គណកម្មាធិការចម្រុះអន្តរក្រសួងមួយរបស់រដ្ឋាភិបាល ដែលរួមមានក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចំពោះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយឈ្មោះថា Anful ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានរកឃើញថា មានកម្មករជាច្រើននាក់បានដួលសន្លប់ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណចំនួន១៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងចក្រ Anful រួចហើយបានត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានដួលសន្លប់ គណៈកម្មាធិការចម្រុះអន្តរក្រសួងមួយ បានបង្កើតឡើងភ្លាមៗ និងបានទៅពិនិត្យស្ថានភាពនៅរោងចក្រ ហើយបានធ្វើការសន្និដ្ឋានថា ការដួលសន្លប់របស់ក្រុមកម្មករបណ្តាលមកពីរោងចក្របានបាញ់ថ្នាំសម្លាប់សត្វល្អិតទៅលើក្រណាត់។
លោក ចឹក បូរឹន ប្រធានការិយាល័យការងារ នៃមន្ទីការងារខេត្តកំពង់ស្ពឺ បាននិយាយថាគណៈកម្មាធិការចម្រុះ បានសម្រេចឲ្យរោងចក្រ Anful ផ្អាកដំណើរការរបស់ខ្លួនរយៈពេលពីរថ្ងៃ ដើម្បីកែលម្អបរិស្ថានរោងចក្រឡើងវិញ។ លោកបានបញ្ជាក់ថា តំណាងរោងចក្រ ក៏បានអនុវត្តទៅតាមគោលការណ៍រួចហើយ ហើយបរិស្ថាននៅក្នុងរោងចក្រមានសភាពល្អឡើងវិញហើយ។
«ឲ្យគេសម្អាត ហើយឲ្យគេបើកម៉ាស៊ីនចោល។ ខ្លាចមានបញ្ហា បើកចោលរហូតពីរថ្ងៃ ពីរថ្ងៃហ្នឹង។ បើកឲ្យស្រូបផ្សែងជាតិពុលអស់ហ្នឹង ហើយសារ៉េ អាសម្ភារៈ ដែលនៅបាំងខ្យល់ចេញចូលហ្នឹងទៅ។ ពេលអស់សារធាតុហ្នឹងទៅ ហើយខ្យល់បក់ចេញចូលល្អ គឺវាលែងមានបញ្ហាអីហើយ»។
អ្នកស្រី វ៉ា ចិន្តា មន្ត្រីរដ្ឋបាលនៃរោងចក្រ Anful បាននិយាយថារោងចក្របានធ្វើការសម្អាតបរិស្ថានរួចរាល់ហើយ ហើយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ កម្មករអាចចូលបម្រើការងាររបស់ខ្លួនវិញ។
«កាលពីថ្ងៃអាទិត្យហ្នឹង ពេលល្ងាចយើងបានបាញ់សម្លាប់សត្វល្អិតបង។ ថ្នាំបាញ់ក្រឡាត បាញ់អីហ្នឹង ហើយដល់ពេលថ្ងៃច័ន្ទហ្នឹង គាត់ចូលធ្វើការធម្មតាវិញ។ ប្រហែលជាខ្ទង់ម៉ោងប្រាំបីជាង កម្មករពីរនាក់ហ្នឹង មានអាការៈ ដូចជាងងឹតមុខអីញ្ជឹង ក៏បញ្ជូនមកពេទ្យរោងចក្រយើង»។
អ្នកស្រី ជា អុំ តំណាងសហជីបកម្មករកម្ពុជា តំណាងរោងចក្រ Anful បាននិយាយថា ក្រុមកម្មករ មានសុខភាពល្អឡើងវិញ បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃច័ន្ទ។ អ្នកស្រីបាននិយាយថា រោងចក្រ គួរតែសម្អាតបរិស្ថានឲ្យបានល្អ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពកម្មករ។
«សុំផ្ទៀងមើលសិន បើសិនចូលធ្វើការងារនៅមិនស្រួល សុំបន្តថែមទៀតហ្នឹង។ ប៉ុន្តែអ្នកដែលសន្លប់គឺយើងមិនមែនតម្រូវឲ្យគាត់ចូលធ្វើការភ្លាមទេ។ គាត់នៅបន្តសម្រាកថែមទៀតទេ។ គេអត់មានបង្ខំឲ្យគាត់ចូលទេ»។
រោងចក្រ Anful មានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គ្រប់គ្រងដោយថៅកែជនជាតិចិនហុងកុង ទើបតែបើកដំណើរការកាលពីខែឧសភា ឆ្នាំ២០១១។ រោងចក្រនេះ មានកម្មករសរុបចំនួនជាង១.១០០នាក់។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថា មានរោងចក្រប្រមាណ៧០ភាគរយ មិនបានគោរពទៅតាមលក្ខខណ្ខការងាររបស់ប្រទេសកម្ពុជាទេប្រទេសកម្ពុជាទេ។
«រោងចក្រខ្លះសន្លប់ក្នុងមួយឆ្នាំពីរដង។ ហើយគ្មានការកែប្រែលក្ខខណ្ឌការងារអ្វីទាំងអស់។ គ្មានការកែប្រែបទដ្ឋាននៅក្នុងរោងចក្រសហគ្រាស ដើម្បីឲ្យមានសុវត្ថិភាព សុខភាពរបស់កម្មករ កម្មការីនី។ អ្វីដែលយើងលើកឡើង គឺយើងសំអាងទៅលើរោងចក្រហ្នឹង សឹងតែមានអង្គការពលកម្មអន្តរជាតិ ជាអ្នកឃ្លាំមើលផែនការងារ»។
កាលពីដើមខែកក្កដា រហូតដល់ចុងខែតុលានេះ យ៉ាងតិចមានកម្មករប្រមាណជិតប្រាំពីររយនាក់ នៅក្នុងរោងចក្រចំនួនដប់បី បានដួលសន្លប់ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហជីបកម្មករខ្មែរ៕