វ៉ាស៊ីនតោន៖ ការបញ្ចប់ការកាត់ទោសមួយវគ្គក្នុងករណីអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានគេមើលឃើញថា ជាគំរូល្អដែលប្រព័ន្ធយុត្តិធម៌ខ្មែរគួររៀនសូត្រតាម។
ក្រុមអ្នកតាមដានសាលាក្តីខ្មែរក្រហមនិងក្រុមអ្នកច្បាប់កម្ពុជាមើលឃើញថា ដំណើរការកាត់ក្តីអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច គឺជាគំរូល្អមួយដល់ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានក្រើនរំឭកថា គេនៅត្រូវការពេលវេលាជាច្រើនទៀតមុននឹងប្រព័ន្ធតុលាការកម្ពុជាអាចដើរដល់ចំណុចស្តង់ដារអន្តរជាតិបែបនេះបាន។
ក្រោយពីបានដំណើរការសវនាការអស់រយៈពេល៧៧ថ្ងៃ ដោយមានសាក្សីជាង៣០នាក់ចូលរួមផ្តល់សក្ខីកម្ម ក្នុងនោះមានអតីតជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រាវជ្រាវនានា ព្រមទាំងចំណាយពេលសម្រាក ពិចារណា និងសរសេរសាលក្រមអស់រយៈពេល៧ខែមកនោះ សាលាក្តីខ្មែរក្រហមបានប្រកាសកាលពីថ្ងៃទី២៦ ខែកក្កដា សម្រេចថា ឌុចពិតជាមានពិរុទ្ធភាពចំពោះការធ្វើឱ្យស្លាប់បាត់បង់ជីវិតអ្នកទោសជាង១២.០០០នាក់ ក្រោមការគ្រប់គ្រងរបស់គាត់ពីឆ្នាំ១៩៧៥ដល់១៩៧៩ ហើយបានដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។
បើទោះបីជាទោសទណ្ឌរបស់ឌុចត្រូវបានកាត់បន្ថយមកនៅត្រឹម១៩ឆ្នាំក៏ដោយ សម្រាប់សាលាក្តីខ្មែរក្រហមនេះគឺជាជោគជ័យដ៏ធំមួយ ហើយចាត់ទុកថា វាជាគំរូ មិនមែនគ្រាន់តែដល់តុលាការខ្មែរទេ ប៉ុន្តែដល់ប្រទេសដទៃទៀតដែលកំពុងតែដោះស្រាយបញ្ហាឧក្រិដ្ឋកម្មធំៗផងដែរ។
លោករាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានបញ្ជាក់ប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា៖
“បើយើងនិយាយពីតម្លៃនៃសាលក្រមនេះ មិនមែនតែសម្រាប់ការជួយកែលម្អប្រព័ន្ធយុត្តិធម៌ ឬក៏ដំណើរការនៃកំណែទម្រង់ផ្នែកច្បាប់នៅកម្ពុជាទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល ពីព្រោះសព្វថ្ងៃនេះគឺមានតុលាការចំនួន៦ ដែលមានលក្ខណៈស្រដៀងយើងអញ្ចឹងដែរ ប៉ុន្តែខុសគ្នាត្រង់តុលាការអង្គជំនុំជម្រះវិសាមញ្ញហ្នឹងគឺធ្វើឡើងនៅក្នុងប្រទេសដែលមានឧក្រិដ្ឋកម្មកើតឡើង”។
តាំងពីចាប់ផ្តើមដំណើរការតុលាការមក ក្រុមអ្នកតាមដានបានដាក់ក្តីសង្ឃឹមជាច្រើនលើតុលាការមួយនេះ ក្នុងនោះក្រៅពីការជួយស្វែងរកយុត្តិធម៌ និងការផ្សះផ្សាររបួសផ្លូវចិត្តដើម្បីបិទទំព័រខ្មៅ មួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ក៏មានការរំពឹងថា អាចផ្តល់ជាគំរូមួយដល់ប្រព័ន្ធយុត្តិធម៌កម្ពុជា បើទោះជាម្តងម្កាលតុលាការនេះត្រូវបានគេមើលឃើញថា មានការលូកដៃពីអ្នកនយោបាយក្នុងដំណើរការស៊ើបអង្កេតរឿងក្តីក៏ដោយ។
ដោយមើលហួសពីកម្រិតទោសទណ្ឌដែលឌុចត្រូវទទួល ក្រុមអ្នកច្បាប់កម្ពុជាយល់ឃើញថា ការកាត់ក្តីនេះជាសញ្ញាបង្ហាញថា អ្នកដែលប្រព្រឹត្តល្មើស គឺមិនអាចរួចខ្លួនពីការទទួលខុសត្រូវចំពោះអំពើពីអតីតកាលរបស់ខ្លួនបានឡើយ ហើយក្រៅពីនោះ វាបានផ្តល់ជាមេរៀនមួយដែលប្រព័ន្ធច្បាប់កម្ពុជាអាចរៀនសូត្រដើម្បីយកមកកែលម្អការងាររបស់ខ្លួនបាន។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានប្រាប់ វីអូអេថា មានចំណុចច្រើនណាស់ ដែលដំណើរការកាត់ក្តីឌុចបានផ្តល់ជាមេរៀន គឺរាប់តាំងពីការស្វែងរកតំណាងការពារជនជាប់ចោទ រហូតដល់ការបញ្ចេញមតិរបស់ចៅក្រម ទាំងក្នុងពេលកាត់ក្តីរហូតដល់ពេលចេញសាលក្រម។
“យើងឃើញចំណុចច្រើនដែលយើងយល់ថា ជាចំណុចល្អ ហើយយកជាគំរូបានដែរ។ ទីមួយយើងឃើញការសរសេរសាលក្រមខុសពីការសរសេរសាលក្រមនៃតុលាការធម្មតា ដែលការសរសេរសាលក្រមនៃតុលាការអង្គជំនុំជម្រះវិសាមញ្ញគឺមានតម្លាភាព ហើយមានមូលដ្ឋានច្បាស់លាស់ ហើយចៅក្រមដែលមានទស្សនៈខុសពីមតិភាគច្រើនគឺគេមានសិទ្ធិសរសេរពីយោបល់របស់គេ ដាក់ភ្ជាប់ជាមួយនឹងសាលក្រមនោះដែរ។ ដូច្នេះនេះជាគំរូមួយដែលតុលាការយើងធម្មតា យើងមិនអាចធ្វើអញ្ចឹងបានទេ...គឺថា យ៉ាងហោចណាស់ចៅក្រមមុននឹងធ្វើសេចក្តីសម្រេចណាមួយគាត់ត្រូវមានមូលហេតុយ៉ាងច្បាស់លាស់ ទាំងនៅលើផ្លូវច្បាប់ ទាំងនៅលើអង្គហេតុអ្វីផ្សេងៗ។ នេះម៉្យាង ហើយម៉្យាងទៀត កន្លងមក យើងមិនដែលឃើញមតិខុសពីចៅក្រមផ្សេងទេ។ យើងមើលឃើញថា សឹងតែគ្រប់សេចក្តីសម្រេចទាំងអស់គឺចៅក្រមត្រូវតែមានសំឡេងដូចគ្នា ហើយកន្លងមកច្រើនតែលាក់ការណ៍សម្ងាត់”។
ចំណែកលោក ជីវ សុងហាក់ ប្រធានគណៈមេធាវីកម្ពុជា ក៏បានយល់ស្របផងដែរថា ដំណើរការកាត់ក្តីឌុចដែលបានបញ្ចប់មួយវគ្គនេះ អាចយកជាគំរូសម្រាប់តុលាការកម្ពុជារៀនសូត្របាន ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា មានបញ្ហាមួយចំនួនដែលអាចរារាំងតុលាការកម្ពុជាក្នុងការឈានទៅដល់កម្រិតល្អបែបនេះបាន។ ក្នុងនោះ មានដូចជាកត្តាសម្ភារៈ ថវិកា ធនធានមនុស្ស និងសមត្ថភាពរបស់អ្នកអនុវត្តច្បាប់ដែលកម្ពុជានៅតែខ្វះខាតនៅឡើយ ថ្វីបើមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលកម្ពុជាក៏ដោយ។
“ទោះជាយ៉ាងណា យើងជឿថា វាមិនទាន់អាចធ្វើបានដូចសាលាក្តីខ្មែរក្រហមទេ ព្រោះសាលាក្តី ខ្មែរក្រហមមានថវិកាដំណើរការអស់ច្រើនលានណាស់ ហើយតុលាការជាតិយើងគ្មានថវិកាគ្រប់គ្រាន់សម្រាប់រៀបចំសម្ភារៈ ធនធានឱ្យបានដូចសាលាក្តីខ្មែរក្រហមទេ"។
ជាប្រតិកម្មលើកដំបូង បន្ទាប់ពីសាលក្រមរបស់ឌុចបានចេញជាងមួយសប្តាហ៍ លោកហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការស្វាគមន៍ចំពោះលទ្ធផលនៃការកាត់ទោសនេះ ហើយបានទាត់ចោលនូវការសង្ស័យណាមួយថា មានការជ្រៀតជ្រែកផ្នែកនយោបាយ។
“រឿងសាលក្រមកាត់ទោសឌុចនេះ ខ្ញុំគោរពសាលក្រមរបស់តុលាការ។ ការសម្រេចរបស់តុលាការយ៉ាងណាគឺអាស្រ័យទៅលើតុលាការ។ រាជរដ្ឋាភិបាលគ្មានសិទ្ធិជ្រៀតជ្រែក ឬដាក់ការបង្ខំណាមួយទៅលើតុលាការទេ”។
ប្រព័ន្ធតុលាការខ្មែរត្រូវបានគេមើលឃើញថា ជាប់ប្រឡាក់ប្រឡូសទៅដោយអំពើពុករលួយ មានមន្ត្រីអសមត្ថភាព និងទទួលរងឥទ្ធិពលនយោបាយ ហើយការយកមកអនុវត្តឱ្យបានស្រដៀងទៅហ្នឹងសាលាក្តីខ្មែរក្រហមត្រូវអ្នកតាមដានដំណើរការសាលាក្តីខ្មែរក្រហម និងប្រព័ន្ធតុលាការកម្ពុជាដាក់ទម្ងន់ធ្ងន់ទៅលើឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការងារទៅតាម បទដ្ឋានអន្តរជាតិ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា៖ «ទីមួយ យើងត្រូវឱ្យមានឆន្ទៈ គឺឆន្ទៈនយោបាយ ចង់ធ្វើមែន ចង់បានតុលាការមួយដែលសំខាន់ណាស់ តែពេលណាគេនិយាយពាក្យថា តុលាការគឺទីមួយ គឺត្រូវឯករាជ្យ ឱ្យឯករាជ្យនេះមិនមែនមានន័យថា ចេះតែធ្វើម្នាក់ឯងផ្តេសផ្តាសទេ។ ឯករាជ្យមានន័យថា មិនទទួលបញ្ជាពីស្ថាប័នណាទាំងអស់ បានន័យថាស្ថាប័នរដ្ឋាភិបាលកាន់អំណាចក្នុងប្រទេសក៏មិនទទួលឥទ្ធិពលដែរ គឺបានន័យថា ធ្វើអ្វីៗតាមតែច្បាប់ ហើយឥទ្ធិពលមួយទៀតគឺឥទ្ធិពលថវិកា។ ទោះបីជាមានអ្នកណាគេមានថវិកាច្រើនអីទៅ ក៏តុលាការអត់ត្រូវគិតគូរថា អ្នកនេះមានឋានៈខ្ពស់ អ្នកនេះមានថវិកាច្រើន គឺអត់អញ្ចឹងទេ គិតតែច្បាប់មកធ្វើជាធំ”។
លោកស្រីបានបន្ថែមថា តុលាការខ្មែរត្រូវសង្កេតរៀនសូត្រពីសាលាក្តីខ្មែរក្រហម ចាប់តាំងពីរបៀបដែលសាលាក្តីធ្វើការស៊ើបអង្កេត របៀបសួរជនជាប់ចោទ ការស្វែងរកសក្ខីកម្មពីសាក្សី ពេលវេលាដែលត្រូវទុកឱ្យព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋាន សិទ្ធិមេធាវីជនជាប់ចោទ និងសិទ្ធិជនជាប់ចោទជាដើម ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធអស់ចិត្ត។
ឯកសារទាំងអស់នៃអង្គជំនុំជម្រះវិសាមញ្ញមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន ដែលមានដូចជាកាសែត វិទ្យុ និងទូរទស្សន៍ និងប្រព័ន្ធអ៊ិនធឺណិតជាដើម ដែលមិនត្រឹមតែអ្នកច្បាប់ទេ គឺសាធារណជនអាចតាមដាន និងសិក្សាបាន នេះបើតាមការអះអាងរបស់លោករាជ សម្បត្តិ។
“អញ្ចឹងបងប្អូនដែលជាប្រជាជនកម្ពុជាក្តី ជាប្រជាជនអន្តរជាតិក្តីដែលមានបំណងចង់ដឹង ចង់ស្វែងយល់ពីតុលាការ ហើយពួកគាត់មានជំនាញខាងNew Media គឺប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យទំនើប។ គាត់អាចស្វែងយករូបភាព វីដែអូ ហើយគាត់អាចស្វែងរករូបថត ហើយពួកគាត់អាចទាញយក ដូចជាសាលក្រមឌុចដោយផ្ទាល់ ចេញពីគេហទំព័ររបស់សាលាក្តី ដែលមានអាស័យដ្ឋានតាមគេហទំព័រ www.eccc.gov.kh»។
ទោះបីជាយ៉ាងណាក៏ដោយ ការចេញសាលក្រមឌុចត្រូវបានប្រទេសផ្តល់ជំនួយធំៗ ដូចជាសហរដ្ឋអាមេរិក បារាំង ជប៉ុន និងសហភាពអឺរ៉ុបជាដើម បានស្វាគមន៍ព្រមគ្នា ហើយចាត់ទុកថា “ការកាត់សេចក្តីនេះក៏ជាការចាប់ផ្តើមអនុវត្តច្បាប់អន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ” និង“ការលើកតម្កើងស្តង់ដារយុត្តិធម៌អន្តរជាតិនិងការអនុវត្តតាមនីតិវិធីច្បាប់"៕