បញ្ហាសុខភាព សុវត្ថិភាពការងារ និងការធ្វើការបន្ថែមម៉ោងនៅតែជាបញ្ហាតានតឹងនៅក្នុងបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការពលកម្មអន្ដរជាតិហៅកាត់ថា ILO ដែលចេញផ្សាយនៅថ្ងៃពុធនេះ។ របាយការណ៍ដែលបានសិក្សាលើរោងចក្រចំនួន១៨៦សម្រាប់រយៈពេលប្រាំមួយខែបានរកឃើញថា បញ្ហាទាំងនេះមានការពិបាកក្នុងការដោះស្រាយ។
អង្គការ ILO ដែលជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានរៀបរាប់លម្អិតក្នុងរបាយការណ៍របស់ខ្លួនដែលជារបាយការណ៍សំយោគស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាថា មានបញ្ហាពាក់ពន្ធ័ទៅនឹងការមិនគោរពច្បាប់ក្នុងរោងចក្រដែលត្រូវបានរកឃើញចំនួន១០ចំណុចក្នុងការមិនគោរពច្បាប់ ហើយចំនួនប្រាំពីរចំណុចទាក់ទងទៅនឹងការធ្វើការបន្ថែមម៉ោង និងបញ្ហាសុខភាពនិងសុវត្ថិភាពការងារ។
របាយការណ៍របស់ ILO បញ្ជាក់ថា មានការរើសអើងកម្មករកើនឡើងពីប្រាំទៅ១៣ភាគរយធៀបទៅនឹងរយៈពេលប្រាំមួយខែមុន។ ការធ្វើកូដកម្មបានកើនឡើងពីប្រាំបីទៅ២១ភាគរយ ហើយការធ្វើកូដកម្មនេះនៅតែជាកង្វល់។
លោក ប៊ុន យីង មន្ដ្រីផ្នែកព័ត៌មានរបស់អង្គការ ILO ប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ថា អ្វីដែលបានរកឃើញនេះ គឺជាការបញ្ជាក់ថា ការអនុវត្តច្បាប់នៅក្នុងបណ្ដារោងចក្រកាត់ដេរនៅកម្ពុជានៅមានកម្រិត។ លោកយីងបានប្រាប់វីអូអេខ្មែរថា៖
«មានន័យថា នៅទាមទារឲ្យខាងរោងចក្រកាត់ដេរហ្នឹង បន្តអនុឡោមទៅតាមច្បាប់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដែលយើងមើលឃើញថា ការអនុឡោមនៅមានកម្រិតនៅឡើយ»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកពីផ្នែកអវិជ្ជមាននៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ផងដែរជាពិសេសទាក់ទងទៅនឹងការធ្វើកូដកម្ម និងការដួលសន្លប់ក្នុងចំណោមក្រុមកម្មករដែលស្ដែងចេញពីកង្វះការយកចិត្តទុកដាក់ដល់សុខភាពរបស់កម្មករ។ លោកបានប្រាប់វិអូអេខ្មែរថា៖
«រោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជា នៅតែរំលោភបំពានច្បាប់ស្តីពីកាងារដដែល។ មានរោងចក្រពីរបីដែលរើសអើងសហជីព ក្នុងដើមឆមាស មិនតិចជាង៧០ ទៅ៨០ប្រតិកម្ម។ នៅក្នុងឆ្នាំ២០១១ ទាំងខេត្ត ទាំងក្រុង មិនតិចជាង១.០០០នាក់ទេ ហើយការសន្លប់នេះពាក់ព័ន្ធទៅនឹងការពុលថ្នាំ ភាគច្រើន ហើយធ្វើការថែមម៉ោងច្រើន គាត់អស់កម្លាំង»។
លោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការ ILO ទេ ដោយលោកបង្វែរសមត្ថកិច្ចទៅកាន់លោកសេង សក្កដា អគ្គនាយកការងារនៃក្រសួងដដែលនេះ។ ក៏ប៉ុន្ដែវីអូអេមិនអាចទាក់ទងលោកសេង សក្កដាបានដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។
ប៉ុន្តែ លោក ជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានពន្យល់ថា លក្ខខណ្ឌការងារក្នុងរោងចក្រនៅកម្ពុជាកាន់តែប្រសើរក្នុងពេលបច្ចុប្បន្ននេះ ហើយសមគមរបស់លោកបានក្រើនរំលឹកដល់រោងចក្រជាប្រចាំពីបញ្ហាដែលអាចនាំឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងផលិតកម្ម។
«ចំពោះលក្ខខណ្ឌការងារយើង រាល់ថ្ងៃហ្នឹង បានអនុវត្តល្អប្រសើរហើយ ព្យាយាមមកពង្រឹងការអនុវត្ត (ដោយ) មានបើកសិក្ខាសាលាផ្សេងៗទៀត»។
វិស័យកាត់ដេរសម្លៀកបំពាក់គឺជាផ្នែកនៃការនាំចេញធំជាងគេបំផុតនៅកម្ពុជា។ តម្លៃនៃការនាំចេញក្នុងវិស័យនេះមានទំហំប្រមាណ២.០០០លានដុល្លាក្នុងឆ្នាំចុងក្រោយនេះ។ មានកម្មករច្រើនជាង ៣០០.០០០នាក់កំពុងបម្រើការក្នុងវិស័យនេះ ហើយភាគច្រើននៃពួកគេមកពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជា។ អង្គការពលកម្មអន្ដរជាតិ ILO នៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃនេះក៏បានលើកពីភាពល្អប្រសើរច្រើនក្នុងការអនុវត្តច្បាប់នៅតាមបណ្ដារោងចក្រកាត់ដេរផងដែរបើទោះបីជាមានបញ្ហាត្រូវបានលើកឡើងខាងលើនេះក៏ដោយ៕