«កម្ពុជាសម្លឹងទៅមុខ»៖ សមាហរណកម្មសេដ្ឋកិច្ច
សម្ភាសដោយ អូន ឆេងប៉រ, ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តាប្រឈមនិងអនុសាសន៍បែបកែទម្រង់សំខាន់ៗមួយចំនួន ក្នុងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ និងអំពីឥទ្ធិពលនៃទិន្នាការសេដ្ឋកិច្ចសកលលោកដែលអាចជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលអនាគតតាមរយៈកិច្ចពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក សុក ខា អ្នកប្រឹក្សានិងសិក្សាឯករាជ្យលើកិច្ចការអភិវឌ្ឍ និងសម្រួលពាណិជ្ជកម្ម។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»។
ស្តាប់ភាគទី ៥ លើបណ្តាញ Apple Podcasts និង Google Podcasts
ពីប្រទេសដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ដល់ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចបើកចំហលឿនមធ្យមមួយនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ កម្ពុជាបានធ្វើកំណែទម្រង់ស្ថាប័ននិងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនជាច្រើនដំណាក់កាល ដើម្បីចូលរួមធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាមួយប្រទេសនានាក្នុងតំបន់ និងក្នុងសាកលលោក។ ហើយដើម្បីពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅថ្ងៃខាងមុខ តើកម្ពុជាគួរធ្វើកិច្ចការចាំបាច់អ្វីខ្លះទៀត?
លោក សុក ខា អ្នកប្រឹក្សានិងសិក្សាឯករាជ្យលើកិច្ចការអភិវឌ្ឍនិងសម្រួលពាណិជ្ជកម្ពុជា និងជាអ្នកនិពន្ធម្នាក់ក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» ថ្លែងថា៖ «ការកសាងសមត្ថភាពគឺយើងត្រូវតែពង្រឹងបន្ត។ ហើយមួយទៀតការកសាងសមត្ថភាពទាំងរដ្ឋទាំងវិស័យឯកជនបាន ទាល់តែមានការចូលរួមគ្នា ផ្តល់ធាតុចូលឲ្យគ្នាទៅវិញទៅមកជាពិសេសរដ្ឋនិងឯកជន បូករួមនឹងដៃគូអភិវឌ្ឍរបស់យើង ដើម្បីជំរុញធ្វើយ៉ាងណាឲ្យសមត្ថភាពរបស់យើងទាំងរដ្ឋជាអ្នកបង្កើតបរិយាកាសមួយទ្រទ្រង់ទៅដល់ការធ្វើសមាហរណកម្ម»។
លោកសុក ខា បានបន្ថែមទៀតថា៖ «ហើយបើសិនជាបរិយាកាសត្រូវបានកែលម្អហើយ តើវិស័យឯកជនរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាញយកផលប្រយោជន៍ពីបរិយាកាសដែលត្រូវបានកែលម្អដោយរបៀបណា? ទាំងពីរនាក់ត្រូវចេះទាញយកផលប្រយោជន៍ពីវត្តមានរបស់ដៃគូអភិវឌ្ឍមួយចំនួនដែលគាត់កំពុងធ្វើការច្រើននៅក្នុងប្រទេសយើង»។
វិស័យកសិកម្មនៅតែជាកម្លាំងចលករសំខាន់ជាងគេមួយសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា ហើយវិស័យនេះត្រូវការការច្នៃប្រឌិតថ្មីៗ ដើម្បីកែលម្អគុណភាពផលិតផលនិងប្រព័ន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព និងដើម្បីទទួលបានតម្លៃខ្ពស់សម្រាប់ផលិតផលកសិកម្មទាំងឡាយ។
សព្វថ្ងៃនេះ ការធ្វើទំនើបកម្មលើវិស័យកសិកម្មនៅកម្ពុជា កំពុងដំណើរការជាបណ្តើរៗតាមរយៈការសហការជាមួយដៃគូអភិវឌ្ឍដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ ឬ USAID និងធនាគារពិភពលោក ឬ (World Bank) ជាដើម។
របាយការណ៍ឆ្នាំ២០១៩ របស់ធនាគារពិភពលោក បានឲ្យដឹងថា ដើម្បីទាញយកផលប្រយោជន៍កាន់តែខ្លាំងពីផលិតផលកសិកម្ម និងពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ កម្ពុជាត្រូវពង្រឹងការធ្វើទំនើបកម្មកសិកម្មឲ្យមានប្រសិទ្ធភាពជាងនេះ ដោយរដ្ឋាភិបាលត្រូវផ្តល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរឹងមាំជាពិសេសប្រព័ន្ធធារាសាស្រ្តពង្រឹងជំនាញ និងចំណេះដឹងរបស់កសិករ នៅក្នុងបច្ចេកទេសកសិកម្មជឿនលឿន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ដោយសហការជាមួយវិស័យឯកជន៕
អំពីវាគ្មិន៖ លោក សុក ខា
លោក សុក ខា កើតនៅក្រុងភ្នំពេញ ក្នុងក្រុមគ្រួសារដែលធ្វើជំនួញ និងអាជីវកម្មខ្នាតតូចនៅផ្សារអូរឫស្សី កណ្ដាលរាជធានីភ្នំពេញ។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kyoto ប្រទេសជប៉ុន លោក សុក ខា បានប្រឡូកយ៉ាងជោគជាំក្នុងគម្រោងអភិវឌ្ឍន៍កំណែទម្រង់នានា ដូចជាការកែលម្អប្រព័ន្ធនិងបរិយាកាសពាណិជ្ជកម្ម និងជំនួញក្នុងស្រុក ជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ GIZ ជាដើម។ មកទល់សព្វថ្ងៃនេះ សុក ខាលោក កំពុងប្រើប្រាស់ជំនាញវិជ្ជាជីវៈខាងកិច្ចការសម្រួលពាណិជ្ជកម្ម ការតាក់តែងគោលនយោបាយសេដ្ឋកិច្ចនិងជំនួញ ដែលជាកិច្ចការប្រទាក់ក្រឡាគ្នានៃការធ្វើសមាហរណកម្មកម្ពុជា និងក្នុងតំបន់៕