សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថា ករណី០០៣និង០០៤មិនទាន់ចាប់ផ្តើមស៊ើបអង្កេតទេក្នុងពេលនេះ។ អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបានចាត់ទុកថា នេះ ជាការយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជា។
លោកគង់ សុឋានរិទ្ធ ជូនសេចក្តីរាយការណ៍ដូចតទៅ៖
សហចៅក្រមស៊ើបអង្កេតសញ្ជាតិបារំាងលោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បានអះអាង ថា សំណុំរឿងលេខ០០៣ និង ០០៤ ដ៏ចម្រូងចម្រាស់មិនអាចដំណើររការស៊ើបអង្កេតបានទេ ល្គិកណាសំណុំរឿងលេខ០០២ដ៏មានសារៈសំខាន់មិនទាន់ត្រូវបានបញ្ជូនទៅជំនុំជម្រះនោះ។ សហចៅក្រមស៊ើបអង្កេតរំពឹងថា ការបញ្ជូនសំណុំរឿងលេខ០០២ទៅជំនុំជម្រះ អាចនឹងធ្វើនៅក្នុងអំឡុងខែកញ្ញាឆ្នាំនេះ។
“ពុំមានជនសង្ស័យឋិតនៅក្រោមការស៊ើបអង្កេតមុនពេលដែលករណី០០២ត្រូវបានបញ្ជប់ទេ ពីព្រោះថា នេះគឺជាអទិភាពមួយក្នុងចំណោមអទិភាព ដែលត្រូវបំពេញសំណុំរឿងលេខ០០២ជាមុនសិន មុននឹងយើងអាចចាប់ផ្តើមធ្វើការស៊ើបអង្កេតថ្មី"។
លោកម៉ាកសែល ឡឺម៉ុងមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយVOA សំឡេងសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុន។
សាលាក្តីខ្មែរក្រហមគ្រោងនឹងចាប់ផ្តើមកាត់ទោសជនជាប់ចោទ នៅក្នុងសំណុំរឿងលេខ០០២នៅ ក្នុងអំឡុងដើមឆ្នាំ២០១១ ដែលមានជនជាប់ចោទ ដែលជាអតីតមេដឹកនាំកំពូលៗ ខ្មែរក្រហមចំនួន៤នាក់ គឺ នួន ជា ខៀវ សំផន អៀង សារី អៀង ធារិទ្ធ និងអាចមានឌុច ដែលជាអតីតប្រធានគុកទួលស្លែងផងដែរ។
ជនជាប់ចោទទាំងនេះត្រូវចោទប្រកាន់ទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ដែលបង្កឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន១,៧លាននាក់ស្លាប់បាត់បង់ជីវិត។
អតីតសហព្រះរាជអាជ្ញាលោក រ៉ូប៊ែ ប៉ឺទី (Robert Petit) បានស្នើឲ្យមានការស៊ើបអង្កេតជនសង្ស័យ ចំនួន៥នាក់ ជាបន្ថែមទៀត ដែលជាអតីតអ្នកទទួលខុសត្រូវខ្មែរក្រហមជាន់ខ្ពស់បំផុត។ ហើយ៣នាក់នៅក្នុងចំណោមនោះ ត្រូវចាត់ទុកនៅក្នុងសំណុំរឿងលេខ០០៣ និង២នាក់ ស្ថិតនៅក្នុងសំណុំរឿងលេខ០០៤។
ក៏ប៉ុន្តែសហព្រះរាជអាជ្ញាកម្ពុជា គឺលោកស្រីជា លាង និងលោកនាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែនបាន ជំទាស់ទៅនឹងសំណើនេះ ដោយចាត់ទុកថា គឺជារឿងមិនចាំបាច់ និង អាចបង្កឲ្យមានអសន្តិសុខសង្គម។
លោក ម៉ាកសែល ឡឺម៉ុង អះអាងថា សហចៅក្រមស៊ើបអង្កេតមិនមានជំហរផ្ទុយគ្នា ដូចសហព្រះរាជអាជ្ញានោះទេ ហើយការរៀបចំគណៈកម្មការស៊ើបអង្កេត និងចាប់ផ្តើមឡើង។
លោកម៉ាសែល ឡឺម៉ុង ប៉ាន់ប្រមាណថា ការកាត់ទោសនៅក្នុងសំណុំរឿងលេខ០០៣ និង០០៤ អាចនឹងប្រព្រឹត្តទៅក្នុងអំឡុង២ឆ្នាំទៀត។
កាលពីខែមេសា អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបានថ្លែងនៅក្នុងវេទិកាសាធារណៈ នៅក្នុង ស្រុកអន្លង់វែង ដែលរៀបចំដោយមជ្ឈមណ្ឌលយុត្តិធម៌ និងការផ្សះផ្សារ ដោយជំទាស់ទៅ នឹងការតាមចាប់ខ្លួនជនសង្ស័យជាបន្ថែមទៀត ហើយអតីតកម្មាភិបាលខ្មែរក្រហមទាំងនោះ បានព្រមានពីលទ្ធភាពអាចនឹងមានសង្រ្គាមស៊ីវិលកើតមានសារជាថ្មី។
ក៏ប៉ុន្តែសហចៅក្រមអន្តរជាតិ លោកម៉ាសែល ឡឺម៉ុងមានប្រសាសន៍ថា លោកមិនជឿថា អាចនឹង មានសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មី ដោយសារតែសកម្មភាពរបស់សាលាក្តីខ្មែរក្រហមនោះទេ។
ទោះជាយ៉ាងនេះក្តី លោកឡុង បញ្ញាវុធ ប្រធានគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការOSJI របស់សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការយឺតយាវនៅក្នុងការស៊ើបអង្កេតក្នុងសំណុំរឿងលេខ០០៣ និង០០៤ គឺជាគុណវិបត្តិរបស់សហចៅក្រមបរទេស។
“គាត់ភ្លេចថា សាលាក្តីខ្មែរក្រហមនេះគឺមានតែសហចៅក្រមស៊ើបអង្កេតតែមួយទេ នេះហើយគឺជាអ្វីដែលយើងយល់ឃើញថា ការខកខានរបស់ចៅក្រមបរទេសនៅក្នុងការធានាថា យុត្តិធម៌ត្រូវបានធ្វើឲ្យលឿនសម្រាប់ដល់ប្រជាជនកម្ពុជា"។
ក៏ប៉ុន្តែលោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា តុលាការគួរតែកាត់ទោសសំណុំរឿងលេខ០០២ឲ្យបានជោគជ័យជាមុនសិន ត្បិតសំណុំរឿងនេះ នឹងបើកកកាយនៅអង្គហេតុផ្សេងៗទៀត។ ម្យ៉ាងវិញទៀត គេនៅមិនទាន់ប្រាកដនៅឡើយថា សហចៅក្រមស៊ើបអង្កេតកម្ពុជា និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិមានជំហរស្របគ្នា ឬយ៉ាងណា នៅក្នុងការតាមចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងថ្មី គឺសំណុំរឿងលេខ០០៣ និង០០៤នោះ៕