តុលាការក្រុងភ្នំពេញបានកោះហៅកម្មកររោងចក្រកាត់ដេរចំនួន៦នាក់ពីបទសង្ស័យថា ពួកគេបានបង្កការគំរាមកំហែងដល់ក្រុមហ៊ុន។ សហជីពសេរីកម្មករព្រួយបារម្ភថា នេះគឺជាចំណាត់ការរបស់តុលាការ ដើម្បីបង្ក្រាបការតវ៉ារបស់ក្រុមកម្មករនៅតាមបណ្ដារោងចក្រ។
កម្មករចំនួនពីរនាក់ ដែលជាសកម្មជនរបស់សហជីពដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ត្រូវតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃពុធនេះ ហើយកម្មករចំនួនបួននាក់ផ្សេងទៀតនៃសហជីពដដែលនោះត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺជាបន្ដបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ។
កម្មករទាំងប្រាំមួយនាក់នេះធ្វើការក្នុងរោងចក្រកាត់ដេរ Quick Sew ក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ពួកគេត្រូវចោទប្រកាន់ដូចៗគ្នាពីបទបង្កការគំរាមកំហែងធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ក្រុមហ៊ុនដែលពួកគេកំពុងបម្រើការ។
កាលពីថ្ងៃទី២៨កុម្ភៈ លោកជា ឡៃអ៊ី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរោងចក្រ Quick Sew ត្រូវថៅកែគំរាមបណ្ដេញចេញពីការងារ បន្ទាប់ពីលោកបានដឹកនាំការតវ៉ា ទាមទារឲ្យថៅកែរោងចក្រគោរពសិទ្ធិការងាររបស់កម្មករ។ លោកអះអាងថា ថៅកែរោងចក្រតម្រូវឲ្យកម្មករធ្វើការបន្ថែមម៉ោង និងធ្វើការចំថ្ងៃបុណ្យជាតិ ដោយពុំមានការឧបត្ថម្ភប្រាក់ឈ្នួលសមរម្យ។ ការគំរាមបណ្ដេញចេញនេះនាំឲ្យកម្មករទូទាំងរោងចក្រសរុបជាង១.៤០០នាក់ភ្ញាក់ផ្អើល ហើយពួកគេបានផ្អាកការងាររយៈពេលប្រមាណជាងមួយម៉ោង។ គ្រានោះមានការចរចាភ្លាមៗ ហើយក្រោយមកថៅកែរោងចក្រក៏បានយល់ព្រមឲ្យលោកជា ឡៃអ៊ីចូលធ្វើការវិញ។ លុះដល់ថ្ងៃពុធសប្ដាហ៍មុន ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ប្រឆាំងរូបលោក និងអនុប្រធានរបស់លោកម្នាក់ លេខាម្នាក់ រួមទាំងសមាជិករបស់សហជីពចំនួនបីនាក់ទៀត។
ក្រោយពីការសាកសួររបស់លោកព្រះរាជអាជ្ញារងមាស ចន្ទ័ពិសិដ្ឋ អស់រយៈពេលជាងមួយម៉ោងកាលពីព្រឹកមិញ លោកឡៃអ៊ីមានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនដែលថា ការផ្អាកសកម្មភាពរយៈពេលខ្លីនោះបានធ្វើឲ្យមានការខាតបង់ទឹកប្រាក់ជាងប្រាំម៉ឺនដុល្លារអាមេរិក។
«តុលាការបានសួរតាមដំណើរដើមទងពីដំបូងរហូតដល់គេបញ្ឈប់ការងារខ្ញុំ។ ចុងក្រោយគាត់សួរតាមអ្វីដែលក្រុមហ៊ុនដាក់ពាក្យបណ្ដឹងប្រឆាំងខ្ញុំថា ខ្ញុំបានគំរាមកំហែងរោងចក្រ ធ្វើឲ្យរោងចក្រខាតប្រយោជន៍ប្រមាណជាងប្រាំម៉ឺនដុល្លារ»។
ដោយឡែក លោកមិត សាប៊ុន កម្មករម្នាក់ទៀតដែលត្រូវបានកោះហៅដែរ បានឲ្យដឹងថា លោកបានអានពាក្យបណ្ដឹងរបស់ថៅកែរោងចក្រ Quick Sew។ ថៅកែរោងចក្រនោះប្ដឹងទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក។
«ក្រុមហ៊ុនទារជំងឺចិត្ត២៥០.០០០ដុល្លារ ហើយខ្ញុំសុំក្រដាសនោះពីគេ តែគេមិនឲ្យ»។
នៅថ្ងៃនេះ វីអូអេបានធ្វើទំនាក់ទំនងទៅលោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ដែលជាអ្នកកោះហៅកម្មករទាំងនេះទៅសាកសួរ តែទាក់ទងមិនបាន ដោយសារតែទូរស័ព្ទរបស់លោករោទិ៍ ហើយគ្មានអ្នកទទួល។
លោកណត ណយ ប្រធានរដ្ឋបាលរោងចក្រ Quick Sew ទទួលស្គាល់ថា ទាំងភាគីក្រុមហ៊ុនទាំងភាគីកម្មករសុទ្ធតែមានកំហុសដូចគ្នា នាពេលកន្លងមក។ ប៉ុន្ដែការធ្វើកូដកម្មកាលពីចុងខែកុម្ភៈគឺជាមូលហេតុបុគ្គល។
«កូដកម្មរបស់ពួកគាត់ ក៏ធ្វើឡើងដោយមិនស្របច្បាប់ដែរ ហើយធ្វើនេះសុទ្ធតែជារឿងបុគ្គល»។
កាលពីខែកុម្ភៈ អ្នកស្រីផេង ជូ ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ June Textile ឬរោងចក្រមិថុនា ត្រូវតុលាការក្រុងភ្នំពេញកោះហៅតាមបទចោទដូចគ្នានេះដែរ បន្ទាប់ពីអ្នកស្រីបានដឹកនាំការតវ៉ារយៈពេលប្រាំថ្ងៃ ជំទាស់នឹងប្រធានរដ្ឋបាលរបស់រោងចក្រ។ រោងចក្របានលើកឡើងថា ខ្លួនបានខាតបង់ប្រាក់ប្រមាណជា៣០ម៉ឺនដុល្លារអាមេរិក ដោយសារការធ្វើកូដកម្មនេះ។ ក៏ប៉ុន្ដែ ក្រោយមកករណីនេះត្រូវបានដោះស្រាយដោយការសម្របសម្រួល។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្មករដែលទទួលរងការចោទប្រកាន់ទាំងនេះ ពុំបានធ្វើអ្វីក្រៅពីការតវ៉ា និងធ្វើកូដកម្មដើម្បីទាមទារការអនុវត្តច្បាប់ឲ្យ បានត្រឹមត្រូវនោះទេ។ លោកជា មុន្នីចាត់ទុកថា នេះគឺជាការប្រើប្រព័ន្ធតុលាការក្នុងស្រុកគាបសង្កត់លើចលនាតវ៉ារបស់កម្មករ។
«យើងមានការព្រួយបារម្ភណាស់ចំពោះការហៅទៅសាកសួរព័ត៌មាន ពីព្រោះជាទូទៅ ខាងកម្មករ កម្មការិនីមិនមានកំហុស បំផ្លិចបំផ្លាញ ឬគំរាមកំហែងអ្នកវិនិយោគទេ មានតែអ្នកវិនិយោគទេ ដែលកេងប្រវ័ញ្ចកំម្លាំងកម្មករ កម្មការិនី»។
លោកជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC មិនធ្វើអត្ថាធិប្បាយទេ ដោយសារតែលោកមិនបានដឹងអំពីករណីបណ្ដឹងនេះទេ។
ទោះជាយ៉ាងណា បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ប្រសិនបើតុលាការរកឃើញថា កម្មករដែលកំពុងទទួលរងការចោទប្រកាន់ទាំងប្រាំមួយនាក់នេះមានកំហុស ពួកគេអាចនឹងទទួលរងការផាកពិន័យ និងមានកម្រិតទោសជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ៕