនិធិមួយ ដែលមានឈ្មោះថា «មូលនិធិ២២ វិច្ឆិកា» បាននិយាយថាមូលនិធិនេះបាន ប្រមូលទឹកប្រាក់ប្រមាណជាង២.០០០ដុល្លារសហរដ្ឋអាមេរិកពីក្រុមនិស្សិតចំនួន១០សាកលវិទ្យាល័យ ផ្សេងគ្នា។
កញ្ញាបាននិយាយទៀតថា មូលនិធិនេះ បានបែងចែកផ្ទាល់ដៃដល់ជនរងគ្រោះរួចហើយ កាល ពីសបា្តហ៍មុន។
«ពួកខ្ញុំ បានដកថវិកាខ្លះៗ ដើម្បីជួយលើកទឹកចិត្តដល់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យខ្លះ ដោយសារតែគាត់ហត់។ ពួកខ្ញុំជូនជាផ្លែឈើ ហើយ និងទឹកសុទ្ធទៅដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ហើយ សម្រាប់អ្នកជម្ងឺពួកយើងជូនជាថវិកាទៅដល់គាត់ផ្ទាល់»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៃប្រទេសកម្ពុជាបានប្រកាសថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនៅលើកោះពេជ្រក្នុងម្នាក់ៗអាចទទួលបានថវិកាសរុបចំនួនជាង១២.០០០ដុល្លារសហរដ្ឋអាមេរិក៕