ដៃគូអភិវឌ្ឍន៍បានសម្តែងការខ្វល់ខ្វាយនឹងបញ្ហាបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ខណៈដែលក្រុមមន្ត្រីរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានពិភាក្សាគ្នាអំពីការពិនិត្យមើលដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ក្រោមជំនួយរបស់ប្រទេសផ្តល់ជំនួយ។
នៅថ្ងៃពុធនេះ ក្រុមប្រទេសផ្តល់ជំនួយបានលើកឡើងនូវក្តីព្រួយបារម្ភអំពីការបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
ក្រុមមន្ត្រីរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នានៅក្នុងទីក្រុង ភ្នំពេញ ដើម្បីពិនិត្យមើលដំណើរការអភិវឌ្ឍន៍ក្រោមជំនួយរបស់ប្រទេសផ្តល់ជំនួយ និងស្តាប់អំពីតម្រូវការរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១២។
លោក Qimiao Fan តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា បញ្ហាដីធ្លីគឺជាបញ្ហាប្រឈមបំផុតនៅកម្ពុជា។
លោក Qimiao Fan បានបញ្ជាក់ថា ដោយកើតមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ការកើនឡើងវិញនូវកំណើនសេដ្ឋកិច្ច និងអត្ថប្រយោជន៍កើនឡើងពីក្រុមអ្នកវិនិយោគក្នុងកសិដ្ឋានពាណិជ្ជកម្មខ្នាតធំនោះបញ្ហាដីធ្លីនឹងក្លាយទៅជាការប្រឈមកាន់តែខ្លាំង ជាតួយ៉ាងនៅតំបន់បឹងកក់។
លោក Qimiao Fan បានថ្លែងថា ការរីកចម្រើនដ៏សំខាន់ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្នុងការផ្តល់បណ្ណកាន់កាប់ដីស្របច្បាប់ ប៉ុន្តែសន្តិសុខដីធ្លី និងការតាំងទីលំនៅជាថ្មីនៅតែជាការប្រឈម ហើយដៃគូអភិវឌ្ឍន៍ត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះនិងបញ្ហាដទៃទៀតដែលប្រឈមនឹងការអភិវឌ្ឍប្រទេស។ លោករង់ចាំចម្លើយជាវិជ្ជមានពីរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាប្រឈមទាំងនេះ។
លោក Qimiao Fan បានបន្ថែមថា ដៃគូអភិវឌ្ឍន៍ជឿជាក់ថា វាជាផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដើម្បីបង្កើតគោលនយោបាយនានាដែលធានាថា ការតាំងទីលំនៅជាថ្មីធ្វើឡើងតាមដំណើរការច្បាប់និងផ្តល់សំណងសមរម្យ និងជួយគាំទ្រឲ្យពួកគេតាំងទីលំនៅតាមវិធីដែលមិនបណ្តាលឱ្យគ្រោះថ្នាក់បន្ថែមទៀត ហើយតាមពិតជួយធ្វើឱ្យលក្ខខណ្ឌរស់នៅរបស់ពួកគេបានប្រសើរ។
លោក Qimiao Fan បានថ្លែងថា អង្គការសង្គមស៊ីវិលដើរតួនាទីក្នុងការរួមភាគដល់ការអភិវឌ្ឍ រួមមាន ការការពារសង្គម និងផ្តល់ការជួយគាំទ្រ និងសេវាកម្មនានាដល់ជនក្រីក្រ។
លោក Qimiao Fan បានបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍បានចាប់អារម្មណ៍ក្នុងការពិភាក្សាផលប៉ះពាល់នៃ ច្បាប់អង្គការមិនមែនរដ្ឋាភិបាល ដែលអាចកើតមានទៅលើការផ្តល់ជំនួយអភិវឌ្ឍន៍នៅក្នុងប្រទេស។
លោក Flynn Fuller នាយកនៃបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំកម្ពុជា (USAID) បានបញ្ជាក់ថា USAIDនៅតែមានកង្វល់ពីភាពចាំបាច់នៃសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងលទ្ធផលរបស់វាទៅលើអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពដោយសេរីនៅប្រទេសកម្ពុជា។
លោក Andrew Mace ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំថា ដៃគូអភិវឌ្ឍន៍ បានព្រួយបារម្ភអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងបានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាច្បាប់ នេះឡើងវិញ។
លោកលន់ បូរិទ្ធី នាយកប្រតិបត្តិនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការកម្ពុជា បាននិយាយថាអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលឱ្យបន្តការពិភាក្សាលើកសេចក្តីព្រាងច្បាប់នេះជាមួយតំណាងអង្គការសង្គមស៊ីវិល។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកិច្ចប្រជុំថា អង្គការមិនមែន រដ្ឋាភិបាលខ្លះមិនយល់ព្រមនឹងសេចក្តីព្រាងច្បាប់នេះទេ ប៉ុន្តែអង្គការខ្លះទៀតពេញចិត្តនឹងសេចក្តីព្រាងច្បាប់នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនឹងនាំយកក្តីព្រួយបារម្ភនេះកាន់កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី។
«ខ្ញុំទុកចិត្តទាំងស្រុងទៅលើការដឹកនាំរបស់ឯកឧត្តមស ខេង ក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ។ ចំពោះករណីបឹងកក់ ខ្ញុំជឿជាក់លើកិច្ចការដោះស្រាយរបស់សាលាក្រុងភ្នំពេញ»។
លោកនី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថា ការលើកឡើងរបស់ក្រុមម្ចាស់ជំនួយនេះគឺជាការលើកឡើងមួយដែលចំបញ្ហាជាក់ស្តែង ដែលកើតមាននៅក្នុងស្រុកយើង ហើយជាកង្វល់ទូទៅរបស់ប្រជាពលរដ្ឋខ្មែរទូទៅដែរ»។
របាយការណ៍ប្រចាំឆ្នាំរបស់ Adhocបានបង្ហាញថា ក្នុងឆ្នាំ២០១០មានជម្លោះដីធ្លីចំនួន១៩៦ករណី និងការបណ្តេញចេញដោយបង្ខំចំនួន២៤ករណី៕