ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry


មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ជូប​ប្រាស្រ័យ​គ្នា​ដើម្បី​ស្វែង​យល់​អំពី​កិច្ច​ព្រម ព្រៀងរវាង​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​ការ​នាំ​ស្ករស​ទៅសហគមន៍​អឺរ៉ុប​ ​ ប៉ុន្តែ​មន្ត្រី​អង្គការ​លីកាដូ​និង​មន្ត្រី​សហគមន៍​អឺរ៉ុប​បាន​បដិសេធ​ ​មិន​បាន​បង្ហាញអំពី​លទ្ធផល​ជំនួប​នេះ​ទេ។

មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដើម្បី​ស្វែង​យល់​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហគមន៍​អឺរ៉ុប​ជាមួយ​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ាលី យ៉ុងផាត់ ​ក្នុងការ​នាំ​ស្ករស​ចេញទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប។

មន្រ្តី​មក​ពី​សហគមន៍​អឺរ៉ុប​ និង​មន្រ្តី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ពុំ​បាន​បញ្ជាក់​អំពី​ជំនួប​ផ្លូវការ​នេះ ​ថា​តើ​នឹង​ជជែក​អំពី​បញ្ហា​លម្អិត​អ្វីខ្លះ​នោះ​ទេ។

ក៏ប៉ុន្តែ​លោក​ Rafael Dochao Moreno ​ភារធារី​សហគមន៍​អឺរ៉ុប​ ​ត្រូវ​បាន​កាសែត​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ ​ឈ្មោះ​The Cambodia Daily​ ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​បាន​ប្រកាស​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​ហើយ​ការ​ប្រកាសនេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បញ្ជប់​វេទិកា​របស់​សហគមន៍អឺរ៉ុប​ចំនួន​ពីរ​ថ្ងៃ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។

លោក​ Moreno ​បាន​និយាយ​ថា​ ​លោក​កំពុង​តែ​ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​ពិត​ប្រាកដ​មួយ​ នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ ​ហើយនេះ​គឺជា​អ្វី​ដែល​លោក​បាន​ធ្វើការ​វិភាគ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ទៅ​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ក្រុមហ៊ុន​ភ្នំពេញ​ SUGAR ​និង​កំពង់​ស្ពឺ ​SUGAR​ របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ ​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​រុក្ខាប្រមាញ់ ​និង​នេសាទ។

ក្រុមហ៊ុន​កំពង់​ស្ពឺ ​SUGAR ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ចំនួន​ជាង​៩០០០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​អំពៅ​ ដើម្បី​យក​ទៅ​ធ្វើស្ករស។ ​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ កំពុង​តែ​មាន​រឿង​ចម្រូង​ចម្រាស់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង​ ​ខេត្ត​កំពង់ស្ពឺ​ រឿង​វិវាទ​ដីធ្លី។

កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ ​កាសែត​ The Camboia Daily ​បាន​ចុះ​ផ្សាយ​ថា​ ​ពិធីសារ​ស្តីពី​ស្ករស​របស់​សហគមន៍អឺរ៉ុប បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជនមួយរូប​ គឺ​លោក​លី យ៉ុងផាត់​ ដែល​ពិធីសារ​នេះ​រំពឹង​ថា ​នឹង​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ទ្វេរ​ដងនៅ​ឆ្នាំ២០១២​ខាង​មុខ​នេះ។

លោក​ហេង សាន​ ​ជំនួយការ​របស់​លោក​លី យ៉ុងផាត់​ ​ត្រូវ​បាន​កាសែត​ដដែល​នេះ​ដក​ស្រង់​សម្តី​មក​ថា​ ​ការ​នាំ​ស្ករស​របស់​ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថា​ ​នឹង​កើន​ឡើង​រហូត​ដល់​២០​.០០០​តោន​នៅ​ឆ្នាំ​២០១១​និង​៤០.០០០​តោន​នៅ​ឆ្នាំ​២០១២។

នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ​ស្ករស​ចំនួន​១ម៉ឺន​តោន​ត្រូវ​បាន​ដឹកទៅ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហ​កម្ម​អង់គ្លេស​ដ៏​ធំមួយ ដែល​មាន​ឈ្មោះ​ថា​ ​Tate ​និង ​Lyle ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ពិធីសារ​ស្ករស​របស់​សហគមន៍​អឺរ៉ុប​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ។

លោក​លី យ៉ុងផាត់ ​ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ ​និង​កំពង់ស្ពឺ​ SUGAR ​បាន​បដិសេធ​ថា​ ​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ចុះ​ពិធីសារ​ក្នុង​ការ​នាំ​ស្ករស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ទេ។

«បាទ​អត់មាន​ទេៗ»។

ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​តំណារាស្រ្ត ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​ ដែល​ជា​អ្នក​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គោរព​សិទ្ធិ​មនុស្ស​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​ ​គួរ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​នាំយក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​របស់​ហគមន៍​អឺរ៉ុប​នោះ។

«សហគមន៍​អឺរ៉ុប​ហ្នឹងពិនិត្យ​មើលផង​ ​ដើម្បី​ធ្វើ​ម៉េច​កុំឲ្យ​ការ​ដែល​ធ្វើ​អាជីវ​កម្ម​រក​ប្រាក់​ចំណេញ​ ​វា​ធ្វើ​នៅ​លើ​ខ្នង​របស់​រាស្រ្ត​ ឬ​មួយ​បាន​មក​ដោយសារ​តែ​កា​រគាប​សង្កត់​ ឬ​ជិះជាន់​កម្លាំង​ពលកម្ម​ ​ហើយប្រាក់​ចំណេញ​ដែល​មិន​ស្អាតស្អំ ​គួរ​ណាស់​តែ​ជួយ​ឲ្យ​សភា​ពិនិត្យ​មើល​ស្ថានភាព​ទាំង​អស់​ហ្នឹង»។

ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏មាន​ឥទ្ធិពល​មួយ​រូប​ ​កំពុង​មាន​ទំនាស់​យ៉ាង​ស្រួចស្រាល​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ​ខេត្ត​កំពង់ស្ពឺ។

យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ប្រឆាំង​ជំទាស់​ទៅនឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ SUGAR ​ ​ដែល​ប្រជាពល​រដ្ឋ​បាន​ចោទប្រកាន់​ថា​ ​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​ចំការ​របស់​ពួកគេ។ ទោះជាយ៉ាងណាក្តីពលរដ្ឋ​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ៕

XS
SM
MD
LG