សាលាក្ដីខ្មែរក្រហមបានបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃច័ន្ទនេះដើម្បីធ្វើវិសោធនកម្មវិធានផ្ទៃក្នុងមួយចំនួនសម្រាប់សម្រួលដល់ការចូលរួមរបស់ជនរងគ្រោះ ព្រមទាំងសម្រាប់ការផ្ដល់សំណងដល់ជនរងគ្រោះផងដែរ។
ក្រុមចៅក្រម និងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមជជែកពិភាក្សាគ្នានៅច័ន្ទនេះ ក្នុងកិច្ចប្រជុំពេញអង្គលើកទីប្រាំបី ប្រយោជន៍ដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃវិធានផ្ទៃក្នុងសម្រាប់សម្រួលដល់ការចូលរួមរបស់ជនរងគ្រោះ និងសម្រាប់ការផ្ដល់នូវសំណងដល់ជនរងគ្រោះនៅក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២។
លោកចៅក្រមគង់ ស្រ៊ីម ប្រធានអង្គប្រជុំពេញអង្គ មានប្រសាសន៍ក្នុងការបើកកិច្ចប្រជុំពេញអង្គលើកទីប្រាំបីថា ការធ្វើវិសោធនកម្មវិធានផ្ទៃក្នុងលើកនេះមានសារៈសំខាន់សម្រាប់ការកាត់ក្ដីក្នុងសំណុំរឿង០០២។ សំណុំរឿងនេះមានជនជាប់ចោទសុទ្ធសឹងជាមេដឹកនាំកំពូលៗខ្មែរក្រហម ហើយនឹងត្រូវឈានដល់ការបើកសវនាការនៅដើមឆ្នាំ ២០១១។
“វិសោធនកម្មនេះគឺមានលក្ខណៈចាំបាច់ក្នុងការធានាបាននូវសមត្ថភាព អ.វ.ត.ក. (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) ក្នុងការចាត់ចែងដោះស្រាយចំពោះពាក្យបណ្ដឹងរបស់ដើមបណ្ដឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង០០២ ដោយហេតុថា សំណុំរឿងនេះមានអ្នកដាក់ពាក្យបណ្ដឹងយ៉ាងច្រើន ហើយមានលក្ខណៈ ស្មុគស្មាញទៀតផង"។
ដោយឡែក លោកចៅក្រមម៉ូទូ ណូហ្គូជី (Motoo Noguchi) អនុប្រធានស្ដីទីនៃកិច្ចប្រជុំពេញអង្គ មានប្រសាសន៍ថា ការពិភាក្សាគ្នារយៈពេលប្រាំថ្ងៃនេះនឹងបង្កើតឲ្យមានប្រព័ន្ធនៃការផ្ដល់សំណងដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធិភាព។
“កិច្ចពិភាក្សាភាគច្រើននៅក្នុងសប្ដាហ៍នេះនឹងផ្ដោតទៅលើការធ្វើវិសោធនកម្មនៃវិធានផ្ទៃក្នុងទាក់ទងនឹងការចូលរួមរបស់ជនរងគ្រោះ និងការផ្ដល់ជាសំណងសម្រាប់ជនរងគ្រោះ។ ជាពិសេសគឺធ្វើការកែសម្រួលប្រព័ន្ធផ្ដល់សំណងសព្វថ្ងៃនេះ ឲ្យមានអត្ថន័យជាងមុននិងមានប្រសិទ្ធិភាពជាងមុនសម្រាប់ផ្ដល់ផលប្រយោជន៍ពិតប្រាកដ និងស្ថិតស្ថេរដល់ជនរងគ្រោះ "។
យោងតាមកម្មវិធីរបស់សាលាក្ដីខ្មែរក្រហម កិច្ចប្រជុំក៏នឹងលើកមកពិភាក្សាផងដែរអំពីតួនាទីមេធាវីនាំមុខសម្រាប់តំណាងឲ្យមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី។
នៅក្នុងសាលក្រមដែលបានផ្ដន្ទាទោសឌុចឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីចុងខែកក្កដា អង្គជំនុំជម្រះសាលាដំបូងមិនបានចែងអំពីការផ្ដល់សំណងដល់ជនរងគ្រោះនោះទេ ហើយប្រការនេះបានធ្វើឲ្យមានការមិនពេញចិត្តពីជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណី និងអង្គការសង្គមស៊ីវិល មួយចំនួនផងដែរ។
លោកធន សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្ស អាដហុក និងជាអ្នកសម្របសម្រួលគណកម្មាធិការប្រព្រឹត្តិកម្មនៃសមាគម និងអង្គការការពារសិទ្ធិមនុស្សចំនួន២៣បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញថា ក្រុមអង្គការសង្គមស៊ីវិលចង់ឲ្យផ្នែកគាំទ្រជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហមអាចធ្វើការរៃអង្គាសថវិកាពីមជ្ឈដ្ឋានផ្សេងៗសម្រាប់រៀបចំការផ្ដល់សំណងឲ្យជនរងគ្រោះ ហើយរដ្ឋាភិបាលខ្មែរក៏ត្រូវពិចារណាអនុវត្តសំណងមួយចំនួនដែលតុលាការយល់ថា សមស្របដែរ។ មួយវិញទៀត លោកធន សារ៉ាយបានលើកឡើងថា សង្គមស៊ីវិលចង់ឲ្យក្រុមចៅក្រម និងព្រះរាជអាជ្ញាចែងអំពីការផ្ដល់សិទ្ធិប្ដឹងឧទ្ធរណ៍របស់មេធាវីការពារជនរងគ្រោះ សម្រាប់ទាមទារសំណង។
“សិទ្ធិអំណាចក្នុងការប្ដឹងសារទុក្ខគឺថា មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីអាចមានសិទ្ធិនៅក្នុងការប្ដឹងសារទុក្ខទាក់ទងលើបញ្ហាសំណងនេះ"។
យោងតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម ការផ្ដល់សំណងសម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមគឺជាសំណងនិមិត្តរូប និងជាសមូហភាព ពោលគឺមិនមែនសំណងសម្រាប់បុគ្គលទេ៕