ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បរិស្ថាន​ខឹង​នឹង​ការ​ចាប់ផ្តើម​សាងសង់​ទំនប់​ទឹក​ឡាវ​មុន​មាន​ការ​អនុញ្ញាត


កសិករ​ដាំដំណាំតាមបណ្តោយមាត់​ទន្លេ​មេគង្គ។
កសិករ​ដាំដំណាំតាមបណ្តោយមាត់​ទន្លេ​មេគង្គ។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​បរិស្ថាន​នៅ​ក្នុង​តំបន់​ មាន​ការ​ខឹង​សម្បារ​បន្ទាប់​ពី​មានសេចក្តី​រាយការណ៍​ថា​ក្រុមហ៊ុន​សំណង់​ថៃ​មួយ​បាន​ចាប់​ផ្តើម​ការងារ​ជា​បឋម​ នៅ​ការដ្ឋាន​សាងសង់​ទំនប់​វារី​អគ្គិសនី​នា​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​ មុនពេល​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​បាន​បាន​ផ្តល់​ការ​យល់​ព្រម​ជា​ផ្លូវការ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) ​ដែល​មាន​ថាមពល​១.២៦០​មេហ្កាវ៉ាត់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​កំពុង​ប្រឈមមុខ​នឹង​រឿង​ចម្រូង​ចម្រាស​ថ្មី​មួយ​ទៀត​ក្រោយ​ពី​បណ្តាញ​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា​ ការងារ​សាងសង់​ជំហាន​ដំបូង​បាន​ចាប់​ផ្តើម​តាំង​ពី​មុនពេល​មាន​ការ​អនុញ្ញាត​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ។

គណៈ​កម្មការ​នេះ​ដែល​មាន​តំណាង​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ គ្រោង​នឹង​ធ្វើ​របាយការណ៍​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​សម្រេច​ថា​តើ​គម្រោង​អភិវឌ្ឍន៍​ដែល​មាន​ទឹកប្រាក់​ចំនួន​៣,៥​ពាន់​លាន​ដុល្លារ​នឹង​អាច​ឱ្យ​ដំណើរការ​ទៅ​មុខ​ឬ​យ៉ាងណា។

កាលពី​ឆ្នាំ​២០០៧ ​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​បាន​ព្រមព្រៀងគ្នា​ថា​ថាមពល​អគ្គិសនី​ចំនួន​៩៥​ភាគរយ​ដែល​បាន​មក​ពី​ទំបន់​វារី​អគ្គិសនី​នេះ​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ​ ដោយ​ប្រើប្រាស់​ថវិកា​និង​ក្រុម​ហ៊ុន​សំណង់​ថៃ​សម្រាប់​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ។

ទំនប់​សាយ៉ាប៊ូរី​ គឺ​ជា​ទំបន់​ទីមួយ​ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដែលតម្រូវ​ឱ្យមាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​នានា។ ប៉ុន្តែ​សេចក្តី​រាយការណ៍​ជា​ច្រើន​ក្នុង​បណ្តាញ​សារព័ត៌មាន​ថៃ​កាលពី​ចុង​សប្តាហ៍​បាន​បង្ហាញ​រូបភាព​ការ​សាងសង់​ជា​បឋម​នៅ​ឯ​ការដ្ឋាន​នាភាគ​ខាងជើង​ប្រទេសឡាវ​ដែល​បាន​ចាប់​ផ្តើម​អស់​ជាច្រើន​សប្តាហ៍​មកហើយ។

សេចក្តី​រាយការណ៍​ក្នុង​បណ្តាញ​សារព័ត៌មាន​នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកបរិស្ថាន​និង​អ្នក​វិទ្យាសាស្រ្ត​ខឹង​សម្បារ​ជាខ្លាំង​ដោយសារ​ពួកគេ​ចង់​ឱ្យ​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្រ្ត​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​នៃ​ទំនប់​នៅតាម​ប្រព័ន្ធ​ទន្លេ​មេគង្គ។​ នាង​ អេមី ត្រេនដឹម (Ame Trandem) អ្នកធ្វើ​យុទ្ធនាការ​ម្នាក់​សម្រាប់​ទន្លេ​មេគង្គ​ដែល​មក​ពី​អង្គការ​ ​បណ្តាញ​ទន្លេ​អន្តរជាតិ (International Rivers) ​ដែល​ជា​ក្រុម​អ្នកបរិស្ថាន​ បាន​មាន​ប្រសាសន៍​ថា​ក្នុងដំណើរការ​វាយតម្លៃ​បាន​អំពាវនាវឱ្យ​ពន្យារ​ការសាង​សង់​ណា​មួយ​លើ​ប្រព័ន្ធ​ទន្លេ​មេ។

«ផល​ប៉ះពាល់​ដែល​បង្កដោយ​ទំនប់​នេះ​មាន​ទំហំ​ធំជាង​ផល​ចំណេញ ​ដែល​នេះ​គឺ​ជា​បញ្ហា​មួយ។ ការ​វាយ​តម្លៃ​ផ្នែក​បរិស្ថាន​ជា​យុទ្ធសាស្រ្ត​ដែលចេញ​មក​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ក្នុង​រយៈ​ពេល​បី​សប្តាហ៍​ក្រោយពី​ដំណើរការ​គម្រោង​ទំនប់​សាយ៉ាប៊ូរី​បាន​ចាប់​ផ្តើម​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​រាល់​ការ​សម្រេច​ចិត្ត​លើ​ការ​សាងសង់​ទំនប់​លើ​ប្រព័ន្ធ​មេទឹក​គួរតែ​ពន្យារ​ពេល​១០ឆ្នាំ​សិន​ព្រោះ​ផលប៉ះ​ពាល់​មាន​ទំហំ​ធំខ្លាំង​ណាស់»។

ក្រុម​អ្នក​បរិសា្ថន​និយាយ​ថា ​ទំនប់​ទឹក​សាយ៉ាប៊ូរី​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ចរន្ត​ទឹក​ទន្លេ​មេគង្គ។​ មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដែល​ទំនប់​នេះ​មាន​លើ​តំបន់​ដែន​ដី​សណ្ត​សម្រាប់​ដាំ​ស្រូវ។ ជាដំបូង​នោះ​ គឺមាន​ប្រជាពលរដ្ឋ​ចំនួន​២.០០០នាក់​នឹងត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​បង្ខំ​ហើយ​នឹង​មាន​មនុស្ស​២០០.០០០នាក់​ផ្សេង​ទៀត​នឹងត្រូវប៉ះពាល់​ដោយ​ប្រយោល។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​ថៃ​ក៏​បាន​ឱ្យដឹង​ថា​កសិករ​ក្រីក្រ​ឡាវ​ត្រូវ​បាន​ក្រុមហ៊ុន​សំណង់​ថៃ​ផ្តល់​ប្រាក់​សំណង​តែ​ប្រមាណ​១៥ដុល្លារ​ប៉ុណ្ណោះ។​ នាង​ Painporn Deetes នៃ​អង្គការ​ International Rivers និយាយ​ថាទំហំ​នៃ​ការ​បង់​សំណង​នេះ​បង្ហាញ​ឱ្យ​ដឹង​ថា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​មិន​យល់​ដឹង​ទាំង​ស្រុង​ពី​ផល​ប៉ះពាល់​របស់​គម្រោង​នេះ​ទៅលើ​សហគមន៍​នៅ​ក្នុង​តំបន់​ទេ។

«តើគេ​អាច​សង​ប្រជាពលរដ្ឋ​ទាំងនេះ​ដូចម្តេច ​ហើយតើ​គេ​អាច​សង​ការ​ខូចខាត​ដល់​កសិករ​ទាំងនោះ​ដែល​កំពុង​រស់​នៅ ​លើ​ដែន​ដី​សណ្ត​ទន្លេ​មេគង្គ​យ៉ាង​ម៉េច​ទៅ​ នៅ​ពេល​ដែល​ដីស្រែ​របស់​ពួកគេ​ត្រូវ​ទឹក​សមុទ្រ​ជន់លិច​ តើ​យើង​អាច​បញ្ចូល​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​យ៉ាង​ម៉េច​ដើម្បី ​អាច​ឮសំឡេង​របស់​ពួកគេ​បាន? ពីព្រោះ​ដំណាក់​កាល​នៃ​ការ​សម្រេច​ចិត្ត​គឺ​មិនមែនត្រូវធ្វើ​តែ​មនុស្ស​មាន​អំណាច​ពីរ​បី​នាក់អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ទេ»។

លោក​ ជីម វ៉េប ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្តី​រាយការណ៍​ថា​រដ្ឋាភិបាល​ឡាវ​បាន​ត្រៀមខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការទំនប់​សាយ៉ាប៊ូរី​នេះ។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​លោក​ វ៉េប​ បាន​បញ្ជាក់ថា​ការសម្រេច​ចិត្ត​នេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​មាន​គ្រោះថ្នាក់​ដល់​បរិស្ថាន​ក្នុង​តំបន់។

មាន​ទំនប់​វារីអគ្គិសនី​រហូត​ដល់​១០​ត្រូវបាន​ស្នើសាងសង់​នៅ​តំបន់​ទន្លេ​មេគង្គ​ខាង​ក្រោម​ ដោយ​ក្រុម​អ្នក​បរិស្ថាន​បាន​ព្រមានថា​មាន​ប្រជាពលរដ្ឋ​រហូត​ដល់​៤០​លាន​នាក់​នឹង​ទទួល​រង​ការប៉ះពាល់​ប្រសិន​បើ​គេសាងសង់​ទំនប់នោះមែន ​ហើយ​ក៏ នឹង​មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ផងដែរ៕

ប្រែសម្រួល​ដោយ​ ម៉ែន​ គឹមសេង

XS
SM
MD
LG