ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ដើរ​តួនាទី​នាំ​មុខ​ក្នុង​តុលាការ​ខ្មែរ​ក្រហម


សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤។
សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤។

មាន​សម្ពាធ​កាន់​តែ​ច្រើន​ឡើងៗ​ទាមទារ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ពី​តួនាទី​នាំ​មុខ​ ព្រមទាំងដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ដំណើរ​ការ​ទៅ​មុខ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ផ្សេងៗ។

ការ​ស្នើនេះ​កើត​ឡើង​ក្រោយ​ពី​មាន​ការ​លាលែង​ជាបន្ត​បន្ទាប់​របស់​មន្ត្រី​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ ជាពិសេស​នៅ​ពេល​ចុង​ក្រោយ​នេះ​គឺ​លោក​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ Siegfried Blunk​ ដែល​បាន​ប្រកាស​ជា​សាធារណៈពីការ​លូកដៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ ​តាម​រយៈ​ការថ្លែង​ជា​សាធារណៈ​និង​តាម​បណ្តាញ​សារព័ត៌មាន​ ដែល​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើស​ពី​ជនជាប់​ចោទ​នា​ពេល​បច្ចុប្បន្ន​ក្នុង​សំណុំ​រឿង​លេខ​០០១​និង​០០២។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​។
លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ បាន​ស្នើ​ឡើងថា​ ​អង្គការ​សហ​ប្រជាជាតិ​គួរតែ​ប្រកាន់​យក​វិធានការ​ក្តៅ​ ដោយ​ពង្រឹង​តាម​អ្វី ​ដែល​ភាគី​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ពេល​រៀបចំ​បង្កើត​សាលាក្តី​ខ្មែរក្រហម​នោះ​ គឺ​ការ​ទុក​ឱ្យ​តុលាការ​បំពេញ​ការងារ​ប្រកប​ដោយ​ឯករាជ្យ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ជួយ​សម្រួល​ឱ្យ​ដំណើរ​ការប្រព្រឹត្ត​ទៅដោយ​គ្មាន​ការ​រំខាន។

«អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ម៉ឺងម៉ាត់​ឡើង ​ដើម្បី​ឱ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ជាមួយ​គ្នា។​ បើនិយាយ​ភាសា​ក្មេង​និង​ចាស់​គឺ​ថា​ បើ​លូក​ដៃ​ចូល​មក​គឺ​ទះដៃ»។

លោក​ឡៅ​ ម៉ុង​ហៃ​បាន​ពន្យល់​ថា​ កន្លង​មក​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​របៀប​ការទូតចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​បើ​តាម​លោក​យល់​ សម្រាប់​ការងារ​តុលាការ​អង្គការ​សហ​ប្រជាជាតិ​មិនគួរ​ប្រើ​ភាសា​ការ​ទូត​ខ្លាំង​ពេក​ទេ។

លោក Siegfried Blunk ដែល​បាន​លាលែង​ពី​តំណែង​ជា​ចៅក្រមស៊ើបអង្កេត​អន្តរជាតិនៃសាលាក្តី​ខ្មែរក្រហម​កាលពី​ពេល​ថ្មីៗនេះ។
លោក Siegfried Blunk ដែល​បាន​លាលែង​ពី​តំណែង​ជា​ចៅក្រមស៊ើបអង្កេត​អន្តរជាតិនៃសាលាក្តី​ខ្មែរក្រហម​កាលពី​ពេល​ថ្មីៗនេះ។

ការ​លាលែង​ពី​តំណែង​របស់​ចៅក្រម​ Blunk ​បាន​នាំ​ឱ្យ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​គឺ​លោក​ស្រី​Patricia O’brien ​ចុះ​ទៅប្រទេស​កម្ពុជា ​ដោយ​ផ្ទាល់​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្នើ​សុំ​កុំ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ណា​បន្ត​ទៀត​ដែល​គេ​អាច​យល់​ថា​ រារាំង​ដល់​ឯករាជ្យភាព​របស់​តុលាការ។ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដោយ​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ផង​ ធ្លាប់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​សម្តែង​ការ​ជំទាស់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​លើស​ពី​សំណុំ​រឿង​ចំនួន​ពីរ​នា​ពេល​បច្ចុប្បន្ន​ជាពិសេស​ទាក់​ទង​នឹង​ករណី​លេខ​០០៣​និង​០០៤​ដែល​មាន​ជន​សង្ស័យ​ប្រាំនាក់​បន្ថែម​ទៀត។

លោក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។
លោក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

លោក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បញ្ជាក់ថា​ មាន​បញ្ហា​លើស​ពី​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល ​ហើយ​បាន​ស្នើ​សុំ​ឱ្យអង្គការ​សហ​ប្រជាជាតិបើកការ​ស៊ើប​អង្កេត​មួយ​ទៅលើ​ការិយាល័យរបស់​សហ​ចៅក្រមស៊ើប​អង្កេត​ទាំង​ស្រុង​តែ​ម្តងដើម្បី​ពង្រឹង​ភាព​ដឹកនាំ​របស់​អង្គការ​សហ​ប្រជាជាតិ។​ លោក​យល់​ថា​ការ​ដែល​បន្ទោស ឬ​ដាក់​បន្ទុក​ទៅលើ​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​នេះ​ជា​ការ​ងាក​ចេញ​អំពី​ការណ៍​ពិត​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត។

«ការណ៍​ពិត​គឺ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការិយាល័យ​នេះ ​ដែល​វាប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​នឹង​ដំណើរការ​សវនាការ​ ក៏​ដូច​ជា​លទ្ធផលរបស់​តុលាការ​នេះ​ដែរ។​ ការ​ដែល​អ.ស.ប​ចុះ​ទៅ​ហ្នឹង​គឺ​ថា ​បង្ហាញ​អំពី​ភាព​វិជ្ជ​មាន​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គឺ​ការ​ចុះ ទៅ​ ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​គឺ​វា​ធ្វើ​ឱ្យ​សាធារណជន​ងាក​ចេញ​ពី​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ ហើយ​ការធ្វើ​បែប​នេះ​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ការ​ផ្តល់​នូវ​ភាព​ដឹកនាំ​មួយ​ដើម្បី​ឱ្យ​តុលាការ​នេះ​ធានា​បាន​នូវ​ស្តង់​ដារ​អន្តរជាតិ​មួយ»។

យោង​តាម​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​ ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​មាន​ទាក់​ទង​នឹង​ការ​ចុះ​កាល​បរិច្ឆេទ​បន្លំ​ គឺ​ចុះ​ថយ​ក្រោយ​វិញ ​ខុស​ពី​កាល​បរិច្ឆេទ​ពិត ​និង​ខកខាន​មិន​បាន​ជូន​ដំណឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​មេធាវី​ការពារ​ក្តី​ ប៉ុន្តែ​ការលើក​ឡើង​នេះ​ត្រូវ​បាន​ការិយាល័យ​នេះ​បដិសេធ​ភ្លាមៗ​ដែរ។

លោក​ឡុង បញ្ញាវុធ​ មន្រ្តី​សម្រប​សម្រួ​ល​គម្រោង​គំនិត​ផ្តួចផ្តើម​សង្គម​យុត្តិធម៌បើក​ចំហ​ បាន​បញ្ជាក់ថា​ អង្គការ​សហ​ប្រជាជាតិ​ពុំ​បាន​ធ្វើ​កិច្ចការ​ឱ្យ​បាន​ហ្មត់ចត់ហើយ​ហាក់​ដូច​ជា​គេច​ចេញ​ពី​បញ្ហា​ធំៗ​ដែល​សាលា​ក្តី​ប្រឈម​កន្លង​មក ​ដើម្បី​«ធានា​ថា​ តុលាការ​នេះ​ធ្វើ​តាម​ស្តង់ដារ​អន្តរជាតិ»។

លោក​ឡុង បញ្ញាវុធ​បាន​លើក​ឧទាហរណ៍​ពី​ការ​ខក​ខាន​នោះ ​មាន​ដូច​ជា​ ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​កន្លង​មក​ដែល​មិន​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ ត្រឹមត្រូវ​ ការ​យឺតយ៉ាវ​របស់​អង្គការ​សហ​ប្រជា​ជាតិក្នុងការ​ទទួល​ស្គាល់​តាំង​ពី​ដំបូង​ទី​ថា​មាន​ការ​ចូល​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ ឬ​ក៏​នៅ​ពេល​ដែល​ចៅ​ក្រម​តវ៉ា​ថា ពួក​គេមិន​អាច​បំពេញ​មុខ​ងារ​តាម​ការ​កំណត់​បាន​ តែ​ត្រូវ​អង្គការ​សហ​ប្រជាជាតិ​យល់​ថា​ ដោយ​សារ​តែ​សមត្ថភាព​របស់​បុគ្គល​នោះ​ជាដើម។

«បញ្ហា​នេះ​យើង​អាច​បង្ហា​ញ​ឱ្យ​ឃើញ​ថា​ ខាង​អង្គការ​សហ​ប្រជាជាតិ​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ស៊ី​ជម្រៅ​ ទាក់​ទង​នឹង​ដំណើរការ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​ហើយ​ហាក់​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញ​ថា ​គាត់​យក​អ្វី​ដែល​ជោគ​ជ័យ​អ្វី​ដែល​បរាជ័យ​ ឬ​ក៏​មិន​ដំណើរ​ការ​បាន​ល្អ​គាត់​ថា ​នេះ​ជាបញ្ហា​របស់​កម្ពុជា​ដែល​ខុស​អំពី​ភាគី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​គួរ​ជា​ភាគី​ស្មើ​គ្នា ​និង​ទទួល​ខុស​ត្រូវ​រួម​គ្នា​ចំពោះ​ជោគជ័យ​និង​បរាជ័យ​របស់​សាលាក្តីខ្មែរ​ក្រហម»។

លោក​ឡុង​ បញ្ហា​វុធ​យល់​ថា​ ការ​រក​មនុស្ស​ថ្មី​មក​ជំនួស​អ្នក​ដែល​លាលែង​ពី​តំណែង​ និង​ការ​គ្រាន់​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ មាន​ការលូក​ដៃ​ចូល​កិច្ចការ​តុលាការ​គឺ​មិន​មែន​ជា​ដំណោះស្រាយ​ពិត​ប្រាកដ​ទេ។

លោក​ហ្វាហាន ហាក់ ​(Fahan Haq)​ អ្នក​នាំ​ពាក្យ​អង្គការសហ​ប្រជាជាតិបានបញ្ជាក់​ថា​ រហូត​មកដល់​ពេល​នេះ​គឺ​អង្គការសហ​ប្រជាជាតិស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​ចូល​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​តុលាការជាមុនសិន​ មុន​នឹងស្វែង​រក​វិធី​ដោះ​ស្រាយ​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត។

«ដូច​លោក​ដឹងហើយ​ថា​ លោកស្រី​ O’brien​បាន​ទៅ​ទស្សនកិច្ច​ ក្រោយ​ពី​លោក​ចៅក្រម​ Blunk ​បាន​លាសុំ​ឈប់​ពីការងារ​ ហើយ​លោកស្រី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​អំពី​ការវិវត្ត​ថ្មីៗ​នេះ​នៅ​ឯ​សាលាក្តី​ ហើយ​ចំណុច​សំខាន់​នោះ​គឺ​ថា ​អង្គការ​សហ​ប្រជាជាតិ​បន្ត​អំពាវ​ឱ្យ​គ្រប់ៗ​គ្នា​គោរព និង​គាំ​ទ្រ​បូរណភាព ​និង​ឯករាជ្យភាព​របស់​តុលាការ​ និង​គាំទ្រ​ដំណើរ​ការ​តាម​នីតិវិធី​។ ដូច្នេះ​នោះ​គឺ​ជា​អ្វី ដែល​ជា​គោល​បំណង​របស់​គាត់»។

ក្រុម​អ្នក​ជំនាញ​យល់​ថា​ កិច្ច​សហប្រតិបត្តិ​ការល្អរវាង​អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​អាច​ជា​សក្ខីកម្ម​ដ៏​ល្អ​មួយ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន ជាពិសេស​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​ ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ស្វះ​ស្វែង​រក​ការគាំទ្រ​ដើម្បី​បាន​ទទួល​អាសនៈជាសមាជិក​មិន​អចិន្ត្រៃយ៍​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃយល់​ថា​ វាជា​ឱកាស​មួយ​ដែរ​ដែល​អង្គការ​សហ​ប្រជាជាតិ​អាច​នឹង​ប្រើ​ ដើម្បី​ធ្វើ​ជា​ហេតុផល​ក្នុង​ការ​សម្រប​សម្រួល​ ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឱ្យ​គោរព​ឯករាជ្យ​ភាព​របស់​តុលាការ​ខ្មែរ​ក្រហម ​ព្រោះ​វាទាក់​ទងនឹងកិត្តិនាមរបស់​អង្គការ​សហ​ប្រជាជាតិ​ដែរ។

«វាអាច​ប៉ះពាល់​ទៅដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ ​ឬក៏​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​ប្រសិនបើមាន​សមាជិក​មួយ​សូម្បី​តែ​ជា​សមាជិក​មិនមែន​អចិន្ត្រៃយ៍​ដែល​មិន​គោរព​កិច្ច​ព្រម​ព្រៀង​រវាង​អង្គការ​សហ​ប្រជាជាតិ​និង​ខ្លួន។ ​នេះ​យើង​ត្រូវ​គិត​ពិចារណាដែរ ​ហើយ​ខ្ញុំ​ថា​ គួរ​តែ​ប្រទេស​ទាំង​ឡាយ​ឯទៀត​ ដែលគាំទ្រ​ឬ​មិន​គាំទ្រ ត្រូវ​ពិនិត្យ​មើល​ផង​ថា​ ប្រសិន​បើ​ជាប្រទេស​មួយ​ និយាយ​ទូទៅ​ទេ​ មិន​គោរព​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ ហើយ​ឱ្យ​ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​មួយ​ដែល​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដែល​ប៉ះពាល់​ទៅដល់​អាយុ​ជីវិត​ប្រទេស​នានា​ឬ​ក៏​ប្រជាជាតិ​នានា​នោះ»។

ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ស្វះស្វែង​រក​អាសនៈ​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរឆ្នាំគឺ​ឆ្នាំ​២០១៣​ដល់​២០១៤។

លោក​អ៊ុច បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ បាន​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​មាន​គុណ​សម្បត្តិ​ច្រើន​ដែល​អាច​នឹង​គ្រប់​លក្ខណៈ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​នោះ ​មាន​ដូច​ជា​បទ​ពិសោធន៍​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ផ្ទៃ​ក្នុង​ដោយ​កម្ពុជា​ខ្លួន​ឯង​ ការចូលរួម​ក្នុង​បេសក​កម្ម​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​តាម​រយៈ​ការ​បញ្ជូន​ក្រុម​ដោះមីន​កម្ពុជា​ទៅ​ក្រៅ​ស្រុក​ជាដើម។

លោក​អ៊ុច បូរិទ្ធ​ក៏​បញ្ជាក់​ផងដែរ​ថា ​ការកាត់​ទោស​ខ្មែរ​ក្រហម​ និង​ការ​សហការ​ជាមួយ​ស្ថាប័ន​អង្គការ​សហ​ប្រជាជាតិ​នានា​ ​នៅ​ពេលបច្ចុប្បន្ន​ ជាការកើត​ចេញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា។

«កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​គឺ​មិនត្រឹមតែ​ដំណើរ​ការ​កាត់​ទោស​ក្រុម​ខ្មែរ​ក្រហម​ទេ ​សំខាន់​បំផុត​ ប្រសិន​បើ​មិន​មាន​កិច្ច​សហ​ប្រតិបត្តិការ​របស់​កម្ពុជា​យើង​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៩១​ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដែរ។ ​បើ​អញ្ចឹង​ទេ ​ឆន្ទៈ​នៃ​ការបញ្ចប់​សង្គ្រាម​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ជន​រួម​ជាតិ​កម្ពុជា​គឺ​រាជ​រដ្ឋាភិបាល​បាន​សហការ​យ៉ាង​ល្អិត​រមួត​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក​ រហូត​ដល់​មាន​ការ​បោះ​ឆ្នោត ​ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មក​ក៏​មាន​វត្តមាន​របស់​ទីភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ច្រើន​ មាន​រហូត​ដល់​២០ ​ឬ​៣០​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​ រួម​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុ​ងភ្នំពេញ​ក៏​មាន​ដែរ។​ អញ្ចឹង​ទេ ​បទ​ពិសោធន៍​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​គឺ​យើង​មាន​ល្អ​ប្រសើរ​ណាស់​ព្រោះ​កន្លង​មក​នេះ។​ បើ​ទោះ​បី​ជា​មាន​បញ្ហា​មិន​យល់​គ្នា​តិចតួច​ ក៏​ប៉ុន្តែ​ជារួម​គឺ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​គឺ​ល្អ»។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ជា​ច្រើន​បាន​សន្យា​ថា​ នឹង​គាំ​ទ្រ​បេក្ខភាព​របស់​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នៅអង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​ក្រោយ។

លោក​ឆាំង​ យុ​ ក៏​យល់​ស្រប​ដែរ​ថា ​ល្គឹក​ណា​ដែល​កម្ពុជា​សហការ​បាន​ល្អ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​ វា​នឹង​ជួយ​ជា​គុណ​សម្បត្តិ​មួយ​ដែរ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែងរបស់​កម្ពុជា​ចូលក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។ ​ដូច្នេះ​ការ​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ការងារ​របស់​ក្រុម​ចៅ​ក្រម​ស៊ើប​អង្កេត​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ណាមួយ​ជា​ការចាំបាច់។

«បើ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល​វិញ​ ខ្ញុំ​នឹង​ជំរុញ​ ឬ​ក៏​ស្នើ​សុំ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​តែ​ម្តង​ ហើយ​នេះ​ខ្ញុំ​គិត​ថា​ នេះ​ជា​ឱកាស​មួយ​ល្អ​សម្រាប់​កម្ពុជា​ ជាជំហាន​ថ្មី​ ជាទំព័រ​ថ្មី​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចេះ​តែ​រកាំ​រកូស​ជាច្រើន​ឆ្នាំ​កន្លង​មក ​ហើយ​ការធ្វើ​បែប​នេះ​ វាបង្ក​ឱ្យ​មាន​ការ​ជឿជាក់​ទៅ​ក្នុង​តុលាការ ​ដែល​វា​ស្រប​ពេល​ទៅ​នឹង​ករណី​០០២​ដែល​កំពុង​តែ​រៀបចំ​ ស្រប​ទៅ​នឹង​ដំណើរការ ​ហើយវា​ជួយ​ដល់​ការស្នើ​សុំ​របស់​កម្ពុជា​ឱ្យ​ទៅ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទៀត»។

យ៉ាង​ណា​ក៏​ដោយ​ អង្គការ​សហ​ប្រជាជាតិ​នៅ​មិន​ទាន់​បញ្ជាក់​ថា​ គេ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​ហ្វាហាន ហាក់​បញ្ជាក់ថា ​លោក​ដឹង​ថា លោកស្រី​ Patricia O’brien និងមន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ពិភាក្សា​គ្នា​លើ​ជំហាន​បន្ទាប់​ទៀត​ប៉ុន្តែ​លោក​មិន​ទាន់ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​នៅ​ឡើយ​ទេ។

«ទាក់​ទង​នឹង​ជំហាន​បន្ទាប់​ទៀត​គឺ​ខ្ញុំ​មិន​ទាន់​មាន​អ្វី​ជាក់​លាក់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​លោកស្រី​កំពុងតែ​ធ្វើការ​លើ​រឿង​នេះ​ហើយ។ ​លោកស្រី​នឹង​ប្រជុំ​ជាមួយ​លោក​អគ្គលេខាធិការ​ និង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀតនៅ​អង្គការ​សហ​ប្រជាជាតិ​នេះ​ដើម្បី​សម្រេច​ ថា​តើ​ជំហាន​បន្ទាប់​ត្រូវ​ធ្វើយ៉ាង​ណា»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤ ដែល​សូម្បី​ចៅ​ក្រម​ខ្មែរ​និង​បរទេស​ក៏​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​បន្ត​បន្ទាប់​ដែរ៕

XS
SM
MD
LG