នៅថ្ងៃព្រហស្បតិ៍នេះ តុលាការខេត្តពោធិសាត់បានកាត់ទោសអតីតព្រះរាជអាជ្ញាតុលាការខេត្តឱ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំអំពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់។
លោកតុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាអមតុលាការខេត្តពោធិសាត់ ត្រូវបានចាប់ខ្លួនជាមួយអង្គរក្សពីរនាក់របស់លោកនៅខែវិច្ឆិកា ឆ្នាំ២០១០ ពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
លោកឌុច ចន្ថា ចៅក្រមជំនុំជម្រះបានប្រកាសសាលក្រមនៅចំពោះមុខជនជាប់ចោទថាតុលាការបានសម្រេចផ្តន្ទាទោសឈ្មោះ តុប ច័ន្ទសេរីវុធ ឱ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំ រស់ សំណាង ១៧ឆ្នាំ ឈិន វុទ្ធី ១៥ឆ្នាំ និងពេជ្រ គុណយូ ដែលបានរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ អំពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
លោក ហ៊ន បូរី មេធាវីមួយរបស់ជនជាប់ចោទ តុប ច័ន្ទសេរីវុធ បានថ្លែងថា លោកមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការនេះទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«វាមិនជាលទ្ធផលល្អសម្រាប់មេធាវីទេ។ វាមិនយុត្តិធម៌សម្រាប់គាត់ (តុប ច័ន្ទសេរីវុធ)។ គេដាក់ទោស កូនក្តីរបស់យើងមិនមានភាពយុត្តិធម៌។ បើគាត់បានប្រព្រឹត្តកំហុសឆ្គងមែនគាត់មិនគួរដាក់ពន្ធនាគារយូរដូច្នេះទេ»។
លោក ឈួន ស៊ីផាន់ មេធាវីការពារក្តីជនជាប់ចោទឈិន វុទ្ធី និងរស់ សំណាង បានថ្លែងថា ការសម្រេចសេចក្តីរបស់តុលាការនេះមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ហើយលោកមិនអាចទទួលយកបាននូវសេចក្តីសម្រេចនេះទេ។ លោកស៊ីផាន់ ថ្លែងថា៖
«ចំពោះខ្ញុំៗអត់យល់ស្របជាមួយសាលក្រមរបស់តុលាការទេ ពីព្រោះអំពើរបស់កូនក្តីខ្ញុំខុសប្រក្រតីមែន ប៉ុន្តែពួកគេធ្វើទៅតាមនីតិវិធីរបស់ច្បាប់ ដែលបានចែងហើយការដាក់ទោសនេះក៏ធ្ងន់ធ្ងរពេកដែរ»។
លោក ចាន់ សុវ៉េត ប្រធានផ្នែកត្រួតពិនិត្យការរំលោភសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងថា តុលាការបានផ្តល់យុត្តិធម៌ដល់អំពើល្មើសច្បាប់របស់អតីតព្រះរាជអាជ្ញា តុប ច័ន្ទសេរីវុធ និងបក្ខពួករបស់គាត់។ លោកសុវ៉េតបានប្រាប់វីអូអេថា៖
«ថ្ងៃនេះ ការសម្រេចសេចក្តីរបស់តុលាការខេត្តពោធិសាត់នេះមានភាពយុត្តិធម៌ និងសមរម្យល្មម។ ការសម្រេចផ្តន្ទាទោសប៉ុណ្ណឹង យើងគិតថា វាយុត្តិធម៌ហើយ»។
លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ការផ្ទន្ទាទោសអ្នកមានអំណាចរូបនេះ គឺជាការលើកកម្ពស់ស្មារតីរបស់ប្រជាពលរដ្ឋឱ្យជឿជាក់តុលាការ និងជាសារមួយជូនដល់អ្នកប្រព្រឹត្តអំពើពុករលួយ ឱ្យបោះបង់ចោលអំពើខុសច្បាប់របស់ពួកគេ។
ក្រុមមេធាវី បាននិយាយថា កូនក្តីរបស់អស់លោកនឹងធ្វើការប្តឹងឧទ្ទរណ៍។
គួរត្រូវបានរំលឹកថា លោកអតីតឧត្តមសេនីយ៍ឯក ម៉ឹក តារា អតីតអគ្គលេខាធិការអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជា ឡេង អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ព្រមទាំងលោកហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្តបន្ទាយមានជ័យ និងអតីតស្នងការរងរបស់លោក គឺលោកឈាង សុន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទពុករលួយ និងការជួញដូរគ្រឿងនៅក្នុងខែមករា ឆ្នាំ២០១១។