វ៉ាស៊ីនតោន៖ ស្របពេលដែលខ្សែភាពយន្តរឿង «សត្រូវរបស់ប្រជាជន» បានឈានចូលដល់ជុំទីពីរនៃការប្រកួតយកពានរង្វាន់អូស្ការនោះ ផលិតករខ្សែភាពយន្តបានខិតខំផ្សព្វផ្សាយខ្សែភាពយន្តនេះក្នុងចំណោមក្រុមអ្នកសិក្សាស្រាវជ្រាវ ដើម្បីចូលរួមចំណែកដល់ការយល់ដឹងអំពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។
ចាប់ពីតំបន់ឆ្នេរសមុទ្រផ្នែកខាងលិច (West Coast) រហូតដល់តំបន់ឆ្នេរសមុទ្រផ្នែកខាងកើត (East Coast) នៃសហរដ្ឋអាមេរិក ខ្សែភាពយន្តស្តីពីរបបខ្មែរក្រហម គឺរឿង «សត្រូវរបស់ប្រជាជន» កំពុងដើរតួនាទីសកម្ម ក្នុងការចូលរួមចំណែកដល់ការសិក្សានិងយល់ដឹងអំពីរបបខ្មែរក្រហមក្នុងចំណោមក្រុមអ្នកសិក្សាស្រាវជ្រាវរបស់អាមេរិកាំង។
ក្រុមអ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យនានាក្នុងតំបន់ទាំងនោះរាប់តាំងពីអ្នកដែលមានជំនាញខាងវិទ្យាសាស្រ្តនយោបាយ ច្បាប់និងសិទ្ធិមនុស្ស រហូតដល់អ្នកមានជំនាញអំពីអំពើប្រល័យពូជសាសន៍ និងខាងការសិក្សាពីកិច្ចការអាស៊ីជាដើមបានទស្សនានូវខ្សែភាពយន្តនេះ។
លោក រប់ លឹមគិន សហផលិតករជាតិអង់គ្លេសនៃខ្សែភាពយន្តរឿង«សត្រូវរបស់ប្រជាជន» បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖
«ការដាក់បញ្ចាំងជូនដល់ក្រុមអ្នកសិក្សាស្រាវជ្រាវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” និងការងាររបស់លោក ថេត សម្បត្តិមានព័ត៌មាន និងគំនិតច្រើនណាស់ ហើយវាជារឿងល្អខ្លាំងណាស់ដែលត្រូវយកមកបញ្ចាំងឱ្យក្រុមអ្នកស្រាវជ្រាវនិងនិស្សិតមកពីជំនាញផ្សេងៗបានដឹង»។
ខ្សែភាពយន្តនេះផលិតដោយលោក រ៉ប់ លឹមគឹន ផលិតករជាតិអង់គ្លេសនិងលោក ថេត សម្បត្តិ អ្នកកាសែតខ្មែរមួយរូប។ ខ្សែភាពយន្តនេះ បានបង្ហាញជាលើកដំបូងនូវការសារភាពរបស់លោក នួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហមអំពីការទទួលខុសត្រូវក្នុងការចេញបញ្ជាឱ្យមានការសម្លាប់អ្នកដែលលោកចាត់ទុកថា ជាសត្រូវរបស់បដិវត្តន៍ និងមានការសារភាពរបស់អតីតអ្នកដែលទទួលអនុវត្តបទបញ្ជាពីម្នាក់ទៅម្នាក់ទៀត។ លោកថេត សម្បត្តិបានចំណាយពេលជាច្រើនឆ្នាំកសាងទំនុកចិត្តជាមួយមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរូបនេះ មុននឹងគាត់ព្រមនិយាយការណ៍ពិតអំពីការដឹកនាំរបស់គាត់។
លោក រ៉ប់ លឹមគឹនបញ្ជាក់ថា លោកទទួលបាននូវប្រតិកម្មចម្រុះនិងល្អៗពីក្រុមអ្នកស្រាវជ្រាវទាំងនោះ ហើយមានសាកលវិទ្យាល័យខ្លះចង់សុំយកខ្សែភាពយន្តនេះប្រើជាផ្នែកមួយនៃកម្មវិធីអប់រំរបស់ពួកគេ។
«ជាទូទៅ មានប្រតិកម្មខុសៗគ្នាពីមនុស្សផ្សេងៗគ្នា ប៉ុន្តែជាទូទៅគឺមានប្រតិកម្មវិជ្ជមានខ្លាំងណាស់។ ខ្សែភាពយន្តនេះទទួលបានការឆ្លើយតបប្រកបដោយវិជ្ជមាន»។
សម្រាប់កញ្ញា គ្រីស្ទាន ស៊ូ (Christian Su) ជំនួយការនាយកនៃមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍សម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យអូហៃយ៉ូ (Ohio) មើលឃើញថា ការនាំយកខ្សែភាពយន្តរឿង«សត្រូវរបស់ប្រជាជន» មកដាក់បញ្ចាំងនៅសាកលវិទ្យាល័យនោះ ដែលបានរៀបចំកាលពីថ្ងៃទី៩ ខែវិច្ឆិកា គឺជាការជួយឱ្យនាងសម្រេចបាននូវការចង់ជួយលើកកម្ពស់ការយល់ដឹងពីវប្បធម៌ និងបញ្ហារបស់ខ្មែរ។
ខ្សែភាពយន្តនេះបានជួយផ្លាស់ប្តូរគំនិតរបស់អ្នកសិក្សាខ្លះ។ កញ្ញាគឹម ស៊ីនួន និស្សិតថ្នាក់អនុបណ្ឌិតខាងផ្នែកការសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ដែលបានចូលទស្សនាខ្សែភាពយន្តនេះនៅសាកលវិទ្យាល័យអូហៃយ៉ូ បានបញ្ជាក់ថា ខ្សែភាពយន្តនេះបានជួយដល់នាងយល់ដឹងបន្ថែមទៀតពីរបបខ្មែរក្រហម។
«ប្រសិនបើខ្ញុំមិនបានឃើញខ្សែភាពយន្តនេះទេ ខ្ញុំប្រហែលជាគិតថា គាត់គ្រាន់តែសុខចិត្តទទួលខុសត្រូវជំនួសសមមិត្តទាំងអស់របស់គាត់។ ប៉ុន្តែក្រោយពីបានមើលខ្សែភាពយន្តនេះហើយ ឃើញថា បុគ្គលិកលក្ខណៈគាត់ខ្លាំងប៉ុណ្ណា។ ខ្ញុំពិតជាជឿថា ពិតជាអាចមែនហើយដែលថា គាត់និងប៉ុល ពតជាអ្នកធ្វើការសម្រេចចិត្ត»។
បច្ចុប្បន្ន អតីតមេដឹកនាំខ្មែរក្រហម នួន ជា កំពុងជាប់ឃុំឃាំងនៅសាលាក្តីខ្មែរក្រហមរង់ចាំការកាត់ទោស។
បើតាមការបញ្ជាក់របស់ផលិតករខ្សែភាពយន្តនេះឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងរៀបចំខ្សែភាពយន្តនេះសម្រាប់ជូនទៅសាកលវិទ្យាល័យមួយចំនួននៅសហរដ្ឋអាមេរិក យកទៅធ្វើជាឯកសារពិគ្រោះក្នុងការសិក្សារបស់គេ៕