រដ្ឋាភិបាលកម្ពុជាគ្រោងនឹងផ្តល់ដីសម្បទានសង្គមកិច្ចដល់ក្រុមគ្រួសារអតីតយុទ្ធជនជិត៣.០០០គ្រួសារនៅពេលខាងមុខនេះ ដែលជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក សារ៉េត បូរាមី អគ្គលេខាធិការងអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិផ្តល់ដីសម្បទានសង្គមកិច្ច ថ្នាក់ជាតិបានមានប្រសាសន៍នៅថ្ងៃអង្គារ៍នេះថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងផ្តល់ដីសម្បទានសង្គមកិច្ច ដល់ក្រុមគ្រួសារយោធិនចូលនិវត្តន៍ចំនួន២.៤៧៩គ្រួសារនាពេលខាងមុខនេះ។ លោកបូរាមី បានមានប្រសាសន៍ទៀតថា ក្រុមគ្រួសារដែលគ្មានដីអាចដាក់ពាក្យស្នើសុំលំនៅដ្ឋាន និងដីកសិកម្មបាន។ លោកបានមានប្រសាសន៍ថា ដីសម្រាប់សាងសង់លំនៅដ្ឋានដែលនឹងត្រូវផ្តល់គឺមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េ ដល់១.៦០០ម៉ែត្រការ៉េ។ ចំណែកដីកសិកម្មវិញ ចាប់ពី២ហិចតា រហូតដល់៥ហិចតាទៅតាមលទ្ធភាពដី។ លោកថ្លែងដូច្នេះថា៖
«ក្រសួងពីរ គឺក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ នៅក្នុងតួលេខ ដែលខ្ញុំបានពីក្រសួងខាងលើជាង២.០០០។ ក្រសួងការពារជាតិមានចំនួន១.៣៦៩នាក់ ឬក៏គ្រួសារ យើងនិយាយជាគ្រួសារតែម្តង ហើយក្រសួងមហាផ្ទៃមានចំនួន១.១០០គ្រួសារ បានចូលក្នុងបញ្ជីឈ្មោះដែលត្រូវបានទទួលដីសម្បទានសង្គមកិច្ច»។
ការបែងចែកដីសម្បទានសង្គមកិច្ចនេះ ត្រូវបានធ្វើឡើងតាមរយៈគោលការណ៍របស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ។ ប្រជាពលរដ្ឋគ្រប់រូប ដែលពុំមានដីពិតប្រាកដអាចដាក់ពាក្យស្នើសុំទៅ តាមភូមិឃុំរបស់ខ្លួន ដើម្បីទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់ លោកសារ៉េត បូរមី។
លោក បូរមី បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលមានដីចំនួន១៦ ខេត្តក្រុងសរុបទំហំដី ១៣០.០០០ហិចតាសម្រាប់ធ្វើការបែងចែកដល់ប្រជាពលរដ្ឋក្រីក្រ យោធិន និងមន្រ្តីប៉ូលីសចូលនិវត្តន៍។ លោកមានប្រសាសន៍ថា៖
«មកដល់ពេលនេះ តួលេខដែលត្រូវបែងចែកគឺ៦.៥០០គ្រួសារ តាមផែនការ។ ក៏ប៉ុន្តែវាអាស្រ័យលើលទ្ឋភាពថវិកា ដែលយើងបែងចែក ហើយនិងលទ្ឋភាពដីដែលយើងរក។ តួលេខនេះ ក៏នៅតែចាត់ទុកតួលេខផ្លូវការ ត្រូវធ្វើការបែងចែក ប៉ុន្តែយើងបែងចែកដោយការបង្ហាញដីគាត់ឲ្យឃើញថា យើង បែកចែកអញ្ចឹង។ ក៏ប៉ុន្តែការអភិវឌ្ឍទីតាំងអាស្រ័យលើលទ្ឋភាពថវិកាដែលមាន»។
ចំណែកអ្នកស្រី នន់ ភានី អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមាន ប្រសាសន៍ថា រដ្ឋាភិបាលមានគោលការណ៍បែងចែកដីសម្បទានសង្គមកិច្ចទៅឲ្យ៦.០០០គ្រួសារក្នុងមួយឆ្នាំ។
លោកស្រីបានមានប្រសាសន៍ទៀតថា ការផ្តល់ដីសម្បទានសង្គមកិច្ចនេះធ្វើឡើងសម្រាប់អ្នកដែលគ្មានដីពិតប្រាកដតែប៉ុណ្ណោះ។ លោកស្រីថ្លែងថា៖
«ទើបតែចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១០នេះទេ។ ចាប់ផ្តើមលើកគម្រោងអនុវត្តក្នុងឆ្នាំ២០១០នៅ ពេលដែលយើងមានចំនួនទិន្នន័យច្បាស់សាល់ ហើយដីយើងបានមានមុខសញ្ញានៅក្នុង១៦ខេត្តហើយនៅតែសំអាតដីអភិវឌ្ឍន៍ដីដើម្បីចែកជូនគាត់ទេ»។
កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចដែលបានប្រកាសកាលពីខែមករា ឆ្នាំ២០១០កន្លងទៅនេះ មានគោលបំណងផ្តល់ទីតាំងសារជាថ្មីដល់ក្រុមគ្រួសារកងទ័ពស្របច្បាប់ប្រមាណ២៣.៥០០គ្រួសារក្នុងរយៈពេលបួនឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។
កម្មវិធីនេះបែងចែកដីសង្គមកិច្ចដល់ក្រុមគ្រួសារអតីតយុទ្ធជនមកពីក្រសួងការពារជាតិចំនួន ១៥.០០០គ្រួសារ ក្រសួងមហាផ្ទៃចំនួន៥.៥០០គ្រួសារ និង៣.០០០គ្រួសារទៀតមកពីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន។
លោក អ៊ូច ឡេង មន្រ្តីដីធ្លីរបស់សមាគមសិទ្ធិមនុស្ស អាដហុក (ADHOC) បាននិយាយថា លោកសូមស្វាគមន៍ចំពោះគោលការណ៍របស់រដ្ឋាភិបាលក្នុងការបែងចែកដីសង្គមកិច្ចនេះ ក៏ប៉ុន្តែកន្លងមកតាមការអង្គេតរបស់សមាគមអាដហុកបានរកឃើញថា មិនមានការចុះសម្រុងគ្នាក្នុងការបែងចែកដីសម្រាប់អ្នកដែលតាំងទីលំនៅថ្មី និងអ្នកដែលតាំងទីលំនៅចាស់។ លោកមានប្រសាសន៍ថា៖
«ដីខ្លះ ក៏យើងពិនិត្យឃើញថា មិនបានដល់ខាងប្រជាជន ដែលគាត់មិនមានដីពិតប្រាកដ បែរជាទៅខាងក្រុមគ្រួសារផ្សេងដែលមកពីភ្នំពេញ ឬក៏ក្រុមគ្រួសារមកពីបណ្តាខេត្តផ្សេងៗទៅវិញ។ ត្រង់នេះ ហើយដែលធ្វើឲ្យបង្កលក្ខណៈដីសម្បទានសង្គមកិច្ចនេះ មានការប្រទាញប្រទង់ មានការប្រទូសរ៉ាយ រវាងអ្នកភូមិចាស់គាត់រស់នៅតាំងពីយូរណាស់មកហើយ ធ្វើឲ្យមានការប្រទូសរ៉ាយគ្នា»។
យោងតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា គណៈកម្មាការផ្តល់ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល មានគម្រោងផ្តល់ដីសម្បទានទំហំ១៣៣.១៤៥ហិចតា នៅក្នុង ខេត្តចំនូន១៦ នៅលើទីតាំងចំនួន៤៩កន្លែង។ រហូតមកដល់ពេលនេះរដ្ឋាភិបាលបានធ្វើការសិក្សា កំណត់អត្តសញ្ញាណ និងស្រង់ទិន្នន័យបានចំនួន៣៣កន្លែង គឺស្មើនឹង៧១.២៤៦ហិចតា និងផ្តល់ដី សម្បទានសង្គមកិច្ចទំហំ៣៦.៩១៧ហិចតា សម្រាប់១៤.៧៩១គ្រួសារ៕