ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេ​រំពឹង​ថា​នឹង​មាន​ការ​បោះឆ្នោត​សំខាន់​មួយ​អំពី​ទំនប់​ទឹកទន្លេ​មេគង្គនៅ​ខែ​ក្រោយ


កម្មករសំណង់​ធ្វើការ​ស្ទង់​មើល​ការងារ​សង់​ទំនប់​វារី​អគ្គិសនី​សម្រាប់ទំនប់ Nam Theun 2 dam នៅភាគខាងត្បូង​វៀតណាម​ និងឡាវ។
កម្មករសំណង់​ធ្វើការ​ស្ទង់​មើល​ការងារ​សង់​ទំនប់​វារី​អគ្គិសនី​សម្រាប់ទំនប់ Nam Theun 2 dam នៅភាគខាងត្បូង​វៀតណាម​ និងឡាវ។

នៅ​ពេល​ដែល​ទ្វីប​អាស៊ី​អាគ្នេយ៍​កំពុងដោះស្រាយ​បញ្ហា​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរខ្លះៗ ​ដែល​មិន​ធ្លាប់​មាន​ច្រើន​ទសវត្សរ៍​មក​ហើយ​នេះ​ ក៏​មាន​កង្វល់​ដែរ​អំពី​ការ​ប៉ះពាល់​ខាង​បរិដ្ឋាន​នៃ​ទំនប់​វារីអគ្គិសនីថ្មីៗ​មួយ​ចំនួន​ដែល​កំពុង​ត្រូវ​គ្រោង​កសាង​ក្នុង​ពេល​ឥទ្បូវ​នេះ។ ទំនប់​ទឹក​ជា​ពិសេស​មួយ​ក្នុង​ប្រទេស​ឡាវ​ បាន​ទាក់ទាញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដោយសារ​ផល​ប៉ះពាល់​របស់​វា​លើ​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅ​តាម​ជលសីមា​ទន្លេ​មេគង្គ។​ គេរំពឹងថា នឹងមានការ​បោះឆ្នោត​សំខាន់​មួយ​នៅ​ខែ​ក្រោយ​អំពី​ទំនប់​ទឹក​ Xayaburi និង​អំពី​ថា​ តើ​ទំនប់​ទឹក​នេះ​មាន​ផល​ប៉ះពាល់​ខាង​នយោបាយ​បែប​ណា​ទៅ​លើ​តំបន់​នោះ។

ទំនប់​ទឹក​ Xayaburi ដែល​បាន​ត្រូវ​ស្នើ​ដោយ​រដ្ឋាភិបាល​ឡាវឋិត​នៅ​ក្នុង​តំបន់​ភ្នំ​នា​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ឡាវ ជា​ទំនប់​ទឹក​មួយ​ក្នុង​បណ្តា​ទំនប់​ទឹក​១១​ដែល​បាន​ត្រូវ​គ្រោង​កសាង​សម្រាប់​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។

លោក ខាល មីដដលថុន (Carl Middleton) ដែល​ជា​សាស្ត្រាចារ្យនៅ​ឯ​សាកលវិទ្យាល័យ​ជុឡាលុងកន (Chulalongkorn) និយាយ​ថា​ របាយការណ៍​ស្ទង់​ប៉ាន់​មើល​ខាង​បរិដ្ឋាន​យុទ្ធសាស្ត្រ​ដែល​ហៅ​កាត់​ថា SEA ព្រមាន​ថា​ទំនប់​ទឹក​នេះ​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

«គម្រោងការ​នេះ​ក៏​តម្រូវ​ឱ្យ​មាន​ការ​កែប្រែ​ធំៗ​ដល់​ប្រព័ន្ធ​អេកូទ្បូស៊ី​នៃ​ទន្លេ​មេគង្គ​ដែរ។ វា​នឹង​រារាំងការ​ផ្លាស់​ប្តូរ​កន្លែង​រស់​នៅ​របស់​ត្រី​ដោយ​មាន​រួម​បញ្ចូល​ទាំង​ផ្លូវ​ផ្លាស់ប្តូរ​កន្លែង​រស់​នៅ​សម្រាប់​ប្រភេទ​ត្រី​សំខាន់​បំផុត​ក្នុង​ពិភពលោកដោយ​មាន​រួម​បញ្ចូល​ត្រី​រាជ​នៃ​ទន្លេ​មេគង្គ​ជា​ដើម។​ដូច្នេះ​អង្គការ SEA ស្ទង់​ប្រមាណ​ថា​ ប្រភេទ​ត្រី​រហូត​ដល់​៤១​ប្រភេទអាច​ជួប​ប្រទះ​គ្រោះថ្នាក់នៃ​ការ​ផុត​ពូជ»។

គម្រោងការ​ដែល​មាន​ទឹក​ប្រាក់​៣​ពាន់​៥​រយ​លាន​ដុល្លារ​នេះ​ ជា​គម្រោងការ​ទី​មួយដែល​នឹង​ត្រូវ​កសាងនៅ​លើ​ទន្លេ​មេគង្គ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ហើយ​នឹង​ផលិត​អគ្គិសនី​១​ពាន់២​រយ​៦០​ មេហ្កាវ៉ាត់ ហើយ​គេ​រំពឹង​ថា​៩៥​ភាគរយ​នៃ​អគ្គិសនី​នេះ​នឹង​ត្រូវ​ទិញ​ដោយ​ប្រទេស​ថៃ។

ក៏​ប៉ុន្តែ​ ពួក​មន្ត្រីវៀតណាម​ ​និង​ខ្មែរ​បាន​ចូល​រួម​ជាមួយ​ពួក​អ្នក​ការពារ​បរិដ្ឋានក្នុង​ការ​រិះគន់ទំនប់​ទឹក​ Xayaburi ដោយ​និយាយ​ថា​ ទំនប់​ទឹក​នេះ​ អាច​ធ្វើ​ឱ្យ​អន្តរាយ​ធ្ងន់ធ្ងរ​ដល់​ត្រី​ដែល​ជា​ប្រភពសំខាន់​មួយ​នៃប្រូតេអ៊ីន​ដល់​មនុស្ស​៤០​លាន​នាក់។

ពួក​មន្ត្រី​ទាំង​នេះ​ព្រមាន​ថា​ ទំនប់​ទឹក​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់មនុស្សជាង​២​សែន​នាក់​ដែល​ពឹងពាក់​លើអេកូទ្បូ​ស៊ីនៃ​ទន្លេ​នេះ​ ​និង​ដល់​មនុស្ស​រាប់​លាន​នាក់​ ដែល​រស់​នៅ​តាម​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​នេះ​ដែល​ពឹង​ពាក់​លើប្រព័ន្ធ​ទន្លេនេះ។

ទោះណា​ជា​មាន​កង្វល់​ទាំង​នេះ​ក៏​ដោយ​ ក៏​ពួក​មន្ត្រី​ឡាវនៅ​តែ​ជំរុញ​ឱ្យ​មាន​ការ​ស្ថាបនា​នេះ។

គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​វៀងចន្ទ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​យល់​ព្រម​ចុង​ក្រោយ​បង្អស់​សម្រាប់​ការ​កសាង​ដោយ​កំណត់​អំពី​ផល​ប៉ះពាល់​ខាង​បរិដ្ឋាន​និង​ខាង​ ecologie របស់​ទំនប់​នេះ។

គេ​រំពឹង​ថា​គណៈកម្មការ​នេះ​ជា​មួយ​ពួក​អ្នក​តំណាង​មក​ពី​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ថៃ ​និង​ប្រទេសវៀតណាម​នឹង​ចេញ ​សាលក្រម​របស់​ផង​ខ្លួន​អំពី​គម្រោង​ការ​នេះ​ក្នុង​ការប្រជុំ​មួយ​ក្នុង​ខែ​វិច្ឆិកា។

លោក​ Srisuwan Kuankachorn ជា​សហនាយក​របស់​ក្រុម​ការពារ​បរិដ្ឋាន​មួយ​គឺ​ក្រុម​ឆ្ពោះ​ទៅ​កាន់ការ​រើប​ទ្បើង​វិញ​ខាង ecologie និង​សម្ព័ន្ធភាព​ក្នុង​តំបន់​ដែល​ហៅ​កាត់​ថា​TERRA។​ លោក​និយាយ​ថា​ការ​ប្រជុំ​ក្នុង​ខែ​វិច្ឆិកា​អាច​នាំ​ទៅ​កាន់​ផល​ប៉ះពាល់​ខ្លាំង​មួយ​ទៅ​លើ​វិស័យ​នយោបាយ​ក្នុង​តំបន់។

«យើង​ត្រូវ​យក​មក​គិត​ផង​ដែរ​អំពី​ផល​ប៉ះពាល់នៃ​ទំនប់​ទឹក​ទាំង​អស់​ ពីព្រោះ​ប្រសិន​បើ​ទំនប់​ទឹក​មួយ​បាន​ត្រូវ​អនុញ្ញាត​ឱ្យ​កសាង​ វា​នឹង​នាំ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​ទំនប់​ទឹក​ឯ​ទៀតៗ​ទាំង​អស់​។​ដូច្នេះ​យើង​ត្រូវ​យក​ការណ៍​នេះ​មក​ពិចារណា​ផង​ដែរ​ដើម្បី​ឱ្យ​យើង​អាច​ដឹង​ថា​ការ​ប្រជុំ​ក្នុង​ខែ​វិច្ឆិកា​មិន​មែន​ជា​ការ​ប្រជុំ​ខាង​បច្ចេកទេស​ទេ​ ពីព្រោះ​វា​មិន​មែន​ជា​សេចក្តី​សម្រេច​ចិត្ត​ខាង​បច្ចេកទេស​ទេ​ វា​ជា​សេចក្តី​សម្រេច​ចិត្ត​ខាង​នយោបាយ​មួយ​ដែល​នឹង​រៀបចំ​ជា​ថ្មី​ទ្រង់ទ្រាយ​នយោបាយ​នៅ​ក្នុង​តំបន់​ពិសេស​នេះ​នៃ​ពិភពលោក​ដែល​ខ្ញុំ​និយាយ​ថាជា​តំបន់​តូច​មួយក៏​ប៉ុន្តែ​ជា​តំបន់​មាន​បញ្ហា​ខ្លាំង​ណាស់»។

ពួក​មន្ត្រី​រដ្ឋាភិបាល​យួន​និយាយ​ថា​មាន​កង្វល់​អំពី​ផល​ប៉ះពាល់​ទៅ​លើ​តំបន់​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ​ដែល​ជា​តំបន់​ដាំស្រូវ​។​ពួក​មន្ត្រី​យួន​ទាំង​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្អាក់​ការ​ស្ថាបនា​សិន​រហូត​ដល់​ពេល​ណា​គេ​បាន​យល់​អំពី ​ផល​ប៉ះពាល់​ទាំង​ស្រុង​នៃ​ទំនប់​ទឹក​ទាំង​អស់​នេះ​សិន។

លោក​ Nguyen Huu Tien ជា​អ្នកក្សេត្រវិទ្យា​ម្នាក់​និង​ជា​អ្នក​ជំនាញការ​ខាង​ដីសើម​មក​ពី​ ខែត្រ​Can Tho ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។​លោក​ព្រួយ​បារម្ភ​ថា​ទំនប់ទឹក​ទាំង​នេះ​ដាក់​ឱ្យ​មាន​ការ​គំរាម​កំហែង​ធំ​មួយ​ដល់​ ecologie និង​បរិដ្ឋាន​នៃ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ។

«ដោយ​ផ្ទាល់​ខ្លួន​ ខ្ញុំ​យល់​ថា​ការគំរាម​កំហែងពី​ទំនប់​ទឹក​ទាំង​នេះ​ជា​ការ​គំរាម​កំហែង​ធំបំផុត​មួយដល់​តំបន់​ដី​សណ្ត​នៃ​ទន្លេមេគង្គ​នៅ​ក្នុង​ប្រវត្តិ​ទាំងស្រុង​របស់​ផង​ខ្លួន។​ការខាតបង់​សំខាន់ៗ​មាន​រួម​បញ្ចូល​ការ​ខាត​បង់​ដី​ល្បប់និង​ការ​ខាតបង់​ត្រី»។

តំបន់​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ​ផលិត​ពាក់​កណ្តាល​នៃ​ផលិតផល​ម្ហូបអាហាររបស់​ប្រទេស​វៀតណាម​និង​៩០​ភាគរយ​នៃ​ការ​ដឹកជញ្ជូន​អង្ករ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។ឧស្សាហកម្ម​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​ដី​សណ្ត​នេះ​ក៏​ជា​ការ​ធ្វើ​វិភាគទាន​ធំ​មួយ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG