«កម្ពុជាសម្លឹងទៅមុខ»៖ សមភាពយេនឌ័រនិងសុខភាពបន្តពូជ
សម្ភាសដោយ ស៊ូ ពេជ្រចិន្តា ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
តើអ្នកធ្លាប់ឮពាក្យស្លោក «ស្ត្រីបង្វិលជើងក្រានមិនជុំ» ដែលជាពាក្យស្លោកបុរាណមួយ ដែលមានឥទ្ធិពលខ្លាំងលើផ្នត់គំនិតរបស់មនុស្សទូទៅដែរឬទេ? ជាងមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានកែប្រែពាក្យស្លោក «ស្ត្រីបង្វិលជើងក្រានមិនជុំ» ទៅជា «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ដើម្បីផ្លាស់ប្តូរផ្នត់គំនិតចាស់បុរាណនេះ ក្នុងគោលបំណងជំរុញឲ្យស្ត្រីចូលរួមសកម្មភាពនិងកិច្ចការសង្គម ឲ្យបានច្រើនដូចបុរស ស្របពេលដែលស្ត្រី មានចំនួនច្រើនជាងបុរស នៅក្នុងចំណោមចំនួនប្រជាជនសរុបជាង ១៦ លាននាក់របស់កម្ពុជា។
ការជំរុញឲ្យមានការចូលរួមពីស្ត្រីក្នុងសង្គម គឺជាផ្នែកមួយនៃគោលនយោបាយសមភាពយេនឌ័ររបស់កម្ពុជា ដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ហេតុអ្វីកម្ពុជាចាំបាច់ត្រូវមានសមភាពយេនឌ័រ ហើយសមភាពយេនឌ័រនេះ អាចនាំផលប្រយោជន៍អ្វីខ្លះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា?
ស្តាប់ភាគទី ៧ លើបណ្តាញ Apple Podcasts និង Google Podcasts
កញ្ញា Catherine Harry សកម្មជនសិទ្ធិស្ត្រីនិងជាអ្នកនិពន្ធមួយរូបក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ថ្លែងថា៖ «យេនឌ័រគឺសំខាន់ណាស់នៅក្នុងសង្គមនីមួយៗ នៅក្នុងពិភពលោក និងនៅគ្រប់ផ្នែកទាំងអស់។ សួរថាតើ ហេតុអ្វីបានជាយើងចាំបាច់មានសមភាពយេនឌ័រ គឺដោយសារតែប្រជាជនជាងពាក់កណ្តាលគឺជាមនុស្សស្រី។ អ៊ីចឹង មានន័យថា នៅពេលមនុស្សស្រីអត់មានសមភាព គាត់អត់មានភាពស្មើគ្នាក្នុងសង្គម គាត់អត់អាចបញ្ចេញមតិបាន ដូចមនុស្សប្រុស … អ៊ីចឹងមានន័យថា យើងកំពុងតែមិនរាប់បញ្ចូលជាងពាក់កណ្តាលនៃប្រជាជន។ យើងកំពុងតែទុកគាត់ចោល»។
កញ្ញាបានបន្ថែមទៀតថា៖ «បើសិនជាគាត់អត់ទទួលបានសមភាពទេ គឺមានន័យថា គាត់អត់អាចចូលរួមក្នុងសង្គមបានយ៉ាងសកម្មទេ។ អ៊ីចឹង យើងកំពុងតែបាត់បង់សក្តានុពលក្នុងសង្គម»។
ក្រោមគោលនយោយថ្នាក់ជាតិស្តីពីសមភាពយេឌ័ររបស់រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ ក្មេងស្រី និងស្ត្រីនៅកម្ពុជា មានឱកាសទទួលបានការអប់រំ និងឱកាសការងារក្នុងវិស័យជាច្រើន ដូចគ្នានឹងបុរសដែរ។ គិតត្រឹមឆ្នាំ ២០១៩ ក្មេងស្រីដែលបានបញ្ចប់ការអប់រំកម្រិតបឋមសិក្សា មានចំនួន ៩៤ ភាគរយនៃចំនួនសិស្សស្រីសរុប ហើយស្ត្រីប្រមាណ ៧៩ ភាគយនៃចំនួនស្ត្រីសរុប បានចូលរួមកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសក្នុងវិស័យបីធំៗគឺ កសិកម្ម ដំណាំកសិផល និងនេសាទ។
ក៏ប៉ុន្តែ កម្រិតនៃការទទួលបានការអប់រំ និងឋានៈការងាររបស់ស្ត្រី នៅតែទាប បើធៀបនឹងបុរស ដោយសារកត្តាផ្នត់គំនិតក្នុងគ្រួសារ និងបរិបថសង្គមទូទៅ ដែលនៅតែបង្កការរើសអើងនានា ដូចជាឪពុកម្តាយផ្តល់អាទិភាពបញ្ជូនកូនប្រុសឲ្យទៅរៀនបន្ត ជាងកូនស្រី និងការរើសអើងលើស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។
លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ចថ្លែងថា នៅក្នុងកម្មវិធីអប់រំតាមវិទ្យុអំពីយេនឌ័ររបស់ក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៩ ថា៖
«បើយើងប្រៀបធៀបពីកន្លងមក យើងឃើញថា មានការរីកចម្រើនច្រើន ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ និងការរើសអើង យើងឃើញថា នៅថយច្រើន។ ប៉ុន្តែ ខ្ញុំយល់ឃើញថា នៅតែមានការរើសអើងមួយចំនួន ដែលការរើសអើងនោះភាគច្រើន បែបមិនផ្ទាល់ច្រើន។ ឧទាហរណ៍ នៅកន្លងមក យើងជួបប្រទះនៅមូលដ្ឋាន គាត់នៅតែមានការរើសអើងខ្លះ នៅពេលដែលគាត់ឃើញស្ត្រីជាអ្នកដឹកនាំ គាត់មិនសូវហ៊ាននិយាយជាការបញ្ចេញខ្លាំងជាសាធារណៈអីទេ តែនៅពីក្រោយអីហ្នឹង គាត់នៅមិនសូវគាំទ្រច្រើន។
ការស្ទង់មតិរបស់អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ក្នុងនោះបុរសប្រមាណ ៦០ភាគរយ និងស្ត្រី ៥៧ភាគរយនៃអ្នកដែលបានចូលរួមការស្ទង់មតិនេះ នៅតែយល់ថា បុរសមានតួនាទីសម្រេចចិត្តក្នុងគ្រួសារ ហើយតួនាទីសំខាន់របស់ស្ត្រី គឺថែរក្សាក្រុមគ្រួសារ និងចម្អិនអាហារសម្រាប់គ្រួសារ ក្នុងនោះ បុរសប្រមាណ ៨២ភាគរយ និងស្ត្រីប្រមាណ ៩២ភាគរយ យល់ឃើញដូច្នេះ។
អំពីវាគ្មិន៖ កញ្ញា Catherine Harry
ជាកូនស្រីទោលនៃគ្រួសារមួយ នៅរាជធានីភ្នំពេញ កញ្ញា Catherine Harry មានឈ្មោះដើមជាភាសាខ្មែរថា សម្បត្តិ សុខសុវណ្ណកេសរ។ Catherine បានបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ កញ្ញាបានធ្វើជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនានា អំពីភាពស្មើគ្នារវាងបុរសនិងស្ត្រី ឬសមភាពយេនឌ័រនិងសុខភាពបន្តពូជ។ ការងារជាអ្នកសម្របសម្រួល តម្រូវឲ្យកញ្ញាត្រូវធ្វើការស្រាវជ្រាវច្រើនពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ដែលជាហេតុធ្វើឲ្យកញ្ញាយល់ដឹងច្រើនអំពីបញ្ហានៅក្នុងសង្គម ជាពិសេសបញ្ហាសមភាពយេនឌ័រនិងសុខភាពបន្តពូជ ដែលមិនសូវត្រូវបានគេលើកយកមកនិយាយជាសាធារណៈ។ ការណ៍នេះ បានជំរុញឲ្យកញ្ញាចាប់ផ្តើមសរសេរប្លុកអំពីបញ្ហាទាំងនេះ នៅឆ្នាំ ២០១២ ហើយនៅឆ្នាំ ២០១៧ នាងក៏បានចាប់ផ្តើមផលិតវីដេអូខ្លីៗបែបអប់រំ ដើម្បីផ្សព្វផ្សាយអំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃភាពស្មើគ្នាក្នុងសង្គមរវាងបុរសនិងស្ត្រី ដែលជាផ្នែកដ៏សំខាន់នៃគោលនយោបាយសមភាពយេនឌ័ររបស់រដ្ឋាភិបាលកម្ពុជា។ ប្លុកនិងគណនីសង្គមរបស់កញ្ញា Catherine ដែលមានបង្ហោះវីដេអូអប់រំជាច្រើន បាននិងបន្តទាក់ទាញការចូលរួមអាន ទស្សនា និងបញ្ចេញមតិពីយុវជននិងយុវតីកម្ពុជា លើប្រធានបទទាំងពីរនេះ៕