ខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” ដែលជាភាពយន្តស្តីពីមូលហេតុនៃការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ទទួលបានពានរង្វាន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងទីក្រុង New York។ ក្រុមផលិតករដាក់ក្តីសង្ឃឹមថា ខ្សែភាពយន្តនេះនឹងជួយបានច្រើនដល់ការងារផ្សះផ្សារជាតិ និងការគោរពសិទ្ធិមនុស្ស។
ស្របពេលដែលខ្សែភាពយន្តស្តីពីក្បាលម៉ាស៊ីនកាប់សម្លាប់ក្នុងរបបខ្មែរក្រហមគឺរឿង “សត្រូវរបស់ប្រជាជន” បានទទួលរង្វាន់ពីមហោស្រពខ្សែភាពយន្តរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស កាលពីចុងសប្តាហ៍មុន ក្រុមផលិតករខ្សែភាពយន្តនេះ ចាត់ទុកថា វាជាការរំឮកមួយ ដល់អ្នកដឹកនាំប្រទេសត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្លៃនៃជីវិតរបស់ប្រជាជន ហើយក៏ជាការលើកទឹកចិត្តមួយដល់អ្នកដែលបានប្រព្រឹត្តិខុសកន្លង មកឱ្យចេញមកសារភាពនូវទង្វើអតីតកាលរបស់ខ្លួន។
ខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន" ត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពខ្សែភាពយន្តប្រចាំឆ្នាំលើកទី២១ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពី ១៨ ដល់ថ្ងៃទី ២០ ខែមិថុនា ក្នុងបូរីញ៉ីវយ៉ក សហរដ្ឋអាមេរិកដោយទាក់ទាញអ្នកចូលរួមទស្សនាបានជាច្រើនរយនាក់។ ខ្សែភាពយន្តនេះផលិតដោយលោក Rob Lemkin អ្នកផលិតខ្សែភាពយន្តជាតិអង់គ្លេសដ៏ល្បីឈ្មោះនិងលោកថេត សម្បត្តិ អ្នកកាសែតខ្មែរមួយរូប។
លោក John Biaggi នាយករៀបចំកម្មវិធីមហោស្រពភាពយន្តនេះ បានបញ្ជាក់ប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍មួយពីការផ្តល់ពានរង្វាន់ Nestor Almendros ដល់ខ្សែភាពយន្តរឿង "សត្រូវរបស់ប្រជាជន" ថា៖
“យើងបានសម្រេចផ្តល់រង្វាន់ Nestor Almendros ឱ្យទៅខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” ព្រោះរង្វាន់នេះសម្រាប់ការក្លាហានក្នុងការផលិតខ្សែភាពយន្ត ហើយច្បាស់ណាស់ថា លោក ថេត សម្បត្តិ និងលោក Rob Lemkin បង្ហាញសេចក្តីក្លាហានជាច្រើន ជាពិសេសគឺលោក ថេត សម្បត្តិ ក្នុងការបង្ហាញប្រវត្តិនៃពួកខ្មែរក្រហម និងសម្តែងនូវអ្វីដែលបានកើតមានឡើងចំពោះក្រុមគ្រួសារលោកផ្ទាល់ក្នុងរបបនោះ និងបានចំណាយពេលជាង១០ឆ្នាំ ដើម្បីសម្ភាសតាំងពីមេដឹកនាំជាន់ខ្ពស់ ថ្នាក់កណ្តាល និងអ្នកដែលបានកាប់សម្លាប់ដោយផ្ទាល់”។
លោក ថេត សម្បត្តិ បានប្រាប់វីអូអេថា នេះជាការទទួលស្គាល់មួយដ៏ធំចំពោះការងាររបស់លោកនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ។
“រង្វាន់នេះ វាអាចជួយលើកទឹកចិត្តដល់អ្នកដទៃផ្សេងទៀតដើម្បីឱ្យចេញមុខនៅពេលអនាគត ហើយខ្ញុំសង្ឃឹមថា ពេលដែលឯកសារនេះចេញទៅ ហើយសៀវភៅនឹងចេញមកទៀត អាចនឹងធ្វើឱ្យអ្នកផ្សេងៗទៀតចេញមកបំភ្លឺហើយ ព្រោះគេយល់ឃើញថា ការនិយាយការពិត បង្ហាញប្រវត្តិសាស្រ្តឆ្នាំ ១៩៧៥ និង១៩៧៩ វាមានសារៈសំខាន់ បើយើងមិននិយាយ គឺថាប្រវត្តិសាស្រ្តនៅពេលហ្នឹងគឺត្រូវកប់ចោលហើយ អញ្ចឹងទុកឱ្យក្មេងជំនាន់ក្រោយចេះតែវិនិច្ឆ័យមិនការពិត វាយប្រហារគ្នាទៅវិញទៅមកដោយមិនច្បាស់លាស់។ នេះជាការបង្កឱ្យមានបញ្ហាទៅអនាគត បើយើងបញ្ចេញឱ្យអស់មកអ្វីខុសអ្វីត្រូវឱ្យប្រជាជនដឹងក្មេង ជំនាន់ក្រោយដឹង ដូច្នេះនេះជាបទពិសោធន៍មួយសម្រាប់ធ្វើឱ្យក្មេងជំនាន់ក្រោយបានយល់ ហើយនឹងជៀសវាងបញ្ហានេះកើតឡើងទៅថ្ងៃមុខ”។
ខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” បង្ហាញពីការសារភាពរបស់អតីតជនប្រព្រឹត្តការកាប់សម្លាប់ប្រជាជនកម្ពុជា ដោយផ្ទាល់និងការដែលអតីតមេមនោគមវិជ្ជាខ្មែរក្រហម នួន ជា យល់ព្រមបង្ហាញពីផែនការដឹកនាំក្នុងរបបខ្មែរក្រហមនិងការចេញ បញ្ជាឱ្យមានការកាប់សម្លាប់។ ទាំងអស់នេះជាលទ្ធផលដែលលោក ថេត សម្បតិ្ត បានចំណាយពេលរាប់ឆ្នាំក្នុងការបញ្ចុះបញ្ចូលពួកគេឱ្យនិយាយចេញមក នូវសកម្មភាពអតីតកាលរបស់គេ។
ក្រៅពីខ្សែភាពយន្តនេះ លោក ថេត សម្បតិ្ត ក៏មានគម្រោងនឹងចេញផ្សាយសៀវភៅមួយទៀតផងដែរហើយសង្ឃឹមថា វាអាច ជួយដល់ដំណើរការស្វែងយល់ពីរបបខ្មែរក្រហមដែលបានកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ ១៩៧៥ ដល់១៩៧៩។
អតីតជនដៃដល់បានសារភាពថា មានអារម្មណ៍មិនល្អនិងមានការពិបាកក្នុងខ្លួននៅពេលដែលរំលឹកឡើងវិញពីសកម្មភាពសម្លាប់មនុស្ស ដែលពួកគេបានប្រព្រឹត្តក្នុងពេលអតីតកាល ប៉ុន្តែសុខចិត្តទទួលយកអារម្មណ៍បែបនេះដោយសារចង់បញ្ជាក់ពីការពិត ដែលបានកើតមានឡើងហើយបានស្នើសុំឱ្យមានការផ្សព្វផ្សាយឱ្យបានទូលាយនូវឯកសារដែលថតបាននេះ។
នៅក្នុងខ្សែភាពយន្តអតីតជនដែដល់ពីរនាក់ឈ្មោះ ឃួន និង សួន បានបង្ហាញនូវសហការយ៉ាងល្អជាមួយនឹងក្រុមផលិតភាពយន្ត។
ក្នុងខ្សែភាពយន្តអតីតជនដៃដល់ឈ្មោះ សួន បានបញ្ជាក់ដូចនេះថា៖
“ដែលខ្ញុំដឹងថាអ្នកណាធ្វើអីៗទាំងប៉ុន្មាន ខ្ញុំប្រាប់ទាំងអស់ នឹកឃើញខ្ញុំប្រាប់ នឹកឃើញខ្ញុំប្រាប់ ប្រាប់ថាឱ្យតែបានឆ្លើយឱ្យអស់មក ខ្ញុំវាធូរហើយ។ បើថាបានទៅដល់យកទៅបើកទៅតាមខេត្ត ទៅតាមក្រុងអីអញ្ចឹងទៅ ខ្ញុំត្រេកអរណាស់ ចង់បានអញ្ចឹង ចង់បានឱ្យគេឃើញថា យីអញធ្លាប់ធ្វើអញ្ចឹងដែរ អញ្ចឹងអញទៅសារភាពដែរ ប្រាប់ឱ្យបងៗ ឬប្អូនអីអញ្ចឹង ធ្វើសំណុំឯកសារទៅមុខទៀតទៅអនាគត មិនត្រឹមតែយើងទេ យើងបន្តិចទៀតទៅបាត់ហើយនៅតែក្មេងៗ វាអត់ដឹងរឿង”។
លោក Rob Lemkin បានបញ្ជាក់ថា សម្រាប់អតីតជនដៃដល់សម្លាប់មនុស្សខ្លះ បានរស់នៅដោយភ័យខ្លាច ហើយព្យាយាមលាក់បាំងសកម្មភាពអតីតកាលរបស់ពួកគេ។ ដូច្នេះមធ្យោបាយដ៏ល្អ គឺអនុញ្ញាតឱ្យអតីតជនដៃដល់បាននិយាយចេញមក នូវសាច់រឿងរបស់ពួកគេ ដើម្បីអាចឱ្យគេបានធូរស្រាលនៅក្នុងអារម្មណ៍ និងបានចូលរួមក្នុងដំណើរការផ្សះផ្សារជាតិ។
“ខ្ញុំគិតថាមធ្យោបាយតែមួយគត់ក្នុងការបន្តដំណើរជីវិតទៅមុខទៀតបាន គឺត្រូវអនុញ្ញាតឱ្យជនល្មើស ដូចដែលអស់លោកដឹងហើយថានៅប្រទេសកម្ពុជាពួកគេមានចំនួនរាប់ពាន់នាក់ដូចដែលលោក ឃួន និង សួន ដែលភាពយន្តបានបង្ហាញ គឺមានមនុស្សរបៀបនេះរាប់ពាន់នាក់ ដែលពួកគេត្រូវការនិយាយអំពីអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេត្រូវការស្វែងរកវិធីក្នុងការរស់នៅដោយសុខស្រួលជាមួយមនុស្សដទៃទៀតដែលនៅរស់រានមានជីវិតពីការកាប់សម្លាប់"។
ក្រុមផលិតករកំពុងព្យាយាមសុំសិទ្ធិ ដើម្បីដាក់បញ្ចាំងខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” ក្នុងប្រទេសកម្ពុជាដើម្បីឱ្យប្រជាជនខ្មែរបានយល់ដឹងបន្ថែមពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម ជាពិសេសចេញពីភាគីដែលប្រព្រឹត្តល្មើស។ ពួកគេសង្ឃឹមថា នឹងអាចនាំយកខ្សែភាពយន្តនេះទៅដាក់បញ្ជាំងនៅក្នុងអំឡុងខែកក្កដាក្នុងទីក្រុងភ្នំពេញ។
ចាប់តាំងពីខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន”បានចេញផ្សាយជាលើកដំបូងកាលពីនៅមហោស្រពភាពយន្តក្រុងសិនដាន កាលពីខែមករា ឆ្នាំ២០១០មក ក្រុមផលិតករបានបន្តដាក់បញ្ចាំងនៅតាមមហោស្រពក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិកនិងតាមបណ្តាប្រទេសមួយចំនួនទៀត។ បើតាមការឱ្យដឹងពីក្រុមផលិតករ គឺភាពយន្តនេះទទួលបានពានរង្វាន់ចំនួន១៥មកហើយក្នុងនោះ មានដូចជារង្វាន់ Special Jury Award ពីមហោស្រពក្រុងសិនដាន រង្វាន់ខ្សែភាពយន្តដែលល្អជាងគេបំផុតពីមហោស្រពភាពយន្តប្រទេស ណ័រវ៉េស្សរ៍ និងរង្វាន់ខ្សែភាពយន្តឆ្នើម ពីមហោស្រពភាពយន្តក្រុងហុងកុងជាដើម។ ក្រុមអ្នកផលិតក៏កំពុងរៀបចំបំពេញតាមលក្ខខណ្ឌមួយចំនួនដែល តម្រូវការដើម្បីដាក់ចូលរួមប្រកួតយកពានរង្វាន់អូស្ការផងដែរ៕