ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​​តែងតាំង​មន្ដ្រី​​ចំនួន​បីរូប​ រួម​ទាំង​ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ


សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​ធ្វើការ​តែងតាំង​មន្ដ្រី​ផ្លូវការ​ចំនួន​បីរូប​ខាង​ភាគី​កម្ពុជា​ ​នៅ​ក្នុង​អំឡុង​ដើម​ខែក្រោយ​នេះ។​ នៅក្នុង​នោះ​នឹង​មាន​ការ​តែងតាំង​ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ​ផង​ដែរ។

សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​តែងតាំង​ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ​នៅ​ក្នុង​អំឡុង​ដើម​ខែ​កញ្ញាខាង​មុខ​ដើម្បី​ជួយ​ជំរុញ​ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​០០២​ ​នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​មន្ដ្រី​ដែល​ស្និទ្ធ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម។

បច្ចុប្បន្ន​ ​ផែ្នក​គាំពារ​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ដឹកនាំ​ដោយ​លោក​រោង ឈង​ ​ដែល​ជា​ប្រធាន​ស្ដីទី។

ប្រភព​ដដែល​ ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​ដ៏​ឆាប់​បំផុត​នេះ​ ​សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​ធ្វើការ​តែង​តាំង​លោករោង ឈង​ជា​កញ្ចប់​ដំណាល​គ្នា​ជាមួយ​នឹង​ការ​តែងតាំង​សហ​មេធាវី​នាំ​មុខ​ខាង​ភាគី​កម្ពុជា​ ​សម្រាប់​ចូលរួម​តតាំង​ក្ដី​នៅ​ក្នុង​ការ​កាត់ទោស​ក្នុង​សំណុំ​រឿង​ ០០២​ ​ជំនួស​ឲ្យ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ ​ហើយ​ជាមួយ​គ្នា​នោះ​ ​ក៏​នឹង​មាន​ការ​តែង​តាំង​អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វផ្សាយ​របស់​ផ្នែក​គាំពារ​ជន​រងគ្រោះ​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា​ ​លោក​អ៊ឹម សុភា​ ​អតីត​នាយក​រង​មជ្ឈ​មណ្ឌល​អភិវឌ្ឈន៍​សង្គម​ ​និង​ជា​អតីតសហនាយកមជ្ឈមណ្ឌលដើម្បី​យុត្តិធម៌និង​ការ​ផ្សះផ្សារ​ ​នឹង​ត្រូវ​តែងតាំង​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វ​ផ្សាយ​របស់​ផ្នែក​គាំពារ​ជន​រងគ្រោះ​នេះ។ ​រីឯ​លោក​ពេជ្រ អង់​ ​បច្ចុប្បន្ន​ជា​មេធាវី​តំណាង​ឲ្យ​ដើម​ បណ្ដឹង​រដ្ឋ​ប្បវេណី​របស់​សាលាក្ដី​ខ្មែរក្រហម​ ​នឹង​ត្រូវ​តែង​តាំង​ជា​សហ​មេធាវី​នាំ​មុខ​ខាង​ភាគី​កម្ពុជា។

សហ​មេធាវី​នាំមុខនឹង​មាន​ចំនួន​ពីរ​រូប ​គឺមួយ​រូប​មក​ពី​ភាគី​អង្គការ​សហ​ប្រជាជាតិ​ និង​មួយ​រូប​ទៀត​មក​ពី​ខាង​ភាគី​កម្ពុជា។

ទោះ​ជា​យ៉ាងណា​ ​លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារនេះ​ថា​ ​លោក​មិន​បាន​ដឹង​អំពី​គម្រោង​ការ​នៃ​ការ​តែង​តាំង​នេះទេ​ ​ក៏​ប៉ុន្ដែ​លោក​រាជ សម្បត្តិ​លើក​ឡើង​ថា​ ​លោករោង ឈង​កំពុង​តែ​ដឹកនាំ​ផ្នែក​គាំពារ​ជន​រងគ្រោះ​នេះ។

«ប្រធាន​អង្គភាព​ជនរងគ្រោះ​មាន​ហើយ​ ​គឺ​លោក​រោង ឈង​ ​ប្រធាន​ស្ដីទី​រាល់ថ្ងៃ​នេះ។​ គាត់​កំពុង​ធ្វើ​កិច្ច​ការ​ហ្នឹង​ ​ហើយ​គាត់​កំពុង​ដឹកនាំ​ការ​ប្រជុំ​ជាមួយ​នឹង​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​នៅ​ខេត្ត​បាត់ដំបង»។

លោក​ហង្ស ឆាយា ​នាយក​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ ​ដែល​បាន​តាម​ឃ្លាំ​មើល​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​ ​មាន​ប្រសាសន៍​ថា​ ​ការ​តែងតាំង​លោក​រោង ឈង​ក្នុង​កញ្ចប់​តែមួយ​សម្រាប់​តំណែង​ជា​ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ​ ត្រូវ​បាន​លេច​ឮ​ក្នុង​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ ​ដែល​ធ្វើ​ការ​ជិត​ដិត​ជាមួយ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ។​ ប៉ុន្ដែ​លោក​ឆាយា​មាន​ប្រសាសន៍​ថា​ ​គួរ​តែ​មាន​ការប្រកាសជ្រើស​រើស​បេក្ខ​ជន​សម្រាប់​តំណែង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

«យើង​ទើប​តែ​ឮថ្មីៗ​នេះ​ថា​ ​តុលាការ​បាន​សម្រេច​តែងតាំង​លោក​រ៉ង ឈង​ ​ហើយ​ប្រកាស​តែ​ម្ដង។​ ប៉ុន្ដែ​យើង​នៅតែ​ទាមទារ​ថា​ ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​ការ​ជ្រើសរើស​ត្រឹមត្រូវ​ ​ហើយ​មាន​ការប្រកាស​ ឬ​ក៏​មធ្យោបាយ​ណាមួយ​ទៀត​ដែល​មាន​ការពេញ​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ព្រោះ​ការងារ​នេះ​សំខាន់​ ​ត្រូវការ​មាន​ជំនាញ​ខ្ពស់»។

លោក​រោង ឈង​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​បុគ្គលិក​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ​ហើយ​លោក​ក៏​ជា​មន្ដ្រី​ ជាន់​ខ្ពស់​នៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី​ផង​ដែរ។​ លោក​ចូល​កាន់​តំណែង​បន្ថែម​ជា​ប្រធាន​ស្ដីទី​ផ្នែក​គាំពារ​ជន​រងគ្រោះ​ជំនួស​លោកស្រី​ហេឡែន ចាវិស​ ​កាលពី​ដើម​ខែ​កក្កដា​ ​បន្ទាប់​ពី​លោកស្រីហេឡែន​ ចាវិស​បាន​សុំលាលែង​ពី​តំណែង​ដើម្បី​ចូល​និវត្តន៍​ ​ក្រោយ​ពី​មាន​ការ​ជំទាស់​ទៅ​លើ​លោក​ស្រី​ជា​ច្រើន​ ​ដោយ​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ។​ ផ្នែក​គាំពារ​ជន​រងគ្រោះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ដើម្បី​ឲ្យ​ជន​រងគ្រោះបាន​ចូល​រួម​ក្នុង​ដំណើរ​ការ​សាលាក្ដី។

លោក​ឡាត់ គី ​អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​មាន​ប្រសាសន៍​ថា​ ​ការ​កាន់​មុខងារ​ជាច្រើន​របស់​លោក​រោង ឈង​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ។

«កត្តា​ជាក់ស្ដែងគឺជា​រឿង​ចៀស​មិន​ផុត​ទេ។​ ​ប្រសិន​ណា​គាត់​មាន​ការងារ​ច្រើន​ ​ដូច្នេះ​ការ​គិត​គូរ​របស់​គាត់​ ​តើ​អាច​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​យ៉ាងម៉េច?»

កាល​ពី​ខែមុន​ ​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​សម្តែង​ ការ​ព្រួយ​បារម្ភ​អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​ជ្រើសរើស​ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ ​ក្រុម​អង្គការ​ដដែល​នេះបាន​បន្ថែម​ថា​ ​មាន​តែ​មន្រ្ដី​ជាន់​ខ្ពស់​ដែល​មាន​សមត្ថភាព​បំពេញ​តួនាទី​ពេញម៉ោង​ និង​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​ជន​រងគ្រោះ​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយបាន​ និង​ធ្វើការពេញ​លេញជាមួយ​នឹង​ជន​រងគ្រោះ​រាប់ពាន់​នាក់​ ​ដែល​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​សំណុំ​រឿង​០០២​នេះ។

ក៏ប៉ុន្ដែ​លោក​រាជ សម្បត្តិ​ ​ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​ ​អះអាងថា​ ​វា​នឹង​មិនមែន​ជា​កង្វល់​ទាក់ទង​នឹង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​រោង ឈង​នោះ​ទេ៕

XS
SM
MD
LG