«កម្ពុជាសម្លឹងទៅមុខ»៖ ការទូតសេដ្ឋកិច្ច
សម្ភាសដោយ សឹង សុផាត ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
ការទូត និងសេដ្ឋកិច្ច គឺជាវិស័យពីរដ៏សំខាន់របស់ប្រទេសជាតិមួយ ក្នុងការនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនទៅមុខ។ ហើយការធ្វើការទូតសេដ្ឋកិច្ចទៀតសោត ដែលជាការធ្វើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមួយនិងដៃគូនានា ដូចជាការធ្វើជំនួញ ការវិនិយោគ ឬការផ្តល់ជំនួយ ក៏កាន់តែមានសារៈសំខាន់ ជាពិសេសក្នុងបិរបទដែលសេដ្ឋកិច្ចសកលលោកកំពុងវិវត្តទៅរកសេដ្ឋកិច្ចឌីជីថល។
សម្រាប់កម្ពុជា ក្នុងឋានៈជាប្រទេសដែលមានប្រជាពលរដ្ឋវ័យក្មេងភាគច្រើន និងជាប្រទេស ដែលចង់សម្រេចគោលដៅសេដ្ឋកិច្ច ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ តើកម្ពុជាអាចធ្វើអ្វីខ្លះ ដើម្បីទាញយកប្រយោជន៍ពីវិស័យការទូតសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនេះ ដើម្បីទាក់ទាញបន្ថែមទៀតនូវការវិនិយោគ ការធ្វើជំនួញ និងទំនាក់ទំនងសង្គមវប្បធម៌ជាមួយប្រទេសដទៃ ទាំងក្នុងតំបន់ និងសកលលោក?
ស្តាប់ភាគទី ៨ លើបណ្តាញ Apple Podcasts និង Google Podcasts
លោក សិទ្ធី រត្នដារ៉ាវុធ ជាបញ្ញវ័ន្តខ្មែរវ័យក្មេងមួយរូប និងអ្នកនិពន្ធក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជា ឆ្នាំ ២០៤០» បានថ្លែងថា៖ «បើតាមគំនិតរបស់ខ្ញុំ ខ្ញុំយល់ថា ទីក្រុងភ្នំពេញរបស់យើង គួរតែស្វែងរកនូវអត្តសញ្ញាណមួយ ដែលជាអត្តសញ្ញាណអន្តរជាតិ។ មានន័យថា ទីក្រុងភ្នំពេញយើង គួរតែផ្តោតសំខាន់ទៅលើថា តើយើងគួរតែមកគិតពីខ្លួនឯងដូចម្តេច គួរតែផ្សព្វផ្សាយទីក្រុងខ្លួនឯងហ្នឹង ទៅឲ្យទីក្រុងផ្សេងៗដូចម្តេច»។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែបង្កើតគោលនយោបាយដើម្បីបណ្តុះបណ្តាលប្រជាជន ដែលរស់នៅក្នុងទីក្រុងហ្នឹង ឲ្យក្លាយទៅជា គេហៅថា ប្រជាជនសកលលោក ដែលយើងប្រើភាសាអង់គ្លេសគឺ គេហៅថា Global Citizen។ ប្រជាជនសកលលោកនេះ គឺជាប្រជាជនដែលគាត់យល់ដឹងអំពីបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងសកលលោក ហើយមួយទៀត គឺគាត់គឺជាប្រភេទប្រជាជន ដែលពុំមានការរើសអើងអ្នកផ្សេង។ គាត់គឺជាប្រជាជនដែលមានចំណាប់អារម្មណ៍ចូលរួមដោះស្រាយបញ្ហា ដែលកំពុងតែកើតឡើងនៅក្នុងសកលលោកផងដែរ»។
ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាជនប្រមាណ ១ លាន ៥ សែននាក់កំពុងរស់នៅ។ ពោរពេញដោយប្រជាជនវ័យក្មេង អាយុចន្លោះ ២០ឆ្នាំ និង ៣០ឆ្នាំជាង ទីក្រុងភ្នំពេញ សម្បូរទៅដោយធនធានមនុស្ស ដែលអាចជាកម្លាំងទាក់ទាញការធ្វើជំនួញ និងវិនិយោគទុន តាមរយៈសកម្មភាពសេដ្ឋកិច្ចឌីជីថល ដែលពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទដៃទំនើប ឬ smart phone។
គិតត្រឹមឆ្នាំ ២០១៩ ក្នុងចំណោមពលរដ្ឋសរុបជាង ១៦ លាន ៣ សែននាក់ ចំនួនអ្នកដែលប្រើប្រាស់សេវានានា ដែលផ្តល់ឲ្យតាមរយៈទូរស័ព្ទទំនើប (mobile subscriptions) មានដល់ទៅ ២៥ លាននាក់ ហើយប្រហែល ១២ លាន ៥ សែននាក់ បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាកំពុងតែពឹងផ្អែកនិងសម្របរបៀបរបបរស់នៅប្រចាំថ្ងៃខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ដោយឡែក កម្រិតអប់រំរបស់ប្រជាពលរដ្ឋវ័យក្មេងរបស់កម្ពុជា ក៏កំពុងដើរទៅមុខ ក្នុងនោះចំនួនសិស្សដែលបានបញ្ចប់សិក្សាកម្រិតទុតិយភូមិបានកើនពី ៣ សែន ២ ម៉ឺននាក់ សម្រាប់ចន្លោះឆ្នាំ ២០១៨-២០១៩ ដល់ជាង ៣ សែន ៤ ម៉ឺននាក់ សម្រាប់ចន្លោះឆ្នាំ ២០១៩-២០២០។ នេះបើយោងតាមស្ថិតិរបស់ក្រសួងអប់រំយុវជននិងកីឡា (២០១៩-២០២០)។ ហើយចំនួននិស្សិតដែលបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក៏បានកើនឡើងដល់ប្រមាណ ២ សែន ១ ម៉ឺននាក់ បើគិតត្រឹមចន្លោះឆ្នាំ ២០១៥-២០១៦។
បន្ថែមលើនេះ ក្រសួងអប់រំរបស់កម្ពុជា បានបង្កើនកិច្ចប្រឹងប្រែងបន្ថែម ដើម្បីបញ្ជ្រាបនិងលើកកម្ពស់«ការអប់រំបែបឌីជីថល» តាមរយៈការចុះអនុស្សរណៈជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំជាន់ខ្ពស់របស់អង្គការ UNESCO ហៅកាត់ថា UNESCO-ICHEI «ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានសក្តានុពលដូចទៅនឹងប្រទេសមួយចំនួន ក្នុងតំបន់និងលើពិភពលោក»។
សក្តានុពលនៃបច្ចេកវិទ្យា និងកម្រិតអប់រំរបស់ពលរដ្ឋវ័យក្មេង ដែលកំពុងប្រមូលផ្តុំនៅទីក្រុងភ្នំពេញ អាចជាចលករដ៏សំខាន់មួយ ដើម្បីឲ្យកម្ពុជាពង្រីកសកម្មភាពការទូតសេដ្ឋកិច្ច និងទាញយកប្រយោជន៍បន្ថែមទៀតពីវិស័យដ៏សំខាន់មួយនេះ។
អំពីវាគ្មិន៖ លោក សិទ្ធី រត្នដារ៉ាវុធ
លោក សិទ្ធីរត្នដារ៉ាវុធជាបញ្ញាវ័ន្តខ្មែរវ័យក្មេងមួយរូបដែលមានចំណាប់អារម្មណ៍ខ្លាំងលើគោលនយោបាយសាធារណៈទាក់ទងនឹងកិច្ចការអន្តរជាតិនិងវិស័យសេដ្ឋកិច្ច។ ដោយបានធំដឹងក្តីឡើងនៅរាជធានីភ្នំពេញ ចំណាប់អារម្មណ៍ទាំងនេះកាន់តែលេចចេញឡើងនៅពេលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយទទួលបានចំណាត់ថ្នាក់កិត្តិយសផ្នែកការសិក្សាអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០១៦ ហើយបានក្លាយជាគ្រូឧទ្ទេសវ័យក្មេងផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យនេះនៅឆ្នាំដដែលនោះ។ នៅឆ្នាំ២០១៨ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយបានចំណាត់ថ្នាក់កិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ ក្រៅពីនេះលោកក៏បានធ្វើការឲ្យស្ថាប័នស្រាវជ្រាវខាងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយចំនួន និងចូលរួមកម្មវិធីសិក្សារយៈពេលខ្លីនៅប្រទេសអាល្លឺម៉ងនិងសហរដ្ឋអាមេរិកជាដើម។ កិច្ចការស្រាវជ្រាវទាំងនេះបានធ្វើឲ្យលោកកាន់តែចាប់អារម្មណ៍នឹងគោលនយោបាយសាធារណៈ ហើយនៅឆ្នាំ ២០១៩ លោកបានទទួលអាហារូបករណ៍រដ្ឋាភិបាលអង់គ្លេស Chevening ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនេះ នៅសាកលវិទ្យាល័យ Warwick ដែលលោកទើបបានបញ្ចប់។ សព្វថ្ងៃនេះលោក សិទ្ធីរត្នដារ៉ាវុធ បន្តធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាគោលនយោបាយសាធារណៈមួយចំនួន ជាពិសេសទាក់ទងនឹងប្រធានបទថ្មីៗដូចជាការទូតសេដ្ឋកិច្ច ការទូតនៃទីក្រុងការច្នៃប្រឌិតដោយរដ្ឋាភិបាល គោលនយោបាយសង្គម និងបច្ចេកវិទ្យាដែលលេចធ្លោនៅកម្ពុជានិងអាស៊ីអាគ្នេយ៍៕