ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទ្វីប​អឺរ៉ុប​កើន​ឡើង


ដំឡូង​មី​ស្ថិត​នៅ​ក្នុង​ចំណោម​ផលិតផល​ដែល​កម្ពុជា​មាន​សក្តានុពល​បំផុត​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​អឺរ៉ុប។
ដំឡូង​មី​ស្ថិត​នៅ​ក្នុង​ចំណោម​ផលិតផល​ដែល​កម្ពុជា​មាន​សក្តានុពល​បំផុត​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​អឺរ៉ុប។

មន្ត្រី​ផ្លូវការ​សហភាព​អឺរ៉ុប​បានព្យាករណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​គ្រោង​នឹង​កើន​ឡើង​រហូត​ដល់​១.៦០០​លាន​ដុល្លារ​អាមេរិក​នៅ​បំណាច់​ឆ្នាំ​២០១១​ ខណៈដែល​ការ​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ដល់​៩៣០​លាន​ដុល្លារ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នេះ​បាន​បណ្តាល​មក​ពី​បទប្បញ្ញត្តិ​កាន់​តែ​បន្ធូរ​បន្ថយ​ និង​កាន់​តែ​ងាយ​ស្រួល​ក្រោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១១​មក។

អ្នក​ផលិត​ និង​អ្នក​នាំ​ចេញ​កម្ពុជា​ជាង​១០០​នាក់​មក​ពី​វិស័យ​ផ្សេងៗ ​ដូចជា​វិស័យ​កាត់ដេរ ​ស្បែក​ជើង ​កសិកម្ម​ និង​សិល្បកម្ម ​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្តីពី​បទប្បញ្ញត្តិ​ថ្មី​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដែល​មាន​គុណ​ប្រយោជន៍​ថ្មី​ និងមាន​ប្រយោជន៍​បំផុត​សម្រាប់​ការ​ធ្វើពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប​ ដោយសារ​បទប្បញ្ញត្តិ​ថ្មី​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល និង​គ្មាន​ការ​កំណត់​កូតា​នាំ​ចូល​របស់​កម្ពុជា​តាំងពី​ឆ្នាំ​២០០១​ដែល​ហៅថា​ ផលិតផល​គ្រប់​ប្រភេទ​ លើក​លែង​តែ​អាវុធ​ ដែល​មាន​ន័យ​ថា ផ្តល់ការ​មិន​បង់ពន្ធ​នាំ​ចូល​ និង​ការ​មិន​កំណត់​កូតា​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ សម្រាប់​ផលិត​ផល​ទាំងអស់​ លើក​លែង​តែ​អាវុធ​ និង​គ្រាប់​រំសេវ​ សំដៅ​រួម​វិភាគ​ទាន​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។

លោក​ រ៉ាហ្វាអែល ដូឆៅ ម៉ូរ៉ែណូ (Rafael ​Dochoa​ Moreno) ភារៈធារីគណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​កើន​ឡើង​ដល់​៩៣០​លាន​ដុល្លារ​អាមេរិក​នៅ​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ​ ហើយ​ផលិតផល​កម្ពុជា​កំពុង​បន្ត​កើន​ឡើង​នៅ​ក្នុង​អនាគត​។

«កម្ពុជា​មិន​ទាន់​មាន​ផលិតផល​ច្រើន​ណាស់​ណា​នៅ​ឡើយ​ទេ។ កម្ពុជា​មាន​សក្តានុពល​នាំចេញ​ផលិតផល​ធុន​ស្រាល​ជាច្រើន​ ដូចជា ស្ករ ​អង្ករ​ គ្រាប់​ស្វាយចន្ទី​ ដំឡូងមី​ និង​ផលិតផល​ជាច្រើន​ទៀត​ដែល​កម្ពុជា​មាន​សក្តានុពល​យ៉ាង​ធំធេង​សម្រាប់​ការ​នាំ​ចេញ»។

លោក​ រ៉ាហ្វាអែល ដូឆៅ ម៉ូរ៉ែណូ​ បានថ្លែង​ថា សហភាព​អឺរ៉ុប​គឺជា​អ្នក​ជំរុញ​ការ​បើក​ចំហរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ ជា​កម្លាំង​ជួយ​ជំរុញ​ដ៏​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ការ​បង្កើត​ការងារ​ ជាពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ស្ថិតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ បាន​កើន​ឡើង​ចំនួន៥៣​ភាគរយ​នៅ​ក្នុង​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​២០១១​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១០។

លោក ម៉ៅ​ ធូរ៉ា​ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បានថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថា​ លោក​បាន​ទទូច​ដល់​អ្នកផលិត​ អ្នក​នាំ​ចេញ​ កម្មករ​ និង​សហជីព​ជួយ​ការពារ​ការ​នាំ​ចេញ​ផលិតផល​គ្រប់​ប្រភេទ​ លើក​លែង​តែ​អាវុធ៕

XS
SM
MD
LG