យ៉ាងតិចមានសត្វទាចំនួនបីក្បាលត្រូវបានរកឃើញថាមានផ្ទុកមេរោគផ្តាសាយបក្សី H5N1 បន្ទាប់ពីកុមារីម្នាក់បានស្លាប់ដោយសារជំងឺនេះកាលពីថ្ងៃទី២០កន្លងទៅនេះ។ នេះបើតាមការបញ្ចាក់របស់មន្រ្តីជំនាញបសុព្យាបាល។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា មន្ត្រីបសុព្យាបាលបានធ្វើសំណាកវិភាគលើសត្វទានៅក្នុងភូមិកុមារីរងគ្រោះហើយបានរកឃើញថាសត្វទាចំនួនបីក្បាលមានផ្ទុកជំងឺគ្រុនផ្តាសាយបក្សី។
លោកបានបញ្ជាក់ថា យ៉ាងតិចមានសត្វមាន់ទាចំនួនជិត៥០០ក្បាលនៅក្នុងភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ត្រូវបានសម្លាប់ ប៉ុន្តែពុំមានសំណងដល់កសិករទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ក្រុមការងារយើងនៅតែបន្តសង្កេតតាមដានឃ្លាំមើលក្នុងរយៈពេលមួយខែប្រសិនបើមានមាន់នៅក្នុងភូមិនោះមានចរាចរណ៍សត្វគឺយើងនៅអនុវត្តវិធានការណ៍ច្បាប់ដដែល»។
កាលពីថ្ងៃទី២០ខែកក្កដាកន្លងទៅនេះកុមារីម្នាក់អាយុ៤ឆ្នាំនៅស្រុកមង្គលបុរីបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 រយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ។ ការស្លាប់បាត់បង់ជីវិតរបស់កុមារីនេះបានធ្វើឲ្យករណីជំងឺគ្រុនផ្តាសាយបក្សីបានកើនឡើងដល់១៧ករណីដែលក្នុងនោះមានអ្នកស្លាប់ចំនួន១៥នាក់ចាប់តាំងពីជំងឺនេះបានផ្ទុះកាលពីខែមករាឆ្នាំ២០០៥។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបាននិយាយថា ក្រសួងបានធ្វើតេស្តឈាមលើមនុស្សចំនួនជិត២០នៅក្នុងភូមិដែលកុមារីរងគ្រោះរស់នៅក៏ប៉ុន្តែពុំបានរកឃើញថាមានមេរោគនៃជំងឺនេះឆ្លងទៅមនុស្សទេ។ ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ថា ក្រសួងនៅបន្តតាមដានជំងឺគ្រុនផ្តាសាយបក្សីនេះតទៅទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«គ្រាន់តែដើមឆ្នាំពីខែមករារហូតដល់ខែកក្កដា យើងមានប្រាំពីរករណី ហើយភាគច្រើនជាកុមារានិងកុមារី។ ដូច្នេះក្រសួងសុខាភិបាលបានធ្វើការបណ្តុះបណ្តាលឡើងវិញដល់អ្នកស្ម័គ្រចិត្តភូមិ គ្រូពេទ្យទាំងអស់ទូទាំងប្រទេសឲ្យស្គាល់ពីរោគសញ្ញានិងករណីសង្ស័យជំងឺផ្តាសាយបក្សី»។
លោកលី សុវណ្ណ បានមានប្រសាន៍ទៀតថា សម្រាប់គ្រូពេទ្យទាំងសេវាឯកជន និងរដ្ឋ នៅពេលណាមានអ្នកជំងឺផ្លូវដង្ហើម សុំឲ្យសាកសួរពីប្រវត្តិនៃការប៉ះពាល់ជាមួយសត្វបក្សី ហើយសម្រាប់ពលរដ្ឋពេលណាមានកម្តៅលើសពី៣៨អង្សា ឈឺក ឬក៏ហត់ សូមទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
អង្កការសុខភាពពិភពលោកបានឲ្យដឹងថា ចាប់តាំងពីជំងឺគ្រុនផ្តាសាយបក្សីបានផ្ទុះឡើងកាលពីឆ្នាំ២០០៣ ជំងឺនេះបានសម្លាប់មនុស្សចំនួន៣២០នាក់ក្រុងចំណោម១២ប្រទេស៕