ក្រុមមេធាវីការពារក្ដីឲ្យឌុច បានសំអាងនៅថ្ងៃចន្ទ័នេះថា កូនក្ដីរបស់ខ្លួនមិនមែនជាមេដឹកនាំជាន់ខ្ពស់ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ។ ម្យ៉ាងវិញទៀត ក្រុមមេធាវីការពារក្ដីបានទាមទារឲ្យអង្គជំនុំជម្រះតុលាការកំពូលដោះលែង ឌុច ឲ្យមានសេរីភាពឡើងវិញ។
លោកកា សាវុធ សហមេធាវីការពារក្ដីឲ្យឌុច បានលើកយកមកបង្ហាញនៅក្នុងសវនាការថ្ងៃទី១ ក្នុងចំណោមសវនាការចំនួនបីថ្ងៃរបស់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមដើម្បីសម្រេចលើបណ្ដឹងឧទ្ធរណ៍ករណីឌុចថា ដោយសារតែឌុចមិនស្ថិតក្នុងចំណោមមនុស្សពីរប្រភេទខាងលើ ឌុចមិនស្ថិតនៅក្នុងយុត្តាធិការសម្រាប់ការកាត់ទោសនេះទេ។ លោក កា សាវុធ ថ្លែងថា៖
«ទុកសាលក្រមក្នុងសំណុំរឿង០០១ ជាមោឃៈ និងដោះលែង កាំង ហ្គិចអ៊ាវ ហៅ ឌុច ឲ្យមានសេរីភាពឡើងវិញ។ ទីពីរខ្ញុំសុំឲ្យកំណត់ថា ការឃុំខ្លួនកាំង ហ្គិចអ៊ាវ ហៅ ឌុច ជាកិច្ចការថែរក្សាការពារសាក្សីមានសក្ដានុពលសម្រាប់ចង្អុលបង្ហាញអំពីមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែងតែប៉ុណ្ណោះ»។
លោកកា សាវុធ មានសំអាងលើមូលដ្ឋានច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមនីតិវិធីព្រហ្មទណ្ឌកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបង្កើតសាលាក្តីខ្មែរក្រហមជាគោលសម្រាប់បង្ហាញថា កូនក្តីរបស់លោកស្ថិតនៅក្រៅរង្វង់សមត្ថកិច្ច គួរយកមកកាត់ទោស។ លោក កា សាវុធ ក៏បានអះអាងដែរថា ឌុចមិនមែនជាបុគ្គល ដែលស្ថិតនៅក្នុងចំណោមមនុស្សបួនក្រុម ដែលត្រូវតែងតាំងដោយសមាជិកគណបក្សកុម្មុនីស្តរបស់របបកម្ពុជាប្រជាធិបតេយ្យដើម្បីមានសិទ្ធិចាប់ចង និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ។
ឌុច ត្រូវតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការប្រព្រឹត្តទារុណកម្ម និងមនុស្សឃាដ។ ឌុចត្រូវបានចោទថា ទទួលខុសត្រូវចំពោះការស្លាប់អ្នកទោសនៅគុកទួលស្លែងយ៉ាងតិច១២.៣៨០នាក់។
អង្គជំនុំជម្រះសាលាដំបូងបានផ្តន្ទាទោសឌុច កាលពីខែកក្កដាឆ្នាំមុន ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ។ ក៏ប៉ុន្តែទោសនេះ ត្រូវកាត់កងនៅសល់ត្រឹមតែ១៩ឆ្នាំតែប៉ុណ្ណោះ។
សហព្រះរាជអាជ្ញាបានទាមទារឲ្យផ្តន្ទាទោសនៅក្នុងបណ្តឹងសារទុកឲ្យឌុចជាប់ពន្ធនាគារយ៉ាង តិចចំនួន៤៥ឆ្នាំ។
លោកស្រី ជា លៀង សហព្រះរាជអាជ្ញាកម្ពុជាលើកឡើងថា ឌុច មិនត្រូវចាត់ទុកជាសាក្សីសក្តានុពលនោះទេ។ លោកស្រី ជា លៀង មានប្រសាសន៍ថា៖
«ឌុច បានទទួលស្គាល់អំពីតួនាទី និងសិទ្ធិអំណាចរបស់ខ្លួន។ ជាពិសេសទទួលស្គាល់ចំពោះឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅមន្ទីរស២១ក្នុងនាមជាប្រធានមន្ទីរសន្តិសុខស២១។ ដូច្នេះឌុចត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តិឡើងក្នុងក្របខ័ណ្ឌមន្ទីរសន្តិសុខស២១»។
សូមបញ្ជាក់ថា សវនាការនៅថ្ងៃទី១ នៅក្នុងអង្គជំនុំជម្រះតុលាការកំពូលនេះ ផ្តោតទៅលើ យុត្តាធិការបុគ្គល ហើយគឺជាសវនាការដែលសួរដេញដោលទៅលើអង្គច្បាប់។
លោកនង ចាន់ផល ដែលត្រូវពួកខ្មែរក្រហមចាប់ខ្លួនយកមកដាក់គុកទួលស្លែង ជាមួយនឹងម្តាយ របស់លោក និងប្អូនៗរបស់លោកចំនួនបីនាក់ផ្សេងទៀតបានយំស្រែកនៅក្រៅបន្ទប់សវនាការបន្ទាប់ពី ការកាត់ទោសច្រើនម៉ោង ដោយទំនងជាលោកក្តុកក្តួលយ៉ាងខ្លាំងនៅពេលដែលឭក្រុមមេធាវីការពារក្តី ទាមទារឲ្យដោះលែង ឌុចនោះ។ ម្តាយរបស់ នង ចាន់ផល ត្រូវសម្លាប់នៅក្នុងគុកទួលស្លែងក្រោមការគ្រប់គ្រងរបស់ឌុច។ លោកនិយាយលាយជាមួយនឹងសំឡេងទ្រហោរយំយ៉ាងដូច្នេះថា៖
«ខ្ញុំនិយាយថា ឪពុកម្តាយខ្ញុំ គេបោចសក់ គេទាត់ធាក់ដួលលើឥដ្ឋនេះ គេអត់ជឿខ្ញុំទេ។ គេថា ខ្ញុំនិយាយក្លែងក្លាយ។ មកធ្វើអញ្ចឹងកាត់ទោសយូរៗ ចង់រួចខ្លួនបាត់ហើយ»។
នៅថ្ងៃអង្គារនេះ អង្គជំនុំជម្រះតុលាការកំពូល និងជជែកដេញដោលអំពីឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិដែលត្រូវចោទប្រកាន់ទៅលើឌុច៕