ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទស្សនា​និយាយ​ថា ​រឿង​«សត្រូវ​របស់​ប្រជាជន»​មិន​ទាន់​ប្រាប់​ការណ៍​ពិត​អស់​ទេ

Một bức ảnh được cung cấp bởi trường Đại học Leicester cho thấy bộ hài cốt của vua Richard III của Anh được tìm thấy bên dưới một bãi đậu xe hồi cuối tháng 9 tại Leicester.
Một bức ảnh được cung cấp bởi trường Đại học Leicester cho thấy bộ hài cốt của vua Richard III của Anh được tìm thấy bên dưới một bãi đậu xe hồi cuối tháng 9 tại Leicester.

ភ្នំពេញ៖​ ខ្សែ​ភាពយន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»​ បាន​ចាប់​ផ្ដើម​ដាក់​បញ្ចាំងនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ ​ដោយ​អ្នក​ដែល​បាន​ទស្សនា​យល់​ឃើញ​ថា​ រឿង​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​តថ​ភាព​ជាក់​ស្តែង​នៅក្នុង​របប​ខ្មែរ​ក្រហម​មែន។ ​ប៉ុន្តែ​ពួកគេ​លើក​ឡើង​ថា​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​នៅក្នុង​ខ្សែ​ភាព​យន្ត​នោះ​មិនទាន់​ប្រាប់​ការណ៍​ពិត​ឲ្យ​អស់​អំពី​ការ​កាប់​សម្លាប់​ដ៏រង្គាល​នៅ​ក្នុង​របប​នោះ​នៅ​ឡើយ​ទេ។

រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​បាន​ចាប់​ផ្ដើម​ដោយ​សំឡេង​របស់​សហ​ផលិតករ​នៃ​រឿង​នេះ​ផ្ទាល់​គឺ​លោក​ថេត សម្បត្តិ​ដែល​បាន​ព្យាយាម​ស្វែង​រក​ចម្លើយ​ទៅ​នឹង​ចម្ងល់​របស់​លោកថា​ ​ ​តើ​ហេតុអ្វី​បានជា​មាន​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​រហូតដល់​ជិត​២​លាន​នាក់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

មាន​ទស្សនិក​ជន​ខ្មែរ​និង​បរទេស​សរុប​ប្រមាណ​៧០​នាក់​បាន​ចូល​រួម​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ ដែល​ត្រូវ​បានដាក់​បញ្ចាំង​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​២១​ ខែ​កក្កដា​នេះ​ នៅ​ក្នុង​សាល​តាំង​ពិព័រណ៍​សិល្បៈ​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ ​បន្ទាប់​ពី​ស្នាដៃ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ​ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​ម​ហោ​ស្រព​ភាព​យន្ត​ធំ​ៗ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ​និង​នៅ​ក្នុង​ប្រទេសមួយ​ចំនួន​ទៀត​ ​ចាប់តាំង​ពី​ខែ​មករា​ឆ្នាំ​២០១០​មក។

ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​៩៣នាទី​នេះ​ ​បង្ហាញ​អំពីអ្នក​កាសែត​ខ្មែរ​ម្នាក់​គឺ​លោក​ ថេត សម្បត្តិ​ ដែល​បាន​ព្យាយាម​បញ្ចុះបញ្ចូល​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​សម្លាប់​ប្រជាជន​នៅ​ក្នុង​សម័យ​នោះ ​ឲ្យ​សម្ដែង​ឡើង​វិញ​នូវ​សកម្ម​ភាព​របស់​ពួកគេ​ក្នុង​ការ​ប្រហារជីវិត​ជន​រង​គ្រោះដោយ​ការ​ចាក់​ទម្លុះ​ ​ឬអាករ​នឹងកាំបិត​ដោយ​ឥត​ញញើត​ដៃ​ ​ហើយ​និង​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ទាំងនោះ​ចង្អុល​បង្ហាញ​ប្រាប់​ពី​កន្លែង​ពិឃាដ​របស់​ពួកគេ។

«មើល បង​ឯង​ចង្អុល​ឲ្យ​ចំ​មើល កន្លែងណាខ្លះ?...​»

ក្នុង​ឈុត​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ពីរ​រូប​ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា ​សួន ​និង​ឃួន បាន​សារភាព​ថា​ ​ពួកគេ​ថែម​ទាំង​បាន​បរិភោគ​ថ្លើម​ជន​រង​គ្រោះទៀត​ផង​ ​ក្រោយ​ពី​ជន​រងគ្រោះ​ត្រូវ​បាន​សម្លាប់​ហើយ​នោះ។

«ពេល​យើង​ធ្វើ​ហ្នឹង​ ​យើង​អត់​ដែល​ធ្វើ​ថ្ងៃ​ទេ​ គឺ​យើង​ធ្វើ​យប់»។

តួអង្គ​សំខាន់​បំផុត​នៅក្នុង​ខ្សែ​ភាពយន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​ គឺ​លោក​នួន ជា ​អតីត​មេ​មនោគមន៍​វិជ្ជា​របស់​ខ្មែរ​ក្រហម ដែល​គេ​ស្គាល់​ថា​ ​ជា​បងធំ​ទី២​បន្ទាប់ពី ប៉ុល ពត។​ លោក នួន ជា​ នឹង​ត្រូវ​នាំ​ខ្លួន​យក​ទៅកាត់​ទោស​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​២០១១​ ខាង​មុខ​នេះ។

នៅ​ក្នុង​ខ្សែ​ភាពយន្តនេះ​ លោកនួន ជា​បាន​សារភាព​ជា​លើក​ដំបូង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោកជា​មួយប៉ុល ពត ​ក្នុង​ការ​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ជន​ ដែល​រូប​លោក​និង​ប៉ុល ពត​ចាត់ទុក​ថា ជា​សត្រូវ​របស់​អង្គការ​បដិវត្ត​មហា​អស្ចារ្យ​ ​មហា​លោត​ផ្លោះ​របស់​ខ្លួន​នោះ។

«ខ្ញុំ​និយាយ​ដដែល​ៗ​ច្រើនដង​ហើយ​ថា​ ​ទទួល​កំហុស ​សោក​ស្ដាយ​ដែល​អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ថា​ មាន​វិប្បដិសារី​ហ្នឹង​ ហើយ​ស្តាយរបប​ហ្នឹង​ស្តាយ»។

ប៉ុន្តែ​នៅ​ក្នុង​ឈុត​មួយ​នៃ​ការ​សម្ភាសន៍​ដ៏​វែង​ជាមួយ​លោក​ថេត ​សម្បត្តិ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នេះដែរ​ ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម​ នួន ជា​ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ ​រាល់​ការ​សម្រេច​ចិត្ត​របស់​លោក​នេះ​ត្រូវ​ធ្វើឡើង​ ដើម្បី​តែ​ការពារ​ប្រទេស​ជាតិ​ ​កុំឲ្យ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​បរទេស​ប៉ុណ្ណោះ។

«បើ​ទុក​ពួក​ហ្នឹង​ ​អា​ហ្នឹង​សម្លាប់​ជាតិ។ ​ផ្ទាល់​ខ្លួនវា​តែងតែ​មាន​មនោ​សញ្ចេតនា​ខ្លះ​ ​ប៉ុន្តែ​ខ្ញុំ​ចែក​ដាច់​ច្បាស់​ ​ផ្ទាល់ខ្លួន​ហើយ​និង​រួម។ ​បើ​រួម​ ​យើង​យក​មនោ​សញ្ចេតនា​ ​ធ្លាប់​រាប់​អាន​គ្នា ​ធ្លាប់​អី ​ ​ហើយ​និង​ជាតិ​ទាំងមូល ​យើង​យក​មួយ​ណា? ​ ខ្ញុំ​យក​ជាតិ​ហើយ ​ ឯ​ផ្ទាល់​ខ្លួន​ទុក​ដោយ​ឡែក​សិន»។

លោក ​នួន ជា ​ក៏​បាន​អះអាង​នៅក្នុង​ខ្សែ​ភាពយន្ត​នេះ​ផង​ដែរ​ថា​ ​លោក​នឹង​ប្រាប់​តុលាការ​ថា ​គឺ​ប្រទេស​វៀតណាម​និង​សហ​រដ្ឋ​អាមេរិក​ទេ ​ដែល​ជា​អ្នក​សម្លាប់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​សម័យ​នោះ។

លោក​ ពូ សុវជ្ជនា ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា​មួយ​ក្នុង​ក្រុង​ភ្នំពេញ ​ដែល​បាន​បាត់​បង់​ម្ដាយ​និង​បងប្អូន​ប្រុស​ស្រី​ចំនួន​៤នាក់​ទៀត​នៅក្នុង​របប​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ក្រោយ​ពី​បាន​ទស្សនា​ខ្សែ​ភាពយន្ត​នេះថា​ ​ រឿង​នេះ​ពិតជា​បង្ហាញ​អំពី​ភាព​ពិត​ជាក់​ស្ដែង​នៅក្នុង​របប​ខ្មែរ​ក្រហម​មែន​ ​តាម​រយៈ​ការ​សារភាព​របស់​អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម ​ជា​ពិសេស​គឺ​ការ​សារភាព​របស់​លោក​ នួន ជាតែ​ម្តង​ អំពី​ការ​កាប់​សម្លាប់​នៅ​ក្នុង​សម័យ​នោះ។

«យើង​មើល​រឿង​នេះ​ទៅ​ ​យើង​យល់​ច្រើន។​ ខ្ញុំ​សូម​សរសើរ​លោក សម្បត្តិ ​ដែល​បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​របស់​លោក ​ដើម្បី​រក​យុត្តិធម៌​ក្នុង​សង្គម​ខ្មែរ ​ហើយ​នរណា​ក៏ចង់​បាន​អាហ្នឹង​ដែរ។ ​វា​ជា​កត្តា​មួយ​ដែល​យើង​អាច​យក​អាហ្នឹង​ទៅ​បង្ហាញ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ថា រឿង​ហ្នឹង​វា​ពិត​ជា​បាន​កើតឡើង​មែន​ ​ហើយ​យើង​ព្យាយាម​រក​សច្ច​ធម៌​ហ្នឹង​ឲ្យ​បាន»។

សូម​បញ្ជាក់​ថា​ លោក​ថេត សម្បត្តិ​បាន​ចំណាយ​ពេល​អស់​ជិត​១០ឆ្នាំ​ក្នុង​ការផលិត​ខ្សែ​ភាពយន្ត​នេះ​ ដោយ​សហការ​ជាមួយ​អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជនជាតិ​អង់គ្លេស​ម្នាក់​គឺ​លោក​ Rob Lemkin។

នៅ​ក្នុង​ការផលិត​ខ្សែ​ភាពយន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​ ​លោក សម្បត្តិ​បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​របស់​លោកក្នុងការ​ស្រាវជ្រាវ​ស្វែងរក​ និង​នៅ​ជាមួយ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​រួមទាំង​លោក​នួន​ជា​ផងដែរ​ ដើម្បី​បង្កើត​ទំនុក​ចិត្ត​របស់​ពួកគេ​មក​លើ​រូបលោក​រហូត​ដល់​ពួក​គេ​សុខ​ចិត្ត​ទម្លាយ​អាថ៌​កំបាំង​នៃ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ​ចេញ​មក។

កញ្ញា​ ឈួន ចាន់ថន ​វ័យ​២៦​ឆ្នាំ​ ដែលបាន​ទស្សនា​ខ្សែ​ភាពយន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​ដែរ ​បាន​និយាយ​ថា​ ​នាង​យល់ថា​ ​លោក នួន ជាមិន​បាន​ប្រាប់​ការណ៍​ពិត​ឲ្យ​អស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ​ ​ទោះ​បីជា​លោក​បាន​សារភាព​ខ្លះ​ៗ​អំពី​ផែនការ​កាប់​សម្លាប់​របស់​ខ្លួន​នៅ​ក្នុង​សម័យ​នោះ​ក៏​ដោយ។

«ទោះបី​ក្នុង​សាច់​រឿង​ហ្នឹង​ ​គាត់​បាន​និយាយ​ថា​ ​គាត់​នឹង​និយាយ​ទាំងអស់​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ហ្នឹង​ដឹង​ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​ ​គាត់​លាក់​លៀម​ដើម្បី​គាត់​រក្សា​កេរ្តិ៍​ឈ្មោះ​គាត់​នៅ​ពេល​ក្រោយ»។

កញ្ញា​ ឈួន ចាន់ថន​បាន​បន្ថែម​ថា ​ការ​ដែល​លោក នួន ជា​បាន​ភ្ជាប់​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​វៀតណាម​ទៅ​នឹង​ការ​ស្លាប់​រង្គាលប្រជាជន​ខ្មែរ​នោះ ​គឺ​គ្រាន់តែ​ជា​ការ​ដោះ​យក​រួចខ្លួន​ពី​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ​តែ​ប៉ុណ្ណោះ។

«តាម​ខ្ញុំ​យល់​ ​វា​គ្រាន់​តែ​ជា​ពាក្យ​ដោះសា​របស់​គាត់​ទេ។ វា​គ្រាន់​តែ​ជា​អ្វី​ដែល​គាត់​និយាយ​ឲ្យ​ហើយ​ ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ទាំងអស់​ហ្នឹង​ដាក់​ទោស​ទៅលើ​គាត់​ទាំង​អស់។​ គាត់​ចង់​ឲ្យ​ការ​កាត់​ក្តី​ ​ឬ​ធ្វើ​អ្វី​១​ហ្នឹង​ឲ្យ​វា​ស្មើគ្នា​មើល​ទៅ»។

លោក ​ថេត សម្បត្តិ សហ​ផលិតករ​នៃ​ខ្សែ​ភាពយន្ត​នេះ ​ដែល​បាន​បាត់​បង់​ឪពុក​ម្ដាយ​និង​បងប្អូន​ជា​ច្រើន​នាក់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែរនោះ មាន​ប្រសាសន៍​ថា​ ​លោក​ផលិត​ខ្សែ​ភាពយន្ត​នេះ​ឡើង​ ដើម្បី​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​ខ្មែរ និង​បរទេស​ស្វែងយល់​បន្ថែម​អំពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​៣ឆ្នាំ៨​ខែ​និង​២០​ថ្ងៃ​នោះ។

«ឯកសារ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ ខ្ញុំ​ជឿ​ជាក់​ថា​ ​វា​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រវត្តិ​សាស្ត្រ​ខ្មែរ​យើង​ ​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ ​ហើយ​នឹង​អ្នក​ស្រាវជ្រាវ​មក​ពី​ស្រុក​ក្រៅ​ដែល​គាត់​ចង់​ដឹង​អំពី​របប​ខ្មែរ​ក្រហម»។

ប៉ុន្តែ​លោក​ថេត សម្បត្តិ​មានប្រសាសន៍​បន្ថែម​ថា​ ​ខ្សែ​ភាពយន្ត​របស់​លោក​ទុក​ចន្លោះ​ឲ្យ​នៅ​ចំហ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ធ្វើការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ថា ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​រង្គាលប្រជាជន​ខ្មែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ ឬហៅ​ថា សម័យ​ខ្មែរ​ក្រហម​នោះ។

សូម​បញ្ជាក់​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​រឿង​ «សត្រូវ​របស់​ប្រជាជន»​នេះ​ នឹង​ដាក់​បញ្ចាំង​ដោយ​មាន​ការលក់​សំបុត្រ​នៅឯ​សាល​តាំង​ពិព័រណ៍​ Meta House​ក្នុង​ក្រុង​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែ​កក្កដា​នេះ៕

XS
SM
MD
LG