ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា​ការផ្សព្វផ្សាយ​ពី​សាលាក្តី​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅ​ឡើយ


សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បើក​​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២​ដោយ​ផ្តោត​លើ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បីរូប​គឺមាន ​នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ​ខៀវ សំផន ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ​និង​អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។
សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បើក​​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២​ដោយ​ផ្តោត​លើ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បីរូប​គឺមាន ​នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ​ខៀវ សំផន ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ​និង​អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។

ការផ្សព្វផ្សាយ​ពី​ដំណើរការ​កាត់​ក្តី ក្នុង​សំណុំ​រឿង​លេខ​០០២​ដែល​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​បី​នាក់​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ​សម្រាប់​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​ឱ្យ​គ្រប់​ទិដ្ឋភាព​នៃ​បទ​ឧក្រិដ្ឋ​ដែល​បាន​កើត​មាន​ឡើង​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​រូប​ស្តីពី​របប​ខ្មែរ​ក្រហម។

លោក​ឆាំង​ យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ បាន​ទទួលស្គាល់​ថា​ កន្លង​មក​មាន​ ការ ផ្សព្វផ្សាយ​ឱ្យ​ដឹង​ពី​ការងារ​របស់​តុលាការ​និង​ពី​របបខ្មែរ​ក្រហម​ ប៉ុន្តែ​អ្វី​ដែល​ជាក្តីព្រួយ​បារម្ភ ​របស់​លោក​គឺ​ថា ​សម្រាប់​សំណុំ​រឿង​លេខ​០០២​នេះ​នៅមិនទាន់​មាន​បណ្តាញ​ទូរទស្សន៍​ណា មួយ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​ស្រុង​ពី​សវនាការ​កាត់​ទោស​ដែល​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​នោះ​មក​ទេ។​ លោក​យល់​ថា​ ការថតផ្សាយ​ដំណើរការ​សវនាការ​លើក​នេះ​គឺ​វា​មាន​លក្ខណៈ​សំខាន់​ណាស់​សម្រាប់​ប្រវត្តិសាស្រ្ត​នៃ​របប​ខ្មែរ​ក្រហម។

លោក​ឆាំង​ យុ​បញ្ជាក់​បន្ថែម​ទៀត​ថា៖

«ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​០០២​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​បន្ទាប់​ពី​រយៈ​ពេល​៣២​ឆ្នាំ​ដែល​មេដឹកនាំ​ជាន់​ខ្ពស់​និយាយ​នៅមុខ​ចៅក្រម​ ហើយ​នេះ​គឺ​ជា​ការ​និយាយ​ចុងក្រោយ​ដោយ​សារ​ថា ​០០២​ប្រហែល​អាច​ជា​សំណុំ​រឿង​ចុងក្រោយ​ ហើយ​គាត់​ទាំង​បួន​នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ​ហើយ​អាច​ថា​ នេះ​ជា​ការ​និយាយ​ចុង​ក្រោយ។ ​អញ្ចឹង​ការស្តាប់​ឮ​ទាំង​ស្រុង​ចំពោះ​ប្រជាជន​ដែល​យក​ចិត្ត​ទុកដាក់​ ជាពិសេស​ប្រជាជន​ដែល​រងគ្រោះ​ គឺជា​ការណ៍​សំខាន់​ណាស់​នៅ​ពេល​ដែល​ចៅក្រម​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​ នៅ​ពេល​ដែល​សវនាការ​នេះ​ត្រូវ​បាន​បញ្ចប់។​ បើសិន​ជាគាត់​មិនបាន​ស្តាប់​ទាំង​ស្រុង​ វាអាច​ប៉ះពាល់​ដល់​ការ​ទទួល​យក​ឬ​ក៏​ការ​មិន​ច្បាស់លាស់​ ឬ​ក៏​មិនបាន​ឮ​ពី​ភាគី​ម្ខាង​ទៀត។ ​វា​ធ្វើ​ឱ្យ​បាត់​តម្លៃ​សាលក្រម​នាពេល​ចុង​ក្រោយ»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បើកដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២​ដោយ​ផ្តោត​លើ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បីរូប​គឺមាន ​នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ​ខៀវ សំផន ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ​និង​អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។​ អតីត​មេដឹកនាំ​ទាំង​បី​ដែល​មាន​វ័យ​ចំណាស់ៗ​ខ្លាំង​ និង​ខ្លះ​មាន​ជំងឺ​ផង ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ចំពោះ​រយៈ​ពេលនៃ​ការគ្រប់​គ្រង​ប្រទេស​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោក​ឆាំង​ យុ​យល់​ថា ​ការផ្សព្វផ្សាយ​ដែល​មាន​ការ​ថត​ហើយ​ផ្សាយ​ទាំង​ស្រុង​ នឹង​ជួយឲ្យ​ជន​រងគ្រោះ ​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ការ​កាត់​ទោស​ក្រុម​មេដឹកនាំ​នៅឯ​សាលាក្តី ​បាន​យល់​កាន់តែ​ច្បាស់​ថា​ តើ​មេដឹកនាំ​ទាំងនោះ​មាន​អ្វី​ដែល​ជា​ការ​ដោះសារ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។

ការព្រួយ​បារម្ភ​របស់​លោក​បាន​កាន់​តែ​កើន​ឡើង​នៅ​ពេល​ដែល​បណ្តាញ​ទូរទស្សន៍​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា ​ស៊ីធីអឹនបាន​ប្រកាស​កាលពី​ដើម​សប្តាហ៍​នេះថា ​នឹង​បន្ថយ​កម្ម​វិធី​ផ្សាយ​ពី​សាលាក្តី​ខ្មែរ​ក្រហម​នេះ។

លោកសោម ឆាយា​ អគ្គ​នាយករង​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអឹន​ បាន​ប្រាប់​វីអូអេ​ពី​មូល​ហេតុ​នៃ​ការ​បន្ថយ​ការ​ផ្សាយ​នោះ​ថា​ គឺ​ដោយ​សារ​តែ​ស្ថានីយ៍​របស់​លោក​ត្រូវ​តម្រូវ​តាម​ការចង់​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​អ្នក​ឧបត្ថម្ភ​ខ្លះ​ ហើយ​ស្ថានីយ៍​បាន​យល់​ព្រម​តាម​កិច្ច​សន្យា​ ដូច​ដែល​បាន​ស្នើ​សុំ។​ លោក​ឆាយា​បន្ថែម​ថា ​ស្ថានីយ៍​របស់​លោក​អាច​ផ្សាយ​បាន​តែ​ក្នុង​ករណី​អង្គ​សវនាការ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លើយ​បំភ្លឺ​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទាំង​នោះ៖

«យើង​បាន​កំណត់​ថា ​ប្រសិនបើ​មាន​ហេតុ​ការណ៍​ធំៗ​ ដូច​ជា​ករណី​តា​នួន​ជា តាខៀវ​ សំផន​ឬក៏​អៀង​ សារី​ អី​អញ្ចឹង​នោះ​គឺ​យើង​សុខចិត្ត​ធ្វើ​យ៉ាង​ម៉េច​គឺ​សុខចិត្ត​លះបង់​ពេល​វេលា​ហ្នឹង​គឺ​ដើម្បី​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជា​បន្ត​ទៀត»។

សាលាក្តី​ខ្មែរ​ក្រហម​យល់​ថា​ ការ​សម្រេច​ផ្សាយ​តិច ​ឬ​ច្រើន​លើ​ដំណើរ​ការ​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​បណ្តាញ​ផ្សព្វផ្សាយ ​ព្រោះ​សាលាក្តី​មិន​មាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​បណ្តាញ​ណា​មួយ​ថា​ ត្រូវ​តែ​ផ្សព្វផ្សាយ​ជាប់​ជានិច្ច​ឱ្យ​សាលាក្តី​ទេ។

លោក​ហ៊ុយ វណ្ណៈ ​អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​អះអាង​ថា​ ខាង​សាលាក្តី​មាន​រៀបចំ​កម្ម​វិធី​ទូរទស្សន៍​និង​វិទ្យុ​មួយ​ចំនួន​ ព្រម​ទាំង​ការចុះ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ពី​ដំណើរការ​កាត់​ទោស​នេះ ហើយ​ចំនួន​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​មក​ផ្តិត​យក​ទិដ្ឋភាព​នៃ​សាលាក្តី ​ខ្មែរ​ក្រហម​និង​ដំណើរ​ការ​សាលាក្តី​មាន​ចំនួន​ច្រើន​ជាប្រចាំ​ថ្ងៃដែល​គួរ​តែ​ចាប់​យក​បាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​អង្គ​សវនាការ​នេះ។

«ដូច្នេះ​ប្រសិនបើ​មើល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​យើង​កំពុង​តែ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សំណុំ​រឿង​ជា​ប្រវត្តិសាស្រ្ត​ សំណេរ​ជាសំខាន់​នៃ​ការកាត់​ទោស​ក្រុម​ដែល​គេ​ហៅ​ថា ​មេ​ដឹកនាំ​ខ្មែរក្រហម​នេះ​ បាន​ជ្រាប​នៅក្នុង​ប្រទេស​ជាតិ​ ក៏​ដូច​ជា​នៅក្នុង​ពិភព​លោក។ ​នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង​ពី​ការវិវត្តន៍​របស់​តុលាការ»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ឆាំង​ យុ​នៅតែ​មើល​ឃើញ​ពី​ការណ៍​លំបាក​សម្រាប់​អ្នក​តាម​ដាន​ក្នុង​ការ​ត្រូវ​ដូរ​ពី​បណ្តាញ​ព័ត៌មាន​មួយ​ទៅ​បណ្តាញ​ព័ត៌មាន​មួយ​ដើម្បី​ចង់​ដឹង​ឱ្យ​បាន​ច្បាស់​ពី​ការ​កាត់ទោស។

លោក​ឆាំង​ យុ​បាន​ទទួល​ស្គាល់​ថា ​សាលាក្តី​បាន​ធ្វើការ​ច្រើន​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​និង​សិស្សានុសិស្ស​ ប៉ុន្តែ​លោក​ទទូច​ថា៖

«ការណ៍​ដែល​យើង​រំពឹង​ឱ្យ​ប្រជាជន​ដែល​គាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ទៀត​ បញ្ហា​សេដ្ឋកិច្ច ការរស់​នៅ​ឱ្យ​រំពឹង​ថា​ គាត់​អាច​នឹង​ស្តាប់​ប៉ុស្តិ៍​វិទ្យុ​នេះ​ផង ​មើល​ទូរទស្សន៍​ផង​ដើម្បី ស្វែង​យល់​ហ្នឹង​ ខ្ញុំ​គិត​ថា ​វា​ព្រងើយ​កន្តើយ​បន្តិច​ចំពោះ​សិទ្ធិ​ដែល​គាត់​គួរតែ​ទទួល​បាន​នូវ​បណ្តាញ​ណា​មួយ​ដែល​ផ្តល់​ព័ត៌មាន​ទាំងស្រុង»។

ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​រហូត​ដល់​រយៈ​ពេល​យ៉ាងហោច​ណាស់​ក៏​ពីរ​ឆ្នាំ​ទៀត​ដែរ។

របប​ខ្មែរ​ក្រហម​បាន​បង្ក​ឱ្យ​ស្លាប់ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ប្រហែល​១,៧​លាន​នាក់​ដោយ​ការ​សម្លាប់​ចោល​ បង្អត់​អាហារ ​បង្ខំ​ធ្វើការ​ហួស​កម្លាំង​និង​ជំងឺ​ជាដើម៕

XS
SM
MD
LG